តូក្យូ៖ ក្រសួងកសិកម្មជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០២៦ ផលិតកម្មស្រូវសម្រាប់បរិភោគនៅក្នុងប្រទេស ត្រូវបានព្យាករថា នឹងមានបរិមាណជាង៧,៤លានតោន ថយចុះបន្តិចបន្តួច បើធៀបនឹងផលិតកម្ម៧,៤៧ លានតោន កាលពីឆ្នាំមុន។
យោងតាមការវាយតម្លៃគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ផលិតកម្មស្រូវឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងថយចុះជាង៦០ ០០០តោន ដោយសាររដូវភ្លៀងធ្លាក់យឺតជាងមិន និងកង្វះពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់ការលូតលាស់ និងការប្រមូលផលស្រូវ។
ទោះជាយ៉ាងណា បរិមាណទិន្នផលស្រូវ ដែលបានព្យាករនេះ នៅតែជាកម្រិតខ្ពស់លំដាប់ទីពីរ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ហើយក៏ខ្ពស់ជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសយ៉ាងច្រើនផងដែរ។
កាលពីឆ្នាំ២០២៥ ផលិតកម្មស្រូវរបស់ជប៉ុន បានកើនលើស៧លានតោន ជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ។
ការព្យាករផលិតកម្មស្រូវឆ្នាំ២០២៦ ត្រូវបានគណនាផ្អែកលើទិន្នន័យប្រមូលផលជាក់ស្តែង និងការរាប់ទិន្នផលស្រូវ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលស្រូវប្រហែល ៦០ភាគរយ នៃផ្ទៃដីដាំដុះសរុបត្រូវបានប្រមូលផលរួចរាល់។
ក្រសួងកសិកម្មជប៉ុន គ្រោងនឹងចេញផ្សាយតួលេខវាយតម្លៃផលិតកម្មថ្មី ដែលគិតត្រឹមថ្ងៃទី២៥ ខែតុលា នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ តួលេខថ្មីនេះនឹងឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីផលប៉ះពាល់នៃអាកាសធាតុមិនអំណោយផល។
មន្ត្រីក្រសួងកសិកម្មជប៉ុន ម្នាក់បានលើកឡើងថា ផលិតកម្មស្រូវជាក់ស្តែងអាចទាបជាងការព្យាករបច្ចុប្បន្ន បន្ទាប់ពីគិតបញ្ចូលផលប៉ះពាល់នៃភ្លៀងធ្លាក់យឺតយ៉ាវ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា បរិមាណផ្គត់ផ្គង់ស្រូវទំនងជាមិនធ្លាក់ចុះតិចជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសឡើយ។
ទន្ទឹមនឹងនេះ ស្តុកអង្កររបស់វិស័យឯកជននៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយសារការបញ្ចេញអង្ករពីស្តុកបម្រុងរបស់រដ្ឋាភិបាល ចាប់តាំងពីខែមីនា ឆ្នាំ២០២៥ និងការកើនឡើងនៃផលិតកម្មស្រូវ។
កាលពីខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មជប៉ុន បានសម្រេចទិញអង្ករចំនួន២១០ ០០០តោនពីទីផ្សារមករក្សាទុកក្នុងឃ្លាំងវិញ ដើម្បីបំពេញស្តុកបម្រុងរបស់រដ្ឋាភិបាល។
ទោះជាមានវិធានការនេះក៏ដោយ តម្លៃអង្ករនៅតែបន្តធ្លាក់ចុះ ដែលធ្វើឱ្យក្រុមអ្នកផលិត និងអ្នកចែកចាយអង្ករ ស្នើសុំឱ្យរដ្ឋាភិបាលបង្កើនការទិញអង្ករពីទីផ្សារបន្ថែមទៀត៕ (ផាន់ អាណា)










