ភ្នំពេញ៖ ចាប់ពីចុងឆ្នាំ២០២៥ រហូតដល់ខែកញ្ញា ឆ្នាំ២០២៦នេះ សារព័ត៌មានវៀតណាម បានចេញផ្សាយរឿងអាស្រូវជាហូរហែពាក់ព័ន្ធនឹងគុណភាព និងសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសវៀត ជាពិសេសតាមបណ្តាខេត្តក្បែរៗទីក្រុងហាណូយ។
រឿងអាស្រូវទាំងនោះ ភាគច្រើនជាប់ពាក់ព័ន្ធនឹងការប្រើសារធាតុគីមីហាមឃាត់នៅលើផលិតចំណីអាហារ ជាផលិតផលស្រស់ៗ មានបន្លែផ្លែឈើ ដូចជាសណ្តែកបណ្ដុះ ស្ពៃ ផ្លែទុរេន ផលិតសាច់ ដូចជាសាច់គោ សាច់ក្របី ឬសាច់ជ្រូកងាប់ដោយសារជំងឺប៉េសជ្រូកជាដើម។
យោងតាមសារព័ត៌តវៀតណាម អំពើខុសច្បាប់បែបនោះប្រព្រឹត្តិដោយជនជាតិវៀតណាម មានមុខរបរជាពាណិជ្ជករ អាជីវករ កសិករ រហូតតារាល្បីល្បាញលើបណ្តាញទំនាក់ទំនងសង្គមថែមទៀត ហើយត្រូវសមត្ថកិច្ចវៀតណាមបង្ក្រាបបានជាបន្តបន្ទាប់។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សារព័ត៌មានវៀតណាម ឈ្មោះ ហ្សឹនជី (DANTRI) បានចេញផ្សាយអំពីតារាល្បីល្បាញលើហ្វេសប៊ុក និងពូកែខាងបរិភោគសាច់ឆ្កែអួតគេ ត្រូវនគរបាលវៀតណាមចាប់ខ្លួន ពីបទបំពាលច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហាររបស់វៀតណាម។
នគរបាលខេត្តឡៅកាយ (Lao Cai) មានព្រំប្រទល់ជាប្រទេសចិន បានចាប់ខ្លួនបុរសម្នាក់ វូ ហួងហាយ (Vu Hoang Hai) ដែលតែងតែលេចមុខលើគណនីហ្វេសប៊ុក ឈ្មោះ សាប៉ា ធីវី “Sapa TV” ពីបទឧក្រិដ្ឋក្លែងបន្លំអតិថិជន ដោយយកងៀតសាច់ក្របីឥណ្ឌាថា ជា”ងៀតសាច់ក្របីពិសេ” មកពីភូមិភាគពាយព្យនៃប្រទេសវៀតណាម ហើយលក់ក្នុងតម្លៃថោក ត្រឹមតែ ៦៥ ០០០ដុង ឬស្មើនឹង១០ ០០០រៀល ក្នុងមួយគីឡូក្រាម។
ចំណែកប្រពន្ធរបស់គាត់ គឺនាយកក្រុមហ៊ុនបោកប្រាសើលក់សាច់ក្របីខុសច្បាប់ ក៏ត្រូវតុលាការវៀតណាមចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារផងដែរ។
ករណីសាច់ក្របីនេះដែរ បណ្តាញព័ត៌មានវៀតណាម ចេញផ្សាយព្រោងព្រាតថា សាច់ក្របីនាំចូលពីប្រទេសឥណ្ឌា កំពុងបង្កើត «អព្ភូតហេតុក្រឡាប់ចាក់» នៅបណ្តាខេត្តក្បែរៗគ្នានោះ ក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសវៀតណាម។
ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥មក ជនសង្ស័យរូបនេះបានទិញសាច់ក្របីកកប្រហែល១៣០តោន ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ក្នុងតម្លៃប្រហែល៦សែនដុល្លារ ដើម្បីកែច្នៃជាងៀតសាច់គោ បានប្រហែល៦៥តោន ដោយលក់ក្នុងតម្លៃជាមធ្យម១៣ដុល្លារ ក្នុងមួយគីឡូក្រាម។
ក្រោយមកនៅក្នុងខែសីហា ឆ្នាំ២០២៥ នៅខេត្តភូថូ នគរបាលវៀតណាមក៏បានបង្ក្រាបករណីក្រុមហ៊ុនផលិតចំណីអាហារមួយទៀត ពីបទល្មើសដូចគ្នា បន្ទាប់ពីអាជ្ញាធរវៀតណាមរកឃើញរោងចក្រកែច្នែងៀតសាច់ក្របីរាប់រយតោន។
ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់សាច់ក្របី និងផលិតផលសាច់ធំជាងគេទៅកាន់ប្រទេសវៀតណាម ហើយសាច់ក្របីភាគច្រើន ត្រូវឈ្មួញវៀតណាមមួយចំនួន នៅក្នុងតំបន់ក្បែរៗទីក្រុងហាណៅយ កែច្នៃជាសាច់គោជប៉ុនផងដែរ។
នៅឆ្នាំ២០២៣ វៀតណាមបាននាំចូលសាច់ក្របីប្រហែលជាង១៣ម៉ឺនតោន។ នៅឆ្នាំ២០២៤ ជាង១៩ម៉ឺនតោន។ នៅឆ្នាំ២០២៥ ជិត១៩ម៉ឺនតោន ដែលមានតម្លៃជាង៦៨១លានដុល្លារ។
កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៥ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ បានចាប់ខ្លួនឈ្មួញវៀតណាមទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។
នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបីនាក់ផ្សេងទៀត ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។
សាច់គោជប៉ុនផលិតពីសាច់ក្របីឥណ្ឌា ដោយការចាក់បញ្ចូលសារធាតុគីមីបង្កើតជាសាច់មានជាប់ខ្លាញ់ គឺលក់ក្នុងតម្លៃ ១២០ ០០០ដុង ឬស្មើនឹង៤,៧ដុល្លារ ក្នុងមួយគីឡូក្រាម៕ (ផាន់ អាណា)










