ដោយ ផាន់ អាណា
ភ្នំពេញ៖ ក្នុងរយៈពេល៨ខែនៃ ឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបានចំនួន៧៩២ ២១២តោន តាមរយៈក្រុមហ៊ុននាំចេញចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣៣ បានបរិមាណអង្ករចំនួន២៣២ ៣១៩តោន គិតជាទឹកប្រាក់ចំនួន ១៧៥,៥៧ លានដុល្លារ។
ការនាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន១៧៧ ៧៨៣តោន គិតជាទឹកប្រាក់ចំនួន១០៥,៣៤លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ៣១៥ ០៨៨តោន គិតជាទឹកប្រាក់ចំនួន១២២,៩៣លានដុល្លារ និងទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បានចំនួន៦៧ ០២២តោន គិតជាទឹកប្រាក់ចំនួន៦០,៣៣លានដុល្លារ។
ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៧,៩៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង២៤,៤០ភាគរយ អង្ករចំហុយ១,៩១ភាគរយ អង្ករសរីរាង្គ១,២៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ១៤,២៦ភាគរយ និងអង្ករផ្សេងៗចំនួន ០,១៩ភាគរយ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ៣៥៦ ៩៦៩តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧៥៣,៤១លានដុល្លារ៕










