អូស្ត្រាលី៖ គេប៉ាន់ប្រមាណថា ឃ្មុំប្រហែល ៨ សែនក្បាល ដែលមានតម្លៃរាប់សិបពាន់ដុល្លារ ត្រូវចោរលួចចេញពីទីតាំងចិញ្ចឹមឃ្មុំជាច្រើននៅតំបន់កសិករចិញ្ចឹមឃ្មុំនៅភាគខាងលិចទីក្រុង ខែន (Cairns) ក្នុងរដ្ឋឃ្វីនឡែន បាននិយាយថា ឃ្មុំចំនួន៤៤សំបុក ត្រូវចោរលួចពីអ្នកចិញ្ចឹមឃ្មុំចំនួនបី នាក់ផ្សេងគ្នា។
សារព័ត៌មាន ឌឹ ហ្គាឌាន (The Guardian) របស់ប្រទេសអង់គ្លេសបានចេញផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយដកស្រង់សម្តីរបស់ក្រុមអ្នកចិញ្ចឹមឃ្មុំ ដែលជាជនរងគ្រោះក្នុងអំពើចោរកម្មនេះ។
កសិកររូបនេះបានប៉ាន់ប្រមាណថា សំបុកឃ្មុំនីមួយៗមានឃ្មុំយ៉ាងហោចណាស់២០ ០០០ក្បាល ដែលមានន័យថា ចំនួនឃ្មុំត្រូវចោរលួចយកទៅ អាចមានចំនួនសរុប លើសពី៨០០ ០០០ក្បាល។
សកម្មភាពលួចឃ្មុំនេះគេសង្ស័យថា បានកើតឡើងនៅទីតាំងជាច្រើន និងតំបន់ផ្សេងៗគ្នា ហើយត្រូវក្រុមចោរធ្វើសកម្មភាពយ៉ាងស្ទាត់ជំនាញ និងឧបករណ៍ឯកទេសច្បាស់លាស់ផងដែរ។ ដូច្នេះធ្វើឱ្យអ្នកចិញ្ចឹមឃ្មុំមិនត្រឹមតែបាត់បង់ឃ្មុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ប្រាក់ចំណូលពីកិច្ចសន្យាឱ្យឃ្មុំជួយធ្វើឱ្យដំណាំកាន់ផ្លែផងដែរ ដែលអាចមានតម្លៃរាប់ពាន់ដុល្លារ។
ក្រុមចោរមិនលួចយកកេសចិញ្ចឹមឃ្មុំទាំងមូលទេ ដែលអាចធ្វើឱ្យគេចាប់អារម្មណ៍ ប៉ុន្តែពួកចោរបានដកយកតែផ្លិតឃ្មុំប៉ុណ្ណោះ ដូច្នេះ បើអ្នកចិញ្ចឹមពីចម្ងាយ មិនមានអ្វីចម្លែកឡើយ។ ពួកចោរក៏មិនបានយកក្បាលទឹកឃ្មុំទៅជាមួយដែរ ដើម្បីកុំឱ្យហ្វូងឃ្មុំផ្អើល។
ចំណែកអ្នកចិញ្ចឹមឃ្មុំមា្នក់ បាននិយាយថា «ពួកចោរបើករថយន្ត ដែលផ្ទុកឧបករណ៍ជាច្រើន ហើយដកយកផ្លិតឃ្មុំរបស់យើងដាក់ចូលទៅក្នុងកេសចិញ្ចឹមឃ្មុំរបស់ពួកវា… បន្ទាប់មករៀបចំសំបុកឃ្មុំរបស់យើងឱ្យស្អាតដូចធម្មតា ដើម្បីកុំឱ្យម្ចាស់កសិដ្ឋានសង្ស័យថា មាននរណាម្នាក់ចូលមកធ្វើអ្វីមួយ»។
កសិករសង្ស័យថា ចោរប្រហែលជាមនុស្សនៅក្នុងឧស្សាហកម្មចិញ្ចឹមឃ្មុំដូចគ្នា និងជាករណីលួចឃ្មុំដ៏ធំបំផុត ដែលលោកពួកគាត់ទើបជួបប្រទះ នៅក្នុងប្រទេសអូស្ត្រាលី។
កាលពីពេលថ្មីៗកន្លងមកនេះ មន្ត្រីនគរបាលអូស្ត្រាលី បានបើកការស៊ើបអង្កេតបន្ទាប់ពីសត្វចៀមប្រមាណ៥ ៥០០ក្បាល ត្រូចោរលួចពីកសិដ្ឋានដ៏ធំមួយ ក្នុងរដ្ឋឃ្វីនឡែននេះដែរ ដែលមានតម្លៃជាទឹកប្រាក់សរុបជិត១លានដុល្លារ៕ (ផាន់ អាណា)










