វៀតណាម៖ កាលពីចុងឆ្នាំ២០២៥ អាជ្ញាធរនៅភាគខាងជើងប្រទេសវៀតណាម បានចាប់ខ្លួនម្ចាស់កុងស៊ីកាប់ជ្រូក រួមទាំងសមាជិកគ្រួសារ ពីបទលួចស្តុកទុកដោយខុសច្បាប់នូវសាច់ជ្រូកងាប់ មានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិកជិត៣៨តោន ដើម្បីលក់យកចំណេញ ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគ។
ការប្រតិបត្តិការបង្ក្រាបនាពេលនោះ ត្រូវបានបណ្តាញសារព័ត៌មានវៀតណាម ចេញផ្សាយព្រោងព្រាត រួមទាំងករណីបង្ក្រាបបទល្មើសគាស់យកខ្មោចជ្រូបងាប់ដោយសារជំងឺដូចគ្នានេះ មកកែច្នៃជាផ្អកសាច់ជ្រូក និងលក់ចែកចាយតាមទីផ្សារនានា រហូតដល់អាហារដ្ឋានរបស់សាលារៀនថែមផងដែរ។
ប៉ុន្តែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២៦នេះ សារព័ត៌មានខ្លះនៅក្នុងប្រទេសវៀតណាម បានចេញផ្សាយថា នគរបាលវៀតណាមនៅតែបន្តស៊ើបអង្កេតថែមទៀត ដើម្បីរកជនល្មើសពាក់ព័ន្ធផ្សេងទៀត និងមិនទាន់ច្បាស់អំពីស្ថានទម្ងន់ទោសរបស់ជនល្មើស ស្របតាមក្រមព្រហ្មទណ្ឌវៀតណាម ចែងពីសុវត្ថិភាពចំណីអាហារនៅឡើយទេ។
នគរបាលខេត្ត ភូថក (Phu Tho) ស្ថិតនៅក្បែរទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បាននិយាយថា ម្ចាស់កុងស៊ីកាប់ជ្រូក ឈ្មោះ ផាន់ វ៉ាន់ផុង (Phan Van Phong) អាយុ៦០ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញឃ្លាំងបង្កកសាច់ជ្រូកប្រាំកន្លែងពោរពេញដោយសាច់ជ្រូក ដែលសុទ្ធតែមានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិក។
ភ្នាក់ងារស៊ើបអង្កេតវៀតណាម បានបញ្ជាក់នាពេលនោះថា ក្នុងឆ្នាំ២០២៥ មេរោគប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលស្ទើរគ្រប់កសិដ្ឋានចិញ្ចឹមជ្រូកក្នុងប្រទេសវៀតណាម រហូតធ្វើឱ្យកសិករប្រញាប់ប្រញាល់លក់ជ្រូក រាប់ទាំងជ្រូកងាប់ដោយសារជំងឺឆ្លងផងដែរ។ ចំណែកកុងស៊ីកាប់ជ្រូកខ្លះ បានទិញជ្រូកមានជំងឺមកកាប់យកសាច់លក់ក្នុងតម្លៃទាបបំផុត ឬបង្កកទុក ហើយរងចាំឱកាសល្អលក់ចេញតែម្តង។
ករណីដូចគ្នានេះដែរ នគរបាលវៀតណាម បានបង្ក្រាបបណ្តាញជួញដូរសាច់ជ្រូកងាប់ ដោយសារផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិក ប្រមាណ៣០០តោន នៅក្នុងទីក្រុងហាណូយ ដោយចាប់ខ្លួនមនុស្ស៨នាក់ មានតួនាទីជាម្ចាស់កុងស៊ីកាប់ជ្រូក នាយកក្រុមហ៊ុនផលិតចំណីអាហារ និងមន្ត្រីបសុពេទ្យផងដែរ។
ប៉ូលីសវៀតណាម បានបញ្ជាក់ថា ក្រុមជនសង្ស័យបានបង្កើតបណ្តាញផ្គត់ផ្គង់បិទជិតមួយ ដោយប្រមូលទិញជ្រូកឈឺពីបណ្តាខេត្តភាគខាងជើង រួចដឹកជញ្ជូនមកកាប់សាច់ នៅទីក្រុងហាណូយ ដោយមានការឃុបឃិតជាមួយមន្ត្រីចត្តាឡីស័ក ដើម្បីគេចចេញពីការត្រួតពិនិត្យជាកាតព្វកិច្ច៕ (ផាន់ អាណា)










