ប៉ារីស,ប្រទេសបារាំង៖ កម្ពុជារំពឹងថានឹងអាចទាក់ទាញបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មីនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ នាទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៦ ។
កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តលសម្រេច និងផលិតផលជាច្រើនទៀតត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនេះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា និងអ្នកចូលរមប្រមាណ៨០០០ មកពី១៣០ប្រទេស។
ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា “ដោយសារកសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជាឱកាស ដែលអាចឱ្យក្រុមហ៊ុន និងសហគ្រាសរបស់យើងបានភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀត ហើយយើងសង្កេតឃើញថា មានការចាប់អារម្មណ៍ច្រើនមកលើផលិតផលរបស់ខ្មែរយើងនាពេលនេះ”។
នៅសាលតាំងបង្ហាញ ឬពន្លាជាតិកម្ពុជា (Cambodia Pavilion) មានដាក់តាំងផលិតផលកសិ-កែច្នៃ ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើប ប្រព័ន្ធតាមដាន និងចីរភាពនៃផលិតកម្ម។
ពន្លាជាតិកម្ពុជា នេះត្រូវបានរៀបចំឡើងដោយមានការសហការពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលដៅជំរុញការនាំចេញផលិតផលរបស់ខ្មែរ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។
នេះជាលើកទីបីហើយ ដែលកម្ពុជាចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារមួយនេះ បន្ទាប់ពីបានចូលរួមលើកទីមួយ នៅឆ្នាំ២០១៤ និងលើកទីពីរ នៅឆ្នាំ ២០២៤៕
















