គៀវ៖ ប្រធានកប៉ាល់ដឹកទំនិញជនជាតិរុស្ស៊ីម្នាក់ ត្រូវបានតុលាការអ៊ុយក្រែន ចោទប្រកាន់ពីបទលួចដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់កសិករអ៊ុយក្រែន ជាង៥៤ ០០០តោន ចេញពីតំបន់រុស្ស៊ីកំពុងកាន់កាប់។ នេះបើយោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា និងភ្នាក់ងារសន្តិសុខអ៊ុយក្រែន ដែលបានប្រកាសអំពីរឿងនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
ប្រធានកប៉ាល់រូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភនីតិវិធីចេញចូលតំបន់ ដែលស្ថិតក្រោមការកាន់កាប់ ក្នុងចេតនាបំផ្លាញផលប្រយោជន៍របស់អ៊ុយក្រែន។
នេះជាលើកដំបូងហើយដែលការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានចាត់ទុកសកម្មភាពបែបនេះថា ជាករណីត្រូវចោទប្រកាន់ក្រោមបទ ឧក្រិដ្ឋកម្មសង្គ្រាម។
យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា កប៉ាល់បានដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួនពីរលើក ក្នុងអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅពេលកងទ័ពរុស្ស៊ី បានរឹបអូសយកគ្រាប់ធញ្ញជាតិទាំងនោះពីកសិករអ៊ុយក្រែន នៅតំបន់គ្រីមៀ (Crimea)។
ការដឹកជញ្ជូនទាំងពីរលើកនេះ មានបរិមាណប្រហែល២៧ ០០០តោន ក្នុងមួយលើក។ កប៉ាល់បានចាកចេញពីទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ឆ្ពោះទៅកាន់កំពង់ក្នុងប្រទេសស៊ីរី។
យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានឱ្យដឹងថា ប្រធានកប៉ាល់រូបនេះបានបញ្ជាពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលការអនុវត្តតាមបញ្ជាទាំងនោះត្រូវបានរំលោភលើបទប្បញ្ញត្តិមួយចំនួននៃអនុសញ្ញាទីក្រុងហ្សឺណែវ ជាពិសេសការហាមឃាត់ការលួចប្លន់ទ្រព្យសម្បត្តិពីតំបន់ ដែលស្ថិតក្រោមការកាន់កាប់។
ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែន បានធ្វើឱ្យផលិតផលកសិកម្មអ៊ុយក្រែន ប្រមាណ៣២លានតោន ដែលមានតម្លៃប្រហែល១០ពាន់លានដុល្លារ ប្រឈមនឹងហានិភ័យ។ នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន៕ (ផាន់ អាណា)







