ហ្វីលីពីន៖ ប្រទេសហ្វីលីពីនអាចត្រូវការអង្ករនាំចូលរហូតដល់៥លានតោន ដើម្បីឱ្យមានអង្ករគ្រប់គ្រាន់ ព្រោះគ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលបណ្តាលមកពីបាតុភូត អែលនីញ៉ូ (El Niño) កំពុងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនធ្លាក់ចុះយ៉ាងខ្លាំង។
យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ហ្វីលីពីនបាននាំចូលអង្ករពីប្រទេសកម្ពុជា ប្រមាណ៣ ៥១០តោន ហើយអាចកើនឡើងរហូតដល់២០០ ០០០ តោន ក្នុងឆ្នាំ២០២៦ ហើយបើគិតត្រឹមថ្ងៃទី៩ ខែកក្កដា ២០២៦នេះ អង្ករកម្ពុជាប្រមាណ៦៩ ៧៧០តោន ត្រូវបាននាំចូលទីផ្សារហ្វីលីពីនរួចហើយ។
រដ្ឋមន្ត្រីកសិកម្ម ហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានប្រកាសបែបនេះ កាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំរដ្ឋសភា ស្តីពីថវិកាឆ្នាំ២០២៧ ដោយលោកលើកឡើងថា រដ្ឋាភិបាលកំពុងពិចារណាបង្កើនអង្ករ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធ្ងន់ធ្ងរ ហើយបានគ្រោងនាំចូលអង្ករនៅត្រីមាសទី១ ឆ្នាំ២០២៧។
លោកបានប្រាប់រដ្ឋសភាថា «វាជាការល្អប្រសើរជាង ប្រសិនបើយើងត្រៀមផ្គត់ផ្គង់អង្ករឱ្យបានគ្រប់គ្រាន់ ជាជាងរងចាំដោះស្រាយបញ្ហាខ្វះខាតអង្ករ»។
លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបាននាំចូលអង្ករប្រមាណ៤ លានតោន។ ផែនការផលិតកម្មស្រូវរបស់ប្រទេស នៅឆ្នាំ២០២៦នេះ ត្រូវបានកំណត់បរិមាណ១៩លានតោន។
លោកបាននិយាយថា «នៅចុងឆ្នាំនេះ បន្ទាប់ពីរដូវប្រមូលផលស្រូវ យើងត្រូវនាំចូលអង្ករបន្ថែម ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ត្រីមាសទី១ នៃឆ្នាំក្រោយ។ យើងកំពុងត្រៀមនាំចូលអង្ករទុកជាមុនរួចហើយ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៧។ យើងត្រូវមានស្តុកអង្ករបម្រុងឱ្យលើសពី៦០ថ្ងៃ ពីព្រោះអាកាសធាតុនាពេលនេះខុសប្លែកពីមុន»។
ប្រទេសហ្វីលីពីន គឺជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុតក្នុងពិភពលោក ហើយការប្រែប្រួលរបបទឹកភ្លៀងរដូវវស្សា រួមទាំងបាតុភូត អែលនីញ៉ូ ដែលកំពុងឈានជិតដល់កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ អាចបង្កឱ្យមានគ្រោះរាំងស្ងួត និងធ្វើឱ្យការផ្គត់ផ្គង់ស្រូវអង្ករជួបបញ្ហាខ្វះខាត។
កាលពីឆ្នាំ២០២៤ ប្រទេសហ្វីលីពីនបាននាំចូលអង្ករពីបរទេសចំនួន៣,៣៩លានតោន។ ចំណែកផែនការនាំចូលអង្ករក្នុងបរិមាណដ៏ច្រើនបំផុតនេះ គ្រាន់តែជាវិធានការបង្ការជាមុន ដើម្បីធានាការផ្គត់ផ្គង់ប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អង្គសភាទៀតថា ទិសដៅសំខាន់របស់រដ្ឋាភិបាលហ្វីលីពីន នៅតែផ្តោតសំខាន់លើការផ្តល់អាទិភាពដល់ផលិតកម្មក្នុងស្រុក និងការបង្កើនទិន្នផលស្រូវ។
លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បាននិយាយថា «ទិន្នផលស្រូវជាមធ្យមរបស់យើងក្នុងមួយហិកតាកំពុងកើនឡើង។ ចំណែកបញ្ហា គឺយើងពិតជាកំពុងតែរងផលប៉ះពាល់ខ្លាំងពីគ្រោះមហន្តរាយ ដូចជាព្យុះទីហ្វុង ទឹកជំនន់ ហើយឥឡូវនេះ គឺបាតុភូតអែលនីញ៉ូ»៕ (ផាន់ អាណា)










