វ៉ាស៊ីនតោន៖ ការស្រាវជ្រាវថ្មីមួយបានកំណត់អត្តសញ្ញាណសារធាតុគីមីយ៉ាងហោចណាស់៤៨៥ប្រភេទ ដែលប្រើប្រាស់ក្នុងផលិតផលថ្នាំសម្លាប់សត្វល្អិត នៅសហរដ្ឋអាម៉េរិក មានទំនាក់ទំនងនឹងជំងឺមហារីកសុដន់ ដែលបង្កើតជាសំណួរអំពីសុវត្ថិភាពចំណីអាហារ និងផលិតផលផ្សេងៗ នៅក្នុងសហរដ្ឋអាម៉េរិក។
ឯកសារស្រាវជ្រាវថ្មីនេះ ដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយអ្នកជំនាញ និងចុះផ្សាយក្នុងទស្សនាវដ្តី Environmental Health Perspectives ដែលជាទស្សនាវដ្តីវិទ្យាសាស្ត្រល្បីមួយរបស់សមាគមគីមីអាម៉េរិក (American Chemical Society) បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន ក្នុងប្រព័ន្ធគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅសហរដ្ឋអាម៉េរិក។
ការពិនិត្យនេះរួមបញ្ចូលទាំងសារធាតុសកម្ម ក្នុងថ្នាំសម្លាប់សត្វល្អិត និងសារធាតុរាប់រយប្រភេទ ដែលគេហៅថា «សារធាតុផ្សំអសកម្ម» (Inert Ingredients) ឬសារធាតុមិនសកម្ម ដែលជាទូទៅមិនត្រូវបានពិនិត្យពីសុវត្ថិភាពឱ្យបានហ្មត់ចត់នោះទេ។
ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាម៉េរិក ពិនិត្យតែលើហានិភ័យសុខភាពរបស់សារធាតុផ្សំនីមួយៗ ក្នុងថ្នាំសម្លាប់សត្វល្អិត ហើយមិនពិនិត្យលើរូបមន្តថ្នាំសម្លាប់សត្វល្អិតទាំងមូល ឬផលប៉ះពាល់ទៅនឹងថ្នាំសម្លាប់សត្វល្អិតជាច្រើនប្រភេទ ក្នុងពេលតែមួយនោះទេ។
សារធាតុគីមីទាំងនេះមិនត្រឹមតែមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត ដែលប្រើលើដំណាំប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុង ផលិតផលកម្ចាត់ចៃ ដែលគេប្រើសម្រាប់លាបលើស្បែកក្បាលកុមារ ក៏ដូចចាជីសម្លាប់ស្មៅនៅតាមផ្ទះ និងផលិតផលកម្ចាត់ចៃ និងនៅលើសត្វចិញ្ចឹម ផងដែរ។ ក្រៅពីមហារីកស្បែក មហារីកសុដន់ គឺជាជំងឺមហារីក ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាញឹកញាប់បំផុតនៅក្នុងសហរដ្ឋអាម៉េរិក។
បើយោងតាមសមាគមមហារីកអាម៉េរិក (American Cancer Society) បានឱ្យដឹងថា អត្រាកើតជំងឺមហារីកសុដន់ បានកើនឡើងជាមធ្យម១ភាគរយក្នុងមួយឆ្នាំ ហើយការកើនឡើងនេះមានល្បឿនលឿនជាងមុន ចំពោះស្ត្រីមានអាយុក្រោម ៥០ឆ្នាំ។
ការពិនិត្យលើថ្នាំសម្លាប់សត្វល្អិតនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវជាប្រព័ន្ធ ដើម្បីកំណត់ថា តើមនុស្សត្រូវបានប៉ះពាល់នឹងសារធាតុគីមី ដែលពាក់ព័ន្ធនឹងមហារីកសុដន់នៅទីណាខ្លះ ក្នុងវិស័យសេដ្ឋកិច្ច និងក្នុងជីវិតប្រចាំថ្ងៃ។
វិទ្យាស្ថាននេះបានកំណត់ឃើញសារធាតុប្រហែល៥០០ប្រភេទ នៅក្នុងផលិតផលប្រើប្រាស់ទូទៅ និង៤៦២ប្រភេទនៅក្នុងទឹកផឹក៕ (ផាន់ អាណា)










