វៀតណាម៖ កសិករនៅវៀតណាមកំពុងប្រឈមនឹងការខាតបង់ ដោយសារតម្លៃស្រូវធ្លាក់ចុះរហូតដល់ទៅខ្ទង់ ១៧% ខណៈថ្លៃដើមផលិតមានការកើនឡើង។
កសិករកំពុងត្អូញត្អែរអំពីតម្លៃស្រូវប្រមូលផលបានហើយ បែរជាលក់ចេញបានតម្លៃទាប ដែលបណ្តាលឲ្យពួកគេប្រឈមនឹងការខាតប្រាក់រាប់លានដុង ស្របពេលជី ថ្នាំកសិកម្ម និងថ្លៃពលកម្មនៅតែមានតម្លៃខ្ពស់។
កសិករម្នាក់នៅខេត្តអានយ៉ាង ទើបតែប្រមូលផលស្រូវរបស់ខ្លួន ដោយស្រូវក្នុងមួយគីឡូក្រាមលក់ចេញវិញបានក្នុងតម្លៃ៦ ២០០ដុង ឬប្រហែល៩៥០រៀល ប៉ុណ្ណោះ ។
ដោយសារតម្លៃជីបានកើនឡើងពី១០ ទៅ១៥ភាគរយ បើប្រៀបធៀបនឹងការប្រមូលផលមុនៗ ការធ្លាក់ចុះនៃតម្លៃស្រូវបានធ្វើឱ្យកសិករ ខាតបង់ប្រាក់រាប់សិបលានដុង។
កសិករខ្លះនិយាយថា កាលពីមួយសប្ដាហ៍មុន តម្លៃស្រូវដែលឈ្មួញបានផ្ដល់ គឺប្រហែល១ ០៥០ រៀលក្នុងមួយគីឡូ ប៉ុន្តែ បច្ចុប្បន្ន ឈ្មួញឲ្យត្រឹមតែ៩៥០ ទៅ៩៨០រៀលប៉ុណ្ណោះ ។
កសិករបាននិយាយថា បើលក់បានក្នុងតម្លៃទាបបែបនេះ គឺគ្រាន់តែអាចគ្រប់គ្រាន់សម្រាប់ចំណាយលើជី និងថ្នាំកសិកម្មប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលថ្លៃពលកម្មនោះឡើយ ។
លោក ង្វៀន វិញចុង (Nguyen Vinh Trong) នាយកក្រុមហ៊ុនកែច្នៃស្រូវ បានពន្យល់ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃស្រូវ គឺបណ្តាលមកពីតម្រូវការស្រូវមានការថយចុះនៅទីផ្សារនាំចេញសំខាន់ៗ ដូចជា ប្រទេសហ្វីលីពីន ចិន និងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក។
លោកបន្ថែមថា ការរឹតបន្តឹងការផ្តល់ឥណទានរបស់ធនាគារក៏បានធ្វើឱ្យអាជីវកម្មពិបាកក្នុងការរកប្រាក់ទុន ដើម្បីទិញស្រូវពីកសិករផងដែរ។
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម ចាប់ពីដើមឆ្នាំរហូតដល់ខែសីហា ឆ្នាំ២០២៦នេះ វៀតណាមបាននាំចេញអង្ករធ្លាក់ចុះ៥ភាគរយ ហើយតម្លៃនាំចេញសរុបបានធ្លាក់ចុះ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ គេសន្និដ្ឋានថា តម្រូវការទីផ្សារនាំចេញសំខាន់ៗបានថយចុះ ហើយក្រុមហ៊ុនក៏ពិបាករកទុនពីធនាគារ ដើម្បីទិញស្រូវពីកសិករដែរ៕







