ហាណូយ៖ ប្រទេសប្រេស៊ីលកំពុងក្លាយជាទីផ្សារសំខាន់មួយសម្រាប់ត្រីទីឡាព្យ៉ារបស់វៀតណាម ដោយតម្លៃនាំចូលបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង២២២ដង ស្មើនឹង៤៤លានដុល្លារ ដោយធ្វើឱ្យប្រេស៊ីលក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ផផលិតផលត្រីនេះ។
បើគិតពីទីផ្សារនាំចេញទាំងអស់ ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម មានតម្លៃសរុប៩០លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ កើនឡើង៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្រូវការទីផ្សារប្រទេសជប៉ុនបានកើនឡើង៧៧ភាគរយ ដោយតម្លៃនាំចេញកើនដល២លានដុល្លារ។
ចំណែកនៅមជ្ឈិមបូព៌ា ការនាំចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃ៧លានដុល្លារ កើនឡើង២៣ភាគរយ ខណៈទីផ្សារសហភាពអឺរ៉ុបមានតម្លៃ៤លានដុល្លារ កើនឡើង៧ភាគរយ។ ការនាំចេញត្រីទីឡាព្យ៉ាទៅសហរដ្ឋអាម៉េរិក មានតម្លៃសរុប២១លានដុល្លារ ធ្លាក់ចុះ៤៨ភាគរយ។
ទីផ្សារត្រីទីឡាព្យ៉ាពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនពី១៥,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ទៅប្រមាណ២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥។
ត្រីទីឡាព្យ៉ាមានសក្តានុពលសម្រាប់ទីផ្សារមួយចំនួន ប្រសិនបើផលិតផលអាចបំពេញតាមតម្រូវការ ពាក់ព័ន្ធនឹងគុណភាព លក្ខណៈបច្ចេកទេសផលិតផល ប្រព័ន្ធតាមដានប្រភព និងវិញ្ញាបនបត្រនិរន្តរភាព។ រីឯសហគ្រាសអាចផ្តោតលើការកែច្នៃ ការធ្វើពិពិធកម្មផលិតផល និងការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ទីផ្សារនីមួយៗ៕ (ផាន់ អាណា)







