ប៉េកាំង៖ កសិកម្មចិញ្ចឹមត្រី ស្ទើជិន (Sturgeon) និងឧស្សាហកម្មផលិត ពងត្រីប្រណីត (Caviar)មានតម្លៃកបើពពក នៅក្នុងប្រទេសចិនកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចផ្គត់ផ្គង់តម្រូវការទីផ្សារពិភពលោកដោយស្របច្បាប់ និងមានចីរភាពជាងការនេសាទត្រីធម្មជាតិ។
ឧស្សាហកម្មនេះ ក៏ជួយកាត់បន្ថយការនេសាទត្រីស្ទើជិនធម្មជាតិ ដើម្បីវះយកពងវាដោយខុសច្បាប់ ព្រោះពូជត្រីនេះកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ព្រោះតែពងវាមានតម្លៃខ្លាំងពេក។
ពងត្រីស្ទើជិននេះ ដែលជាអាហារប្រណីត ហៅថា កាវីយ៉ា (Caviar) គេរៀបចំដាក់ក្នុងប្រអប់ប៉ុនកំប៉ុងសារ៉ាស្បែកជើង មានទម្ងន់មួយខាំ ប៉ុន្តែតម្លៃលក់មានពី១០០ដុល្លារ រហូតដល់៨០០ដុល្លារ។ ពងត្រីប្រភេទខ្លះ អាចលក់បានក្នុងតម្លៃជិត៤ម៉ឺនដុល្លារ ក្នុងមួយគីឡូក្រាម។
កាលពីកក្កដា ឆ្នាំ២០២៦នេះ ដែលជារដូវពូជត្រី ស្ទើជិនពងកូនមន្ត្រីជលផលចិន និងរុស្ស៊ី បានរួមគ្នាបង្កើនស្តុកត្រីនៅក្នុងប្រព័ន្ធទន្លេបែងចែកព្រំដែនប្រទេសទាំងពីរ ព្រមទាំងបានលែងកូនត្រីជាង២០លានក្បាល ដើម្បីជួយស្តារធនធានជលផលនៅតាមដងទន្លេ ក្នុងខេត្តហីឡុងជៀង ដែលមានប្រវែងជាង២ ៧០០គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី។
តាមដងទន្លេយ៉ង់សេ (Yangtze) នាទីក្រុងអ៊ីទូ (Yidu) ក្នុងខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន កសិដ្ឋានចញ្ចឹមត្រី មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានមជ្ឈមណ្ឌលខ្នាតធំៗសម្រាប់ភ្ញាស់បង្កាត់ពូជ ត្រី និងមានបែបណ្ដែតទឹករាយប៉ាយរហូតតំបន់ជនបទ មានត្រីស្ទើជិនជាង១លានក្បាល។
កាលពីមុន ផ្លូវទឹកហូរក្នុងតំបន់នេះ ពោរពេញទៅដោយសំណាញ់ មងអួន ស្បៃមុង និងបែចិញ្ចឹមត្រីដោយខុសច្បាប់ ណែនណាន់តាន់តាប់ស្ទើរពេញផ្ទៃទន្លេ រហូតបំពុលទឹកឱ្យកខ្វក់ និងគំរាមកំហែងដល់ប្រភេទពូជត្រីធម្មជាតិនៅក្នុងតំបន់។
នៅឆ្នាំ២០១៦ ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងការពារប្រព័ន្ធអេកូឡូស៊ីនៃទន្លេយ៉ង់សេ ដែលជាទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន។ ប្រាំឆ្នាំក្រោយមក ការហាមឃាត់របរនេសាទត្រីប្រភេទនេះជាទ្រង់ទ្រាយធំរយៈពេល១០ឆ្នាំ បានចូលជាធរមាន រួមជាមួយច្បាប់ការពារទន្លេយ៉ង់សេយ៉ាងតឹងរ៉ឹងផងដែរ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ អាជ្ញាធរទីក្រុងអ៊ីងទូ និងមន្ត្រីជលផលគ្រប់គ្រងតំបន់ផ្សេងៗទៀត ប៉្របតាមដងទន្លេយ៉ង់សេ បានបំផ្លាញឧបករណ៍នេសាទ និងបែចិញ្ចឹមត្រីខុសច្បាប់ទាំងនោះ អស់ចេញពីក្នុងទឹក។
នៅឆ្នាំ២០១៨ មជ្ឈមណ្ឌលចិញ្ចឹម ភ្ញាស់បង្កាត់ពូជត្រីស្ទើជិនរបស់ចិន (China Qingjiang Sturgeon Valley) ត្រូវបានបង្កើតឡើងជាមជ្ឈមណ្ឌលចិញ្ចឹមត្រី ក្នុងអគារបិទជិត បែបខ្នាតឧស្សាហកម្មដំបូងគេរបស់ពិភពលោកដោយប្រើបច្ចេកទេសសាមញ្ញបំផុត គឺយកត្រីស្ទើចិនពីទន្លេ មកចិញ្ចឹមក្នុងបែនៅលើដី។
គុណភាពទឹកក្នុងទន្លេយ៉ង់សេ បានល្អឡើងវិញ ចំណែកប្រភេទសត្វកម្រមួយចំនួនបានចាប់ផ្តើមវិលត្រឡប់មកទីកន្លែងកំណើតវិញ។ ចំណែកនៅលើដី ការចិញ្ចឹមត្រីស្ទើជិន បានរីកកកាន់តែធំប្រកបដោយការប្រមូលផ្តុំ និងប្រើបច្ចេកវិទ្យាកាន់តែខ្ពស់ រហូតធ្វើឱ្យប្រទេសចិនមានចំណែកប្រហែល ៦០ភាគរយ នៃផលិតកម្មពងត្រីប្រណីត កាវីយ៉ា នៅទូទាំងពិភពលោក ដែលគ្រាន់តែទីក្រុងអីទូ មួយប៉ុណ្ណោះ អាចនាំចេញពងត្រីបានជាង១ម៉ឺនកំប៉ុងក្នុងមួយថ្ងៃ ទៅកាន់ទីផ្សារជាង២០ប្រទេស ដោយគិតជាប្រាក់ចំណូលរាប់លានដុល្លារ៕ (ផាន់ អាណា)
















