ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី គ្រោងពង្រីកកម្មវិធីចិញ្ចឹមត្រីទឹកសាបឱ្យបានដល់៤ ០០០ទីតាំង នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីបំពេញតម្រូវការត្រីក្នុងស្រុកផង និងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃផង។
លោក ម៉ូហាម៉ាដ គូដារី (Muhammad Qodari) ប្រធានទីភ្នាក់ងារទំនាក់ទំនងជាមួយរដ្ឋាភិបាល បានឱ្យដឹងថា បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តការចិញ្ចឹមត្រីចំនួន១០០កសិដ្ឋានរួចហើយ។
លោកបាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្គត់ផ្គង់ត្រីក្នុងស្រុក ព្រមទាំងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីទាំងមូល។
ត្រីប្រា និងត្រីទីឡាព្យា គឺជាត្រីអាទិភាព ពីព្រោះត្រីទាំងពីរប្រភេទនេះងាយស្រួលចិញ្ចឹម និងឆាប់ឱ្យផល។
កាលពីឆ្នាំ២០២៥ កម្មវិធីនេះ បានស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍ ដោយមានការចូលរួមពីកសិករ អ្នកគ្រប់គ្រងសហគមន៍ កម្មករ ម្ចាស់កសិដ្ឋាភ្ញាស់ពូជត្រី អ្នកផ្គត់ផ្គង់ចំណីត្រី អ្នកកែច្នៃ និងអ្នកធ្វើទីផ្សារនៅក្នុងមូលដ្ឋាន។
ចំណែកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍ជាអ្នកទទួលខុសត្រូវអនុវត្តកម្មវិធីនេះ ហើយអាចសហការជាមួយប្រជាពលរដ្ឋ និងសហគ្រាស ដែលជាកម្មសិទ្ធិរបស់ភូមិ និងរបស់សហគមន៍ក្នុងមូលដ្ឋាន។
រីឯទិន្នផលត្រី ដែលប្រមូលបាននឹងត្រូវលក់តាមរយៈសហគមន៍ ឬតាមរយៈស្ថាប័នពាក់ព័ន្ធទៅឱ្យអង្គភាពអាហារូបត្ថម្ភ លក់ទៅឱ្យផ្សារនានា សិប្បកម្មកែច្នៃ ភោជនីយដ្ឋាន និងបណ្តាញលក់រាយ៕ (ផាន់ អាណា)










