ពូណេ៖ រដ្ឋបាលចំណីអាហារ និងឱសថនៃរដ្ឋមហារាស្ត្រ (Maharashtra) ប្រទេសឥណ្ឌា បានព្យួរអាជ្ញាបណ្ណគ្រឹះស្ថានធ្វើអាជីវកម្មចំណីអាហារល្បីៗ ចំនួន២៥កន្លែង រួមទាំងហាងភីហ្សា ដូមីណូ (Domino) ចំនួន៦សាខា និងអង្គភាពផលិតប្រេងឆា និងគ្រឿងទេសចំនួន៤កន្លែង ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបំពាននៅទូទាំងរដ្ឋ។
វិធានការនេះធ្វើឡើងបន្ទាប់ពីបានត្រួតពិនិត្យ រកឃើញបទល្មើសបំពានវិធានអនាម័យជាច្រើនករណី រួមមានកន្លាតរស់ ការចម្លងរោគតាមផ្សិត សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមិនស្អាត ការរក្សាទុកចំណីអាហារមិនត្រឹមត្រូវ និងការបែងចែកមិនដាច់ស្រេច រវាងអាហារបួស និងអាហារមានសាច់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។
រដ្ឋបាលចំណីអាហារ និងឱសថ ក៏បានរឹបអូសផលិតផលចំណីអាហារមានទម្ងន់ជិត១សែនគីឡូក្រាម ដែលសង្ស័យថា មានគុណភាពទាបជាងស្តង់ដារកំណត់ មានការលាយបន្លំ ឬមានស្លាកសញ្ញាមិនត្រឹមត្រូវ។ ផលិតផលទាំងនេះ មានតម្លៃសរុបប្រមាណជិត១លានដុល្លារ និងត្រូវបានរឹបអូសពីគ្រឹះស្ថានចំនួន៣៧ កន្លែង។
ផលិតផល ដែលត្រូវបានរឹបអូស រួមមាន ប្រេងឆា ម្សៅម្ទេស ម្សៅរមៀត គ្រាប់ស្លា ផ្លែឈើស្ងួត គ្រាប់សាគូ គ្រាប់ធញ្ញជាតិ ម្សៅតែ និងនំផ្អែម។
អាជ្ញាធរបានបញ្ជូនសំណាកផលិតផលទាំងនេះទៅមន្ទីរពិសោធន៍ ដើម្បីវិភាគលម្អិត។ ចំណែក វិធានការផ្លូវច្បាប់នឹងត្រូវអនុវត្តក្រោមច្បាប់ ស្តីពីសុវត្ថិភាព និងស្តង់ដារចំណីអាហារ។
ដោយឡែក នៅថ្ងៃទី១៤ និងទី១៥ ខែតុលា រដ្ឋបាលចំណីអាហារ និងឱសថបានបើកយុទ្ធនាការពិសេស ដើម្បីបង្ក្រាបផលិតផលចំណីអាហារហាមឃាត់។
អាជ្ញាធរឥណ្ឌា បានទទួលពាក្យបណ្តឹងព្រហ្មទណ្ឌ ចំនួន១០ករណី ពាក់ព័ន្ធនឹងជនសង្ស័យ១០នាក់ ចំណែកគ្រឹះស្ថានចំនួន៤កន្លែង ត្រូវបានបិទជាបណ្តោះអាសន្ន។
ចំណែករោងចក្រផលិតនំផ្អែមមួយកន្លែង នៅទីក្រុងមុំបៃ ក៏ត្រូវបានចេញសេចក្តីជូនដំណឹងឱ្យបិទដំណើរការ ដោយសារល្មើសច្បាប់ និងគ្មានអនាម័យ៕ (ផាន់ អាណា)







