កសិករអូស្ត្រាលីដេកមិនលក់ ហើយខកចិត្តចំពោះរដ្ឋាភិបាល ដោយសារហ្វូងកណ្តូបកើតច្រើនពេក

Grasshoppers, Kruger National Park, South Africa

មែលប៊ន៖ កសិករដាំដំណាំនៅភាគពាយ័ព្យរដ្ឋវិចតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី កំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនកណ្តូបចង្រៃ ដែលអាចបង្កការខូចខាតដល់ផលដំណាំ ព្រមទាំងសម្តែងការខកចិត្តចំពោះអាជ្ញាធរអូស្ត្រាលី ដោយសារខ្វះការគាំទ្រក្នុងការទប់ស្កាត់ និងកម្ចាត់សត្វល្អិតចង្រៃទាំងនេះ។

កណ្តូបបានចាប់ផ្តើមញាស់ងច្រើន ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ ដោយសារអាកាសធាតុក្តៅ និងសើមនៅតំបន់ភាគខាងជើងអូស្ត្រាលី ដែលបង្កលក្ខខណ្ឌអំណោយផលដល់ការបង្កកំណើត ការកើនចំនួន និងការផ្លាស់ទីរបស់ហ្វូងសត្វកណ្តូបចង្រៃសំដៅឆ្ពោះទៅភាគខាងត្បូងថែមទៀត។

កសិករក្នុងរដ្ឋវិចតូរីយ៉ា បានឱ្យដឹងថា ក្នុងរយៈពេលមួយខែកន្លងមកនេះ លោកបានប្រទះឃើញកណ្តូបរាប់ពាន់ក្បាលញាស់ចេញពីពង ហើយប្រមូលផ្តុំគ្នាជាហ្វូង ផ្លាស់ទីឆ្លងកាត់ដីកសិកម្មរបស់លោក និងឧទ្យានជាតិនានានៅក្បែរនោះ។

កសិករម្នាក់បាននិយាយថា «យើងកំពុងតាមកម្ចាត់កណ្តូបនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់កុំឱ្យវារីករាលដាល។ ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់។ អ្នកស្រុកកំពុងនិយាយគ្នាថា យើងអាចនឹងប្រឈមនឹងការរាតត្បាតដ៏ធំម្តងទៀត ដូចធ្លាប់កើតឡើងកាលពី១០ ឬ ១៥ឆ្នាំមុន»។

លោកបានបញ្ជាក់ថា ទោះបីជាលោកបានរាយការណ៍ជាច្រើនលើកអំពីវត្តមានកណ្តូបនៅលើដីរបស់លោក តាមរយៈកម្មវិធីឃ្លាំមើលកណ្តូបរបស់អាជ្ញាធរកសិកម្មរដ្ឋវិចតូរីយ៉ា ក៏ដោយ ក៏លោកមិនទាន់ទទួលបានការឆ្លើយតបពីស្ថាប័ននេះនៅឡើយ។

លោកបានរិះគន់ថា «មើលទៅពួកគេបានចំណាយកម្លាំងយ៉ាងច្រើន ដើម្បីបង្ហាញថា កំពុងស្វែងរកកណ្តូប ប៉ុន្តែ តើសកម្មភាពជាក់ស្តែងនៅឯណា? តើយើងទទួលបានការគាំទ្រអ្វីខ្លះ?​ កសិករគ្រប់គ្នាកំពុងចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហានេះ។ អ្វីៗមិនមែនឥតគិតថ្លៃនោះទេ។ ប្រេងម៉ាស៊ូតត្រូវចំណាយប្រាក់ ពេលវេលាក៏មានតម្លៃ ហើយការងារនេះត្រូវការកម្លាំងពលកម្មយ៉ាងច្រើន»។

កម្មវិធីឃ្លាំមើលកណ្តូបរបស់អាជ្ញាធរកសិកម្មរដ្ឋវិចតូរីយ៉ា បានចាប់ផ្តើមដំណើរការតាំងពីខែកញ្ញា ឆ្នាំ២០២៦នេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ស្ថាប័ននេះបានបញ្ជាក់ថា កសិករមិនគួររំពឹងថា អាជ្ញាធរនឹងចុះទៅជួយកម្ចាត់កណ្តូបនៅលើដីរបស់ពួកគេដោយផ្ទាល់នោះទេ។

ចំណែក មន្ត្រីផ្នែកសុខភាពរុក្ខជាតិ នៅរដ្ឋវិចតូរីយ៉ា បានថ្លែងថា ការទទួលខុសត្រូវលើការកម្ចាត់កណ្តូប គឺជាបន្ទុករបស់ម្ចាស់ដី ឬអ្នកគ្រប់គ្រងដី មិនថា ជាដីឯកជន ឬដីសាធារណៈឡើយ។

យោងតាមលទ្ធផលកម្មវិធីឃ្លាំមើល ចំនួនកណ្តូបនៅរដ្ឋវិចតូរីយ៉ា បានឱ្យដឹងថា ចំនួនហ្វូងកណ្ដូបនាពេលបច្ចុប្បន្ននេះមិនទាន់ឈានដល់កម្រិតរាតត្បាតធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។

កាលពីឆ្នាំ២០១០ កណ្តូបរាប់ពាន់លានក្បាល បានរាតត្បាត និងបំផ្លាញដំណាំយ៉ាងធ្ងន់ធ្ងរ ចាប់ពីរដ្ឋញូវសៅវែល (New South Wales) រហូតដល់រដ្ឋវិចតូរីយ៉ា ហើយបានរីករាលដាលទៅដល់ទីក្រុងមែលប៊ន (Melbourne) ដោយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំកសិកម្មលើផ្ទៃដីធំៗ និងដំណាំសាកវប្បកម្ម។

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលរដ្ឋសៅអូស្ត្រាលី (South Australia) បានប្រកាសផ្តល់កញ្ចប់ថវិកាចំនួន៦,៥លានដុល្លារអូស្ត្រាលី ដើម្បីទប់ស្កាត់ការរាតត្បាតពីកណ្តូប ក្នុងនោះរួមមាន​ ថវិកាចំនួន៤,៦លានដុល្លារអូស្ត្រាលី សម្រាប់កម្មវិធីសងប្រាក់ថ្លៃសារធាតុគីមីកម្ចាត់កណ្តូបជូនម្ចាស់ដី និងថវិកាចំនួន១,៩លានដុល្លារអូស្ត្រាលី សម្រាប់កម្មវិធីរៀបចំផែនការ និងឃ្លាំមើលការរាតត្បាតរបស់កណ្តូប។ ផ្ទុយទៅវិញ នៅរដ្ឋវិចតូរីយ៉ា ពុំមានកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុបែបនេះដល់កសិករឡើយ៕ (ផាន់ អាណា)


tilapia-fillet-1470416047903-800x800
វៀតណាមរកចំណូលបាន៩០លានដុល្លារ ពីការនាំចេញត្រីទីឡាព្យ៉ា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦

ហាណូយ៖ ប្រទេសប្រេស៊ីលកំពុងក្លាយជាទីផ្សារសំខាន់មួយសម្រាប់ត្រីទីឡាព្យ៉ារបស់វៀតណាម ដោយតម្លៃនាំចូលបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង២២២ដង ស្មើនឹង៤៤លានដុល្លារ ដោយធ្វើឱ្យប្រេស៊ីលក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ផផលិតផលត្រីនេះ។ បើគិតពីទីផ្សារនាំចេញទាំងអស់ ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម មានតម្លៃសរុប៩០លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ កើនឡើង៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្រូវការទីផ្សារប្រទេសជប៉ុនបានកើនឡើង៧៧ភាគរយ ដោយតម្លៃនាំចេញកើនដល២លានដុល្លារ។ ចំណែកនៅមជ្ឈិមបូព៌ា ការនាំចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃ៧លានដុល្លារ កើនឡើង២៣ភាគរយ ខណៈទីផ្សារសហភាពអឺរ៉ុបមានតម្លៃ៤លានដុល្លារ កើនឡើង៧ភាគរយ។ ការនាំចេញត្រីទីឡាព្យ៉ាទៅសហរដ្ឋអាម៉េរិក មានតម្លៃសរុប២១លានដុល្លារ ធ្លាក់ចុះ៤៨ភាគរយ។ ទីផ្សារត្រីទីឡាព្យ៉ាពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនពី១៥,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ទៅប្រមាណ២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥។ ត្រីទីឡាព្យ៉ាមានសក្តានុពលសម្រាប់ទីផ្សារមួយចំនួន ប្រសិនបើផលិតផលអាចបំពេញតាមតម្រូវការ ពាក់ព័ន្ធនឹងគុណភាព លក្ខណៈបច្ចេកទេសផលិតផល ប្រព័ន្ធតាមដានប្រភព និងវិញ្ញាបនបត្រនិរន្តរភាព។ រីឯសហគ្រាសអាចផ្តោតលើការកែច្នៃ ការធ្វើពិពិធកម្មផលិតផល និងការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ទីផ្សារនីមួយៗ៕ (ផាន់ អាណា)

image_2026-10-19_15-51-02
មហាព្យុះទីហ្វុងចម្ពី នឹងបោកបក់ទៅដល់តៃវ៉ាន់ និងឆ្នេរសមុទ្រចិន ក្នុងរង្វង់ថ្ងៃទី២៣ ខែតុលា

ហាណូយ៖ មជ្ឈមណ្ឌលជាតិព្យាករធនធានទឹក និងឧតុនិយមវៀតណាម បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលាថា ព្យុះឈ្មោះ ចម្ពី ដ៏ខ្លាំងក្លាមួយ ដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ និងមានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសហ្វីលីពីន។ ចម្ពី គឺជាឈ្មោះព្យុះដាក់តាមភាសាឡាវ ដោយយកឈ្មោះដើមរុក្ខជាតិចម្បី។​ ព្យុះនេះមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧ តាមមាត្រដ្ឋានវាស់កម្លាំងព្យុះរបស់វៀតណាម។ ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ព្យុះចម្ពី ត្រូវបានព្យាករថា នឹងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆៀងពាយ័ព្យ ក្នុងល្បឿនជាមធ្យមប្រមាណ២០គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅទៅកោះតៃវ៉ាន់ ដោយបន្តរក្សាកម្លាំងខ្យល់ដ៏ខ្លាំងក្លាក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ចំណែកក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសក្នុងសេចក្តីជូនដំណឹងថា ឈ្មោះនេះ ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី លើអាងទន្លេមេគង្គ និងឈូងសមុទ្រកម្ពុជា ដោយធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងប្រទេសកម្ពុជា។ យោងតាមទីភ្នាក់ងារឧតុនិយមវៀតណាមរំពឹងថា ព្យុះនេះនឹងបន្តរក្សាកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនប្រហែលពីរថ្ងៃទៀត មុននឹងចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗ ចាប់ពីថ្ងៃទី២១ ខែតុលាតទៅ។ នៅពេលព្យុះចម្បីធ្វើដំណើរមកជិតកោះតៃវ៉ាន់ វាត្រូវបានរំពឹងថា នឹងនៅតែមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៥ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ផ្អែកតាមទិន្នន័យព្យាករបច្ចុប្បន្ន មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានវាយតម្លៃថា ព្យុះចម្ពី […]

image_2026-10-19_15-45-08
ចិន និងអាម៉េរិក ព្រមព្រៀងកាត់បន្ថយពន្ធនាំចូល ជាពិសេសផលិតផលកសិកម្ម

ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយលើទំនិញនាំចូលរៀងៗខ្លួន ដែលមានតម្លៃសរុប៦០ពាន់លានដុល្លារ​ រាប់តាំងពីពោត រហូតដល់ផលិតផលគ្រឿងសម្អាងរបស់អាម៉េរិក និងរាប់ពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។ តាមរយៈក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក ប្រទេសទាំងពីរបានដាក់សំណើរៀងៗខ្លួន ដោយកំណត់មុខទំនិញមានតម្លៃ៣០ពាន់លានដុល្លារ ឱ្យទទួលបានការអនុគ្រោះផ្នែកពន្ធគយកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំណាងពាណិជ្ជកម្មអាម៉េរិក។ ការកាត់បន្ថយពន្ធបដិការ និងការបន្ធូរបន្ធយជម្លោះពាណិជ្ជកម្មនេះ គឺជាលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលលើកទី២ នៅឆ្នាំ២០២៦នេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីត (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ចិនគ្រោងកាត់បន្ថយពន្ធគយបដិការលើផលិតផលកសិកម្មជាច្រើនមុខរបស់អាម៉េរិក រួមមាន ពោត ស្រូវសាលី ស្ពៅ សាច់ ផលិតផលទឹកដោះគោ និងប្រេងឆា។ ប៉ុន្តែ មិនបានរាប់បញ្ចូលសណ្តែកសៀងឡើយ។ ចំណែកអាម៉េរិកគ្រោងកាត់បន្ថយពន្ធ​លើផលិតផលរបស់ចិន ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ រួមមានម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនអាំងនំប៉័ង កម្រាលតុ ភួយ និងស្រោមពូកជាដើម។ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចពិភាក្សាជាប្រចាំ អំពីឱកាស និងឧបសគ្គនៃការវិនិយោគ […]

844860380_122120676615461409_6432970006936686116_n
សាកលវិទ្យាល័យកម្ពុជា-កូរ៉េខាងត្បូង ចាប់ដៃគូពង្រឹងការអប់រំ និងការស្រាវជ្រាវកសិកម្ម ធន់នឹងអាកាសធាតុ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្មរបស់កម្ពុជា និងសាកលវិទ្យាល័យជាតិ ហាន់គីយុង (Hankyong Korea National Univsersity) របស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំ ការស្រាវជ្រាវ និងការផ្សព្វផ្សាយកសិកម្ម ដែលបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ក្រោមការគាំទ្ររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពីការផ្សព្វផ្សាយកសិកម្មសម្រាប់ប្រទេសកម្ពុជា និងជាផ្នែកមួយនៃគម្រោង «ការកសាងទំនាក់ទំនងចម្រុះនៃការស្រាវជ្រាវ ការអប់រំ និងការផ្សព្វផ្សាយកសិកម្ម ដែលបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា» ដែលគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ តាមរយៈភាពជាដៃគូនេះ សាកលវិទ្យាល័យទាំងពីរមានគោលបំណងពង្រីកការផ្លាស់ប្តូរបទពិសោធន៍សិក្សា អភិវឌ្ឍសមត្ថភាពបុគ្គលិកសិក្សា ជំរុញការស្រាវជ្រាវរួមគ្នា និងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍការអប់រំកសិកម្ម និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលដៅពង្រឹងការតភ្ជាប់រវាងការអប់រំ ការស្រាវជ្រាវ និងការផ្សព្វផ្សាយកសិកម្ម ជាពិសេសតាមរយៈការអភិវឌ្ឍសមត្ថភាពរបស់មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង រំពឹងថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិ ហាន់គីយុង សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធានានិរន្តរភាពនៃលទ្ធផល […]

កាលវិភាគផ្សព្វផ្សាយ