វៀតណាម៖ កសិករវៀតណាមខ្លះ ដែលជាអ្នកដាំដំណាំកាហ្វេនៅតំបន់ខ្ពង់រាបកណ្ដាលរបស់វៀតណាម បានកាប់ដើមកាហ្វេចោល ដើម្បីយកដីដាំដំណាំទុរេនវិញ ដោយសង្ឃឹមថា ងាយស្រួលនាំចេញទៅលក់នៅក្នុងប្រទេសចិន និងទទួលបានប្រាក់ចំណូលខ្ពស់។
ទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ (AFP) របស់បារាំងបានសម្ភាសន៍កសិករដាំកាហ្វេម្នាក់ នៅខេត្តដាក់ឡាក់ (Dak Lak) ភាគកណ្ដាលវៀតណាម ហើយត្រូវបានដកស្រង់ផ្សាយបន្តដោយសារព័ត៌មា ឌឺ ស្តារ (The Star) របស់ម៉ាឡេស៊ី ដោយលើកឡើងថា កសិករដាំកាហ្វេកំពុងប្តូរទៅដាំដំណាំទុរេនវិញម្តង ដើម្បីឆក់យកឱកាសឆាប់ធ្វើជាអ្នកមាន តាមរយៈតម្រូវការផ្លែទុរេនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងចំណោមប្រជាជនចិន។
កសិករឈ្មោះ ផាម សួនឡាន (Pham Xuan Lan) អាយុ៥៦ឆ្នាំ បានបង្ហាញចម្ការរបស់លោកដល់អ្នកសារព័ត៌មាន ហើយនិយាយថា «ដាំកាហ្វេ អ្នកអាចរស់នៅបានត្រឹមម៉ាសមរម្យ ប៉ុន្តែបើដាំទុរេន ទើបអាចធ្វើឱ្យអ្នកមានបាន»។
ដោយអាកាសធាតុត្រូពិចអំណោយផល និងដីមានជីជាតិល្អ តំបន់ខ្ពង់រាបកណ្ដាលដ៏ស្រស់បំព្រងនេះ អាចផលិតគ្រាប់កាហ្វេពូជរ៉ូបូស្តា (Robusta) ក្នុងបរិមាណដ៏ច្រើន ហើយវៀតណាមឈរនៅលំដាប់ទីពីរ ជាអ្នកផលិតកាហ្វេច្រើនជាងគេលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល។
ប៉ុន្តែផ្ទៃដីដាំទុរេននៅក្នុងខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី របស់កម្ពុជា បានកើនឡើងជាងប្រាំដងក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដោយកើនដល់ប្រហែល២សែនហិកតា នៅទូទាំងប្រទេសវៀតណាម។ នេះបើយោងតាមក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម។
វៀតណាមទើបតែអាចនាំចូលផ្លែទុរេន ទៅក្នុងទីផ្សារចិន បន្ទាប់ពីមានពិធីសារពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២។ នៅឆ្នាំ២០២៤ វៀតណាម បានក្លាយជាប្រទេសផ្គត់ផ្គង់ផ្លែទុរេនឱ្យទីផ្សារចិនច្រើនជាងគេបំផុត ព្រមទាំងបានផ្តួលជើងឯកទីផ្សារផ្លែទុរេនរបស់ថៃ នៅក្នុងប្រទេសចិន។
កសិករ ផាម សួនឡាន បានចាប់ផ្តើមដាំទុរេនមុនគេ នៅក្នុងខេត្តដាក់ឡាក់ ហើយបច្ចុប្បន្នមានដើមទុរេន ប្រហែល៤០០ដើម ដោយអាចផ្តល់ទិន្នផលសរុបប្រហែល៦០តោន សម្រាប់នាំចេញតាមទូកុងតឺន័រត្រជាក់ ដឹកឆ្លងកាត់ចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ ចូលទៅក្នុងប្រទេសចិន។
កសិករម្នាក់នេះកំពុងរំពឹងថា អាចរកចំណូលបានប្រហែល៧៦ ០០០ដុល្លារ នៅឆ្នាំ២០២៦នេះ ប៉ុន្តែប្រសិនបើលោកនៅតែដាំដំណាំកាហ្វេ លោកអាចរកបានប្រាក់ត្រឹមប្រហែល១ម៉ឺនដុល្លារប៉ុណ្ណោះ។
លោកបាននិយាយថា «ដោយសារទុរេន ខ្ញុំអាចទិញរថយន្ត និងសាងសង់ផ្ទះសម្រាប់កូនៗ ហើយថែមទាំងអាចសាងសង់វីឡាសម្រាប់គ្រួសាររបស់ខ្ញុំទៀតផង»៕ (ផាន់ អាណា)










