កដ្ឋមណ្ឌួ៖ នាយករដ្ឋមន្ត្រីនេប៉ាល់ បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ទឹកជំនន់ដ៏សាហាវនៅតំបន់ភ្នំហេមពាន្វ មិនមែនជាហេតុការណ៍ធម្មតានោះទេ ប៉ុន្តែត្រូវបានបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ ហើយលោកបានអំពាវនាវឱ្យធ្វើសកម្មភាពជាអន្តរជាតិ។
រលកត្រជាក់ធ្លាក់ពីកំពូលភ្នំដ៏ខ្លាំងមហិមា លាយឡំជាមួយកម្ទេចកម្ទី ដែលកើតឡើងបន្ទាប់ពីផ្ទាំងទឹកកករលំ នៅតាមព្រំដែនចិន–នេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩៣៩នាក់ និងបាត់ខ្លួនជិត៤ ៥០០នាក់។ រដ្ឋាភិបាលនេប៉ាល់បានព្រមានថា ថ្លៃតម្រូវការទឹកប្រាក់សម្រាប់ការស្តារឡើងវិញ អាចកើនដល់រាប់ពាន់លានដុល្លារ។
នាយករដ្ឋមន្ត្រីនេប៉ាល់ លោក បាលេន្ត្រា ហ្សាស (Balendra Shah) បានសរសេរនៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះថា ទឹកជំនន់តាមដងទន្លេ ក្នុងប្រទេសនេប៉ាល់ មិនមែនជាទឹកជំនន់ធម្មតានោះទេ។ វាគឺជាគ្រោះមហន្តរាយដ៏ធំមហិមាមួយ ក្នុងចំណោមគ្រោះមហន្តរាយធំៗនៅក្នុងតំបន់ ដែលបង្កឡើងដោយការបាក់ផ្ទាំងទឹកកក នៅតំបន់ភ្នំហេមពាន្វ។
លោកនាយករដ្ឋមន្ត្រី បានបន្ថែងា ទោះបីមូលហេតុពិតប្រាកដនៃការរលំបាក់ធ្លាក់ទឹកកកមានអាយុរាប់ពាន់ឆ្នាំនេះ នៅមិនទាន់ច្បាស់លាស់ក៏ដោយ ក៏ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យផ្ទាំងទឹកកករលាយនៅទូទាំងពិភពលោក ដែលបង្កើនជាហានិភ័យនៃគ្រោះមហន្តរាយបែបនេះ។
អ្នកវិទ្យាសាស្ត្របាននិយាយថា ផ្ទាំងទឹកកកលើជួរភ្នំហេមពាន្វ ដែលជាជួរភ្នំខ្ពស់ជាងគេបំផុតក្នុងពិភពលោក កំពុងរលាយលឿនជាងមុន ខណៈសីតុណ្ហភាពពិភពលោកកើនឡើង។
លោកនាយករដ្ឋមន្ត្រីនេប៉ាល់ បានបន្ថែមថា «ឧបទ្ទវហេតុនេះបង្ហាញថា ហានិភ័យ ដែលយើងជួបប្រទះនៅតំបន់ភ្នំហេមពាន្វ កំពុងកើនឡើងជាបន្តបន្ទាប់រួមជាមួយការប្រែប្រួលអាកាសធាតុ។ ដូច្នេះ តំបន់នេះត្រូវតែបន្តមានការប្រុងប្រយ័ត្នខ្ពស់។
ប្រទេសនេប៉ាល់ ដែលជាប្រទេសមានប្រជាជនប្រមាណ៣០លាននាក់ និងភាគច្រើនរស់នៅតាមជនបទ បានរួមចំណែកតិចតួចប៉ុណ្ណោះចំពោះការបញ្ចេញឧស្ម័នធ្វើឱ្យផែនដីឡើងកម្ដៅ។ ផ្ទុយទៅវិញ ការបញ្ចេញឧស្ម័នក្នុងបរិមាណដ៏ច្រើន ត្រូវបានបង្កឡើងជាចម្បងដោយប្រទេសអ្នកមាន និងជាប្រទេសឧស្សាហកម្ម។ ទោះជាយ៉ាងណា ប្រជាជននេប៉ាល់កំពុងទទួលរងផលវិបាកពីការប្រែប្រួលអាកាសធាតុនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) ដែលបានធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ ក្នុងឆ្នាំ២០២៣ បានព្រមានថា តំបន់ភ្នំហេមពាន្វកំពុងប្រឈមនឹងការរលាយផ្ទាំងទឹកកកយ៉ាងឆាប់រហ័ស ហើយបាននិយាយថា «ដំបូលពិភពលោកកំពុងបាក់រលំ»៕ (ផាន់ អាណា)










