ម៉ានីល៖ ការិយាល័យគយហ្វីលីពីន បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្តឹងមនុស្ស១៤នាក់ រួមមានបុគ្គលិកគយ និងក្រុមហ៊ុនពាណិជ្ជកម្មមួយ ពាក់ព័ន្ធនឹងការលួចនាំចូលបន្លែដោយខុសច្បាប់ មានតម្លៃជាទឹកប្រាក់ប្រមាណ ២៨ ម៉ឺនដុល្លារ ដោយប្រកាសបន្លំថា ជាភ្លៅមាន់ចៀន។
ទំនិញខុសច្បាប់នេះ រួមមាន ខ្ទឹមបារាំងស្រស់ជាង១៥ ០០០បាវ និងការ៉ុតស្រស់ជាង២ ០០០ប្រអប់ ដែលនាំចូលកាលពីខែមិថុនា ឆ្នាំ២០២៥ ដោយរំលោភច្បាប់ និងគ្មានលិខិតបញ្ជាក់ពីភូតគាមអនាម័យ។
ប្រធានការិយាល័យគយ ហ្វីលីពីន បានដឹកនាំដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីគយ និងបុគ្គលិក្រុមហ៊ុននាំចូល នៅក្នុងប្រាំមួយសំណុំរឿង បញ្ជូនទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីទាមទារឱ្យផ្តន្ទាទោសក្រុមហ៊ុននាំចូល ឈ្មួញកណ្តាល ព្រមទាំងមន្ត្រីគយត ពាក់ព័ន្ធនឹងការបន្លំនាំចូលទំនិញកសិកម្មដោយខុសច្បាប់។
មន្ត្រីគយ ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការលួចនាំចូលនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ធ្វេសប្រហែសដោយចេតនាចំពោះភារកិច្ច និងបទអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតរំលោភច្បាប់ ដោយការធ្វេសប្រហែស ឬដោយចេតនា។
ភ្នាក់ងារសម្ងាត់ និងភ្នាក់ងារស៊ើបអង្កេតគយ ក៏បានផ្តល់អនុសាសន៍ឱ្យចាត់វិធានការរដ្ឋបាលប្រឆាំងមន្ត្រី និងបុគ្គលិកគយ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមានអ្នកត្រួតពិនិត្យទំនិញ អ្នកវាយតម្លៃទំនិញ និងបុគ្គលិកនៅផ្នែកស៊ើបការណ៍ និងផ្នែកថតកាំរស្មីអិក្ស។
តាមច្បាប់ហ្វីលីពីន ការលួចនាំចូលផលិតផលកសិកម្ម អាចត្រូវបានចាត់ទុកថា ជាការបំផ្លាញសេដ្ឋកិច្ច ប្រសិនបើតម្លៃទំនិញកសិកម្មលួចនាំចូលនោះ មានតម្លៃលើស១០លានប៉េសូ ឬស្មើនឹង១៦ម៉ឺនដុល្លារ ហើយទំនិញខុសនោះ បង្កផលប៉ះពាល់ដល់ជីវភាពរបស់កសិករ និងសុខភាពរបស់អ្នកប្រើប្រាស់៕ (ផាន់ អាណា)



















