ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលពង្រីកផ្ទៃដីទំហំពីរលានហិកតា សម្រាប់ដាំអំពៅ ដើម្បីគាំទ្រកម្មវិធីផលិតប្រេងឥន្ធនៈប្រភេទអេតាណុល ដើម្បីលាយជាមួយប្រេងសាំងសម្រាប់ផ្គត់ផ្គង់ជាថាមពលរថយន្ត។
ប្រេងឥន្ធនៈ ដែលមានអេតាណុល២០ភាគរយ (E20) និងប្រេងសាំង៨០ភាគរយ គឺជាថាមពលថ្មីរបស់ប្រទេសឥណ្ឌូណេស៊ីប្រើសម្រាប់ចាក់គរឿងម៉ាស៊ីន ដូចជារថយន្តជាដើម ដើម្បីកាត់បន្ថយការប្រើប្រេងសាំងច្រើនពេក។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ីប៊ីយ៉ានតូ (Prabowo Subianto) បានប្រាប់រដ្ឋមន្ត្រីកសិកម្មឱ្យរៀបចំផ្ទៃដីសម្រាប់ការដាំអំពៅឱ្យបានពីរលានហិកតា ត្រឹមឆ្នាំ២០២៨ ដែលចាំបាច់សម្រាប់ផលិតអេតាណុល។
ចំណែករដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលមានគោលដៅផលិតប្រេងឥន្ធនៈអេតាណុល២០ភាគរយ ឱ្យបានក្នុងរយៈពេលពីរឆ្នាំ ដូច្នេះត្រូវការផ្ទៃដីដាំអំពៅឱ្យបានគ្រប់គ្រាន់ និងការអភិវឌ្ឍសមត្ថភាពកែច្នៃអេតាណុល។
លោកបាននិយាយដូច្នេះថា «បានយ៉ាងហោចណាស់ ក្នុងរយៈពេលពីរឆ្នាំខាងមុខ យើងអាចផលិតប្រេងឥន្ធនៈអេតាណុលបាន» ដោយក្រសួងកសិកម្មនឹងរៀបចំផែនការបែងចែកផ្ទៃដីឱ្យបានគ្រប់គ្រាន់ ព្រមទាំងមានស្ថាប័នសម្រាប់ទទួលបន្ទុកផ្នែកឧស្សាហកម្មបម្លែងវត្ថុធាតុដើមពីអំពៅទៅជាអេតាណុល។ រដ្ឋាភិបាលបានកំណត់ថា អំពៅ គឺជាវត្ថុធាតុដើមសំខាន់សម្រាប់កម្មវិធីផលិតអេតាណុលនេះ ដែលអាចជំនួសឱ្យពោត និងដំឡូងមី ព្រមទាំងអាចអនុវត្តបានលឿន។
លោកបានបញ្ជាក់បន្ថែមថា ផ្ទៃដីដាំអំពៅ ដែលមានស្រាប់នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ជាពិសេសនៅតំបន់កាលីម៉ាន់តាន់ (Kalimantan) កោះស៊ូម៉ាត្រា (Sumatra) កោះជ្វា (Java) និងតំបន់ប៉ាពួ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ដាំដំណាំអំពៅ។ រដ្ឋាភិបាលជឿជាក់ថា អាចរៀបចំផ្ទៃដីតាមគោលដៅចំនួនពីរលានហិកតា នៅទូទាំងតំបន់ទាំងបួននេះ។
លោកបាននិយាយយ៉ាងច្បាស់ថា «ប្រសិនបើយើងអាចធានាបាននូវផ្ទៃដីទំហំពីរលានហិកតានោះ យើងអាចបំពេញតម្រូវការសម្រាប់ផលិតអេតាណុលបាន ក្នុងរយៈពេលពីរឆ្នាំ»។
គោលដៅផលិតអេតាណុល២០ភាគរយ ត្រូវបានចាត់ទុកជាជំហានដំបូងឆ្ពោះទៅរកផែនការរយៈពេលវែងរបស់ឥណ្ឌូណេស៊ី ក្នុងការដាក់ឱ្យប្រើប្រាស់ប្រេងឥន្ធនៈអេតាណុល៥០ភាគរយ (E50) នាពេលអនាគត៕ (ផាន់ អាណា)







