បាងកក៖ គ្រោះទឹកជំនន់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន បានធ្វើឱ្យប្រជាជនថៃជ្រួលច្របល់ ផ្អើលនាំគ្នាសម្រុកទិញទំនិញម្ហូបអាហារ បន្លែបង្ការ មកស្តុកទុករៀងៗខ្លួន ដោយសារភ័យពេក និងខ្លាចគ្មានអ្វីបរិភោគ។
នៅតាមបណ្តាហាង 7-Eleven ដែលជាបណ្តាញហាងលក់រាយដ៏ធំបំផុតរបស់ប្រទេសថៃ ស្ទើរលែងមានទំនិញប្រភេទម្ហូបអាហារ ឬបន្លែបង្ការ ដោយសារប្រជាជនថៃ បាននាំគ្នាសម្រុកទិញគ្រឿងឧបភោគ និងបរិភោគយកមកស្តុកទុកតែរៀងៗខ្លួន រួមទាំងអាហារស្រស់ និងអាហារក្រៀម និងភេសជ្ជៈផ្សេងៗ។
បុគ្គលិកធ្វើការនៅហាងទំនិញ កាលពីចុងសប្តាហ៍មុន បានប្រមែប្រមូលទំនិញលក់អស់គ្មានសល់ ព្រោះប្រជាជនថៃភ័យស្លន់ស្លោរ ខ្លាចគេទិញអស់មុន។
បុគ្គលិកបាននិយាយថា «មូលហេតុ គឺប្រហែលជាដោយសារមនុស្សភ័យនឹងទឹកជំនន់ ហើយខ្លាចអត់មានអ្វីហូប»។
ប្រជាជនថៃជាច្រើនបានសម្រុកចូលផ្សារ ដើម្បីទិញអង្ករ បន្លែបង្ការ និងអាហារកំប៉ុងមកស្តុកទុកតែរៀងៗខ្លួន ធ្វើឱ្យកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។
ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា បុគ្គលិកតាមហាងប្រឹងកុម្ម៉ង់ទំនិញចូល ប៉ុន្តែរកមិនគ្រប់ឡើយ ដោយសារអ្នកទិញភ័យថា កម្ពស់ទឹកជំនន់នៅតាមដងផ្លូវ អាចធ្វើឱ្យពួកគេចេញទៅណាលែងរួច។
នៅទីក្រុងបាងកកទទួលកម្រិតទឹកភ្លៀងលើសពី៣០០ មីលីម៉ែត្រ ដែលបានធ្វើឱ្យប្រឡាយ និងលូហៀរទឹកស្អុយមកលើថ្នល់ និងបណ្តាលឱ្យជន់លិចផ្ទះ និងហាងទំនិញ។
អាជ្ញាធរទីក្រុងបានប្រកាសថា ខណ្ឌទាំង៥០របស់ក្រុងបាងកក សុទ្ធតែជួបគ្រោះមហន្តរាយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់ ការកកស្ទះចរាចរណ៍ និងការរំខានដល់ជីវភាពប្រចាំថ្ងៃ ព្រមទាំងបង្កការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ និងទ្រព្យសម្បត្តិអ្នកក្រុងបាងកក៕ (ផាន់ អាណា)










