កំពង់ធំ៖ ក្រុមហ៊ុន អេមរូរ៉ាយស៍ ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយនៅកម្ពុជាចាប់ផ្តើមប្រមូលទិញស្រូវពីកសិករនៅខេត្តកំពង់ធំពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០២៦នេះ ក្នុងបរិមាណប្រមាណ៤,០០០តោន តាមកិច្ចសន្យាកសិកម្មផលិតកម្មកសិកម្ម។
ក្រៅពីហ៊ុន អេមរូរ៉ាយស៍ នៅមានរោងម៉ាស៊ីនកិនស្រូវជាច្រើនទៀតកំពុងតែធ្វើសកម្មភាពចុះទិញស្រូវផ្ទាល់ពីកសិករនៅតាមបណ្តាខេត្ត តាមការអំពាវនាវរបស់សហព័ន្ធអង្ករកម្ពុជានិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូរ៉ាយស៍បានមានប្រសាសន៍ថា នៅសប្តាហ៍ក្រោយទៀតក្រុមហ៊ុនលោកនឹងត្រៀមទិញស្រូវប្រមាណ ៨,០០០តោនទៀត តាមកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីចូលឡសម្ងួតសម្រាប់កិនជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ។
ឧកញ៉ា សុង សារ៉ន បានឲ្យដឹងថា នៅកំពង់ធំ អេមរូរ៉ាយស៍ កំពុងមមាញឹក ក្នុងការទិញស្រូវពីកសិករពីតំបន់មួយចំនួនក្នុងខេត្ត ហើយការទិញពីវាលស្រែទៅរោងចក្រ ដើម្បីកិនជាអង្ករសម្រាប់លក់លើទីផ្សារដែលគ្រប់ជំហានគឺ ជាការខិតខំរួមគ្នារបស់កសិករ និងក្រុមហ៊ុន មិនមែនជាហេតុផលដែលយើងត្រូវទុកកសិករចោលនោះទេ។
ឧកញ៉ា សុង សារ៉ន បានបញ្ចាក់ថា យើងបានឈានជើងទៅដល់ទីនោះ ដោយបង្កើត ឡសម្ងួត ឃ្លាំងស្រូវ និងម៉ាស៊ីនកិន ដើម្បីឱ្យកសិករនៅតំបន់ដាច់ស្រយាល អាចមានទីតាំងប្រមូលទិញ និងកែច្នៃនៅជិតពួកគាត់ផងដែរ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់សមាជិករបស់សហ័ន្ធស្រូវអង្ករកម្ពុជាដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ចូលរួមជួយប្រមូលទិញស្រូវពីប្រជាកសិករនៅរដូវច្រូតកាត់នាខែសីហានេះឲ្យអស់លទ្ធភាពនិងមានតម្លៃល្អលើទីផ្សារ ដើម្បីរក្សាស្ថេរភាពថ្លៃ។
ការអំពាវនាវរបស់ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដូច្នោះ ខណៈពេលនៅចុងខែសីហាឆ្នាំ២០២៦នេះ តម្លៃស្រូវមិនប្រកាន់រដូវមានដូចជា ស្រូវសែនក្រអូប ស្រូវស្រងែ និងស្រូវ OM 5451 បានធ្លាក់ចុះតម្លៃ គិតត្រឹមថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៦នេះ ប៉ុន្តែមិនធ្លាក់ចុះខ្លាំងនោះដែរ។៕










