ម៉ានីល៖ ដើម្បីទប់ស្កាត់ការខូចខាតផលដំណាំក្រោយពេលប្រមូលផល និងការធ្លាក់ចុះតម្លៃកសិផល នៅនឹងកសិដ្ឋាន ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា នឹងពង្រឹងប្រព័ន្ធជូនដំណឹងជាមុន សម្រាប់វិស័យកសិកម្ម។
ភ្នាក់ងារជំនួយទីផ្សារកសិកម្មរបស់ក្រសួងកសិកម្ម បានិយាយថា ប្រព័ន្ធនេះអាចជួយព្យាករណ៍ជាមុនអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ និងអាចភ្ជាប់ទំនាក់ទំនងរវាងកសិករក្នុងស្រុក និងអ្នកទិញ បានទាន់ពេលវេលា។
ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មន្ត្រីក្រសួងកសិកម្មទទួលបន្ទុកផ្នែកអាជីវកម្មកសិកម្ម ទីផ្សារ និងកិច្ចការអ្នកប្រើប្រាស់ បាននិយាយថា យុទ្ធសាស្ត្រនេះនឹងផ្តល់ឱ្យរដ្ឋាភិបាលហ្វីលីពីននូវទស្សនៈវិស័យច្បាស់លាស់ជាងមុនអំពីស្ថានភាពទីផ្សារ និងការផ្គត់ផ្គង់កសិផល។
មន្ត្រីរូបនេះបានមានប្រសាសន៍ថា «ប្រព័ន្ធតាមដាននេះនឹងផ្តល់សញ្ញាព្រមានអំពីផលដំណាំ ដែលនឹងត្រូវប្រមូលផលក្នុងពេលខាងមុខ ការរំខានដោយអាកាសធាតុ និងការវិវឌ្ឍផ្សេងៗទៀត ដែលអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីឱ្យយើងអាចចាប់ផ្តើមផ្តល់ជំនួយបានលឿនជាងមុន»។
ប្រព័ន្ធជូនដំណឹងនេះនឹងគ្របដណ្តប់លើការព្យាករណ៍លើទិន្នផលដំណាំ ដែលត្រូវប្រមូលផលជាប្រចាំ ការតាមដានតម្លៃកសិផលនៅនឹងកសិដ្ឋាន និងការកំណត់សញ្ញា ដែលតម្រូវឱ្យមានជំនួយផ្នែកដឹកជញ្ជូន និងជំនួយផ្សេងៗ។
មន្ត្រីខាងលើនេះបាននិយាយបន្ថែមថា ប្រព័ន្ធព្រមាននេះនឹងជួយពង្រឹងការរៀបចំផែនការរបស់ស្ថាប័ន ជួយទប់ស្កាត់ទង្វើទុច្ចរិត និងការកេងប្រវ័ញ្ចពីអ្នកទិញ និងឈ្មួញកណ្តាល ព្រមទាំងបង្កលក្ខណៈឱ្យរដ្ឋាភិបាលឆ្លើយតបបានលឿនជាងមុនចំពោះកង្វោះខាតការផ្គត់ផ្គង់ ឬការរំខានដល់ទីផ្សារ។
ជាពិសេស ភ្នាក់ងារជំនួយទីផ្សារកសិកម្មរបស់ក្រសួងកសិកម្ម ត្រូវប្រើប្រាស់ប្រព័ន្ធព្រមានជាមុននេះ ដើម្បីការពារប្រាក់ចំណូល និងសុខុមាលភាពរបស់កសិករ ជាពិសេសអ្នកដាំបន្លែ។ មូលហេតុ គឺប្រសិនប់ការផ្គត់ផ្គង់បន្លែលើសតម្រូវការទីផ្សារជាបន្តបន្ទាប់ តែងតែធ្វើឱ្យទីផ្សារទទួលយកមិនទាន់ ហើយបង្ខំឱ្យកសិករយកបន្លែលក់មិនចេញទៅចាក់ចោលតាមដងផ្លូវ ដោយសារតែថ្លៃដឹកជញ្ជូនខ្ពស់។
ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រព័ន្ធព្រមានជាមុននេះនឹងជួយបំពេញចន្លោះខ្វះខាត ស្របពេលរដ្ឋាភិបាលកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដូចជាឃ្លាំងស្តុកត្រជាក់ និងរោងចក្រកែច្នៃបន្លែ ដើម្បីទប់ស្កាត់ការខូចខាតកសិផលក្នុងស្រុក៕ (ផាន់ អាណា)










