វៀងចន្ទន៍៖ ពាណិជ្ជកម្មតាមផ្លូវរថភ្លើងឡាវ-ចិន បានកើនឡើងជិត៣ ០០០លានដុល្លារ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦នេះ ដែលកើនឡើងជិត៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះ កំពុងពង្រីកឥទ្ធិពលវិជ្ជមានបន្ថែមទៀត លើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កសិផលរបស់កម្ពុជាក៏មានការដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ប្រទេសឡាវ ចូលទៅទីផ្សារចិនផងដែរ ។
ខ្សែផ្លូវរថភ្លើងនេះតភ្ជាប់១៩ប្រទេស និងតំបន់ ហើយផ្តល់នូវកម្លាំងចលករប្រកបដោយចីរភាព សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។
រហូតមកដល់ពេលនេះ ផ្លូវរថភ្លើងចិន-ឡាវ បានបម្រើសេវាកម្មដល់ប្រតិបត្តិករពាណិជ្ជកម្មបរទេសជាង៧ ០០០ក្រុមហ៊ុន នៅក្នុងប្រទេសចិន។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅពេលបណ្តាប្រទេសជាសមាជិកអាស៊ាន ឈានចូលដល់រដូវសម្រុកនាំចេញផ្លែឈើតាមផ្លូវរថភ្លើងចិន-ឡាវ កសិផលមកពីបណ្តាប្រទេសតាមដងផ្លូវរថភ្លើងនេះ កំពុងទទួលបានការនាំចេញកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន។ ចំណែកផលិតផលឧស្សាហកម្មរបស់ចិន កំពុងក្លាយជាកម្លាំងចលករថ្មីនៃកំណើនពាណិជ្ជកម្មឆ្លងដែនផងដេរ ៕ (ផាន់ អាណា)










