បាងកក៖ រដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនកាត់បន្ថយការនាំចេញស៊ុតពី៣០ ទៅ៥០ភាគរយ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីមេមាន់លង់ទឹកងាប់អស់ប្រមាណ៣លានក្បាល។
រដ្ឋាភិបាលថៃកំពុងប្រមែប្រមូលស៊ុតពីតំបន់ផ្សេងៗ ព្រមទាំងពន្យារអាយុមាន់ពងពី៨០សប្តាហ៍ ទៅ៨៥សប្តាហ៍ និងកំណត់តម្លៃស៊ុតនៅតាមសិដ្ឋានត្រឹម៤បាតក្នុងមួយគ្រាប់ ឬជិត៥០០រៀល។
នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ថៃ បានឱ្យដឹងថា មេមាន់ពងនៅតាមកសិដ្ឋានបានលង់ទឹកជំនន់ងាប់អស់ប្រមាណ៣លានក្បាល អណ្ដែតត្រៀបត្រាតាមទឹកហូរ។
នាយកដ្ឋានកំពុងប្រមែប្រមូលពងមាន់ពីតំបន់មិនលិចទឹក ដើម្បីចែកចាយស៊ុតមានទៅឱ្យអ្នកលក់រាយ។
យោងតាមក្រសួងមហាផ្ទៃថៃ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក មានទឹកជំនន់បានជន់ពន្លិចខេ៥១ ខេត្ត/ក្រុង រួមទាំងទីក្រុងបាងកក និងបានបណ្តាលឱ្យមនុស្ស៣១នាក់ស្លាប់។
ទីក្រុងបាងកកត្រូវបានប្រកាសជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ បន្ទាប់ពីទទួលរងភ្លៀងកម្រិតទឹកភ្លៀងធ្លាក់រហូតដល់៣២០មីលីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។
ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ តំបន់ភាគខាងកើត និងភាគកណ្តាលរបស់ថៃ រួមទាំង ទីក្រុងបាងកក រួមទាំងតំបន់មួយចំនួននៅភាគខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមថៃ៕ (ផាន់ អាណា)







