ម៉ានីល៖ កាលពីថ្ងៃទី១៣ ខែកញ្ញា មន្ត្រីជាន់ខ្ពស់មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានពិភាក្សាអំពីការកាត់បន្ថយហានិភ័យដោយគ្រោះមហន្តរាយធម្មជាតិ ការត្រៀមខ្លួន ការចាត់វិធានការទុកជាមុន ការឆ្លើយតបពេលមានអាសន្ន ការស្តារឡើងវិញ ការផ្តល់ហិរញ្ញប្បទាន ការច្នៃប្រឌិត និងការពង្រឹងភាពធន់របស់សង្គមទាំងមូល។
សន្និសីទរដ្ឋមន្ត្រីអាស៊ាន ស្តីពីគ្រោះមហន្តរាយនេះ គឺជាប្រធានបទដ៏សំខាន់មួយរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៦ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏រ៉ាំរ៉ៃ និងមានការចំណាយខ្ពស់ គឺបញ្ហាគ្រោះមហន្តរាយ។
សេចក្តីប្រកាសព័ត៌មានបានពន្យល់ថា តំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅក្នុងតំបន់អាស៊ី–ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រឈមនឹងគ្រោះមហន្តរាយខ្លាំងបំផុត នៅលើពិភពលោក។ ដូច្នេះ ប្រទេសជាសមាជិកនីមួយៗកំពុងប្រឈមនឹងបញ្ហាដូចជា ព្យុះទីហ្វុង ទឹកជំនន់ រញ្ជួយដី និងគ្រោះរាំងស្ងួត ដោយសារការប្រែប្រួលអាកាសធាតុ។
សេចក្តីប្រកាសបានបញ្ជាក់ទៀតថា គ្រោះមហន្តរាយទាំងនេះកាន់តែមានទំនាក់ទំនងគ្នាជាមួយការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីក្រុង ការរិចរិលបរិស្ថាន និងសម្ពាធផ្សេងៗទៀត ដែលបង្កើតឱ្យមានហានិភ័យជាប្រព័ន្ធ ហានិភ័យពីវិស័យមួយទៅវិស័យមួយ ហានិភ័យកើតឡើងស្របគ្នា និងបង្កើនផលប៉ះពាល់គ្នាទៅវិញទៅមក។
សេចក្តីប្រកាសបានកត់សម្គាល់ថា «ផលប្រយោជន៍ និងការខាតបង់ មិនបានកំណត់ត្រឹមគ្រោះមហន្តរាយណាមួយតែមួយនោះទេ» ដោយសារតំបន់នេះតំណាងឱ្យតំបន់សេដ្ឋកិច្ច និងសកម្មបំផុតមួយក្នុងពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុប រួមគ្នាលើសពី៣,៦ទ្រីលានដុល្លារ និងមានប្រជាជនជាង៦៧០លាននាក់។
សេចក្តីប្រកាសបានបន្តថា «ក្នុងនាមជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក ការផលិត និងការវិនិយោគ ការរំខានដោយសារគ្រោះមហន្តរាយ អាចរាលដាលផលប៉ះពាល់តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារ លើសពីតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ ការពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិសុខសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់»៕ (ផាន់ អាណា)







