ចិនចិញ្ចឹមត្រីយកពងដ៏មានតម្លៃ រកប្រាក់ពាន់លានដុល្លារ ព្រមទាំងកាត់បន្ថយបទល្មើសនេសាទខុសច្បាប់

image_2026-09-28_14-10-38

ប៉េកាំង៖ កសិកម្មចិញ្ចឹមត្រី ស្ទើជិន (Sturgeon) និងឧស្សាហកម្មផលិត ពងត្រីប្រណីត (Caviar)មានតម្លៃកបើពពក នៅក្នុងប្រទេសចិនកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស និងអាចផ្គត់ផ្គង់តម្រូវការទីផ្សារពិភពលោកដោយស្របច្បាប់ និងមានចីរភាពជាងការនេសាទត្រីធម្មជាតិ។

ឧស្សាហកម្មនេះ ក៏ជួយកាត់បន្ថយការនេសាទត្រីស្ទើជិនធម្មជាតិ ដើម្បីវះយកពងវាដោយខុសច្បាប់ ព្រោះពូជត្រីនេះកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ព្រោះតែពងវាមានតម្លៃខ្លាំងពេក។

ពងត្រីស្ទើជិននេះ ដែលជាអាហារប្រណីត ហៅថា កាវីយ៉ា (Caviar) គេរៀបចំដាក់ក្នុងប្រអប់ប៉ុនកំប៉ុងសារ៉ាស្បែកជើង មានទម្ងន់មួយខាំ ប៉ុន្តែតម្លៃលក់មានពី១០០ដុល្លារ រហូតដល់៨០០ដុល្លារ។ ពងត្រីប្រភេទខ្លះ អាចលក់បានក្នុងតម្លៃជិត៤ម៉ឺនដុល្លារ ក្នុងមួយគីឡូក្រាម។

កាលពីកក្កដា ឆ្នាំ២០២៦នេះ​ ដែលជារដូវពូជត្រី ស្ទើជិន​ពងកូនមន្ត្រីជលផលចិន និងរុស្ស៊ី បានរួមគ្នាបង្កើនស្តុកត្រីនៅក្នុងប្រព័ន្ធទន្លេបែងចែកព្រំដែនប្រទេសទាំងពីរ ព្រមទាំងបានលែងកូនត្រីជាង២០លានក្បាល ដើម្បីជួយស្តារធនធានជលផលនៅតាមដងទន្លេ ក្នុងខេត្តហីឡុងជៀង ដែលមានប្រវែងជាង២ ៧០០គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី។

តាមដងទន្លេយ៉ង់សេ (Yangtze) នាទីក្រុងអ៊ីទូ (Yidu) ក្នុងខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន​ កសិដ្ឋានចញ្ចឹមត្រី មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានមជ្ឈមណ្ឌលខ្នាតធំៗ​សម្រាប់ភ្ញាស់បង្កាត់ពូជ ត្រី និងមានបែបណ្ដែតទឹករាយប៉ាយរហូតតំបន់ជនបទ មានត្រីស្ទើជិនជាង១លានក្បាល។

កាលពីមុន ផ្លូវទឹកហូរក្នុងតំបន់នេះ ពោរពេញទៅដោយសំណាញ់ មងអួន ស្បៃមុង និងបែចិញ្ចឹមត្រីដោយខុសច្បាប់ ណែនណាន់តាន់តាប់ស្ទើរពេញផ្ទៃទន្លេ រហូតបំពុលទឹកឱ្យកខ្វក់ និងគំរាមកំហែងដល់ប្រភេទពូជត្រីធម្មជាតិនៅក្នុងតំបន់។

នៅឆ្នាំ២០១៦ ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងការពារប្រព័ន្ធអេកូឡូស៊ីនៃទន្លេយ៉ង់សេ ដែលជាទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន។ ប្រាំឆ្នាំក្រោយមក ការហាមឃាត់របរនេសាទត្រីប្រភេទនេះជាទ្រង់ទ្រាយធំរយៈពេល១០ឆ្នាំ បានចូលជាធរមាន រួមជាមួយច្បាប់ការពារទន្លេយ៉ង់សេយ៉ាងតឹងរ៉ឹងផងដែរ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ អាជ្ញាធរទីក្រុងអ៊ីងទូ និងមន្ត្រីជលផលគ្រប់គ្រងតំបន់ផ្សេងៗទៀត ប៉្របតាមដងទន្លេយ៉ង់សេ បានបំផ្លាញឧបករណ៍នេសាទ និងបែចិញ្ចឹមត្រីខុសច្បាប់ទាំងនោះ អស់ចេញពីក្នុងទឹក។

នៅឆ្នាំ២០១៨ មជ្ឈមណ្ឌលចិញ្ចឹម​ ភ្ញាស់បង្កាត់ពូជត្រីស្ទើជិនរបស់ចិន (China Qingjiang Sturgeon Valley) ត្រូវបានបង្កើតឡើងជាមជ្ឈមណ្ឌលចិញ្ចឹមត្រី ក្នុងអគារបិទជិត បែបខ្នាតឧស្សាហកម្មដំបូងគេរបស់ពិភពលោក​ដោយប្រើបច្ចេកទេសសាមញ្ញបំផុត គឺយកត្រីស្ទើចិនពីទន្លេ មកចិញ្ចឹមក្នុងបែនៅលើដី។

គុណភាពទឹកក្នុងទន្លេយ៉ង់សេ បានល្អឡើងវិញ ចំណែកប្រភេទសត្វកម្រមួយចំនួនបានចាប់ផ្តើមវិលត្រឡប់មកទីកន្លែងកំណើតវិញ។ ចំណែកនៅលើដី ការចិញ្ចឹមត្រីស្ទើជិន បានរីកកកាន់តែធំប្រកបដោយការប្រមូលផ្តុំ និងប្រើបច្ចេកវិទ្យាកាន់តែខ្ពស់​ រហូតធ្វើឱ្យប្រទេសចិនមានចំណែកប្រហែល ៦០ភាគរយ នៃផលិតកម្មពងត្រីប្រណីត​​ កាវីយ៉ា នៅទូទាំងពិភពលោក ដែលគ្រាន់តែទីក្រុងអីទូ​ មួយប៉ុណ្ណោះ អាចនាំចេញពងត្រីបានជាង១ម៉ឺនកំប៉ុងក្នុងមួយថ្ងៃ ទៅកាន់ទីផ្សារជាង២០ប្រទេស​ ដោយគិតជាប្រាក់ចំណូលរាប់លានដុល្លារ៕ (ផាន់ អាណា)


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ