ភ្នំពេញ៖ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី កំពុងជំរុញឱ្យពាណិជ្ជករម៉ាឡេស៊ី ពង្រីកទីកន្លែងរកស៊ីរបស់ខ្លួន ចូលទៅក្នុងតំបន់ទន្លេមេគង្គក្រោម បន្ទាប់ពីមានការដាក់ទុនវិនិយោគនៅកម្ពុជា ដោយទទួលបានទឹកប្រាក់រហូតដល់ជាង១៨៦លានរីងហ្គិត ឬស្មើនឹងប្រមាណជាង៤០លានដុល្លារ។
លោក រីហ្សាល មេរីកាន់ (Reezal Merican) ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី បានឱ្យដឹងថា ប្រាក់ចំណូលរកបានពីការធ្វើពាណិជ្ជកម្មនៅកម្ពុជានេះ គឺលើសពីផែនការគ្រោងទុកដំបូងត្រឹមតែ១០០លានរីងហ្គិតទៅទៀត ដែលនេះបង្ហាញថា ការនាំចេញទៅកាន់ទីផ្សារអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។
លោកបានថ្លែងក្នុងសន្និសីទកាសែតនៅ រាជធានីភ្នំពេញថា “ប្រទេសកម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ដែលជួយឱ្យធុរកិច្ចម៉ាឡេស៊ី ងាយស្រួលចូលទៅកាន់ទីផ្សារឥណ្ឌូចិន និងតំបន់មេគង្គ។ ពួកយើងមើលឃើញកម្ពុជាថា ជាច្រកទ្វារដ៏សំខាន់សម្រាប់ទំនិញម៉ាឡេស៊ី ដើម្បីបោះជំហានចូលទៅកាន់តំបន់មេគង្គ ដោយសារកម្ពុជាមានទីតាំងល្អ ដែលអាចដើរតួនាទីជាស្ពានចម្លង ឆ្ពោះទៅកាន់ប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម។
តំបន់ទន្លេមេគង្គក្រោម រួមមាន កម្ពុជា ចិន មានដូចជាខេត្តយូណាន និងខេត្តក្វាងស៊ី ឡាវ ភូមា និងវៀតណាម ដែលមានប្រជាជនសរុបជាង៣០០លាននាក់ គឺជាទីផ្សារប្រើប្រាស់ដ៏ធំសម្បើមសម្រាប់ផលិតផលម៉ាឡេស៊ី។ ម្យ៉ាងវិញទៀត តំបន់តាមដងទន្លេមេគង្គនេះ ក៏សម្បូរទៅដោយផលិតផលកសិកម្ម ធនធានជលផល និងរ៉ៃផ្សេងៗ ដូចជា មាស ស្ពាន់ ដែក ប្រេង និងឧស្ម័នជាដើម។
លោក រីហ្សាល មេរីកាន់ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន បានកើនឡើងដល់៤,៤ទ្រីលានដុល្លារ កាលពីឆ្នាំមុន ប៉ុន្តែការរកស៊ីរវាងប្រទេសក្នុងអាស៊ានផ្ទាល់ មានត្រឹមតែប្រហែល២១,៤ភាគរយប៉ុណ្ណោះ ខណៈភាគច្រើនយើងនាំចេញទៅក្រៅតំបន់អាស៊ានទៅវិញ។
ក្នុងវេទិកាធុរកិច្ចម៉ាឡេស៊ី-កម្ពុជាលោក បានលើកឡើងថា ទោះបីជាយើងជាប្រទេសជិតខាងគ្នា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងមានសេដ្ឋកិច្ចរីកចម្រើនក៏ដោយ ប៉ុន្តែការរកស៊ីភាគច្រើនរបស់យើងនៅតែធ្វើឡើងជាមួយប្រទេសក្រៅអាស៊ាន។ នេះមិនមែនជាចំណុចខ្សោយទេ តែវាគឺជាឱកាស។ ដូច្នេះហើយ ទើបម៉ាឡេស៊ីមើលឃើញកម្ពុជា មិនមែនត្រឹមតែជាដៃគូពាណិជ្ជកម្មទ្វេភាគីធម្មតានោះទេ ប៉ុន្តែជាផ្នែកដ៏សំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចអាស៊ានទាំងមូល។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ម៉ាឡេស៊ី បានបញ្ជូនគណៈប្រតិភូរបស់ខ្លួន មកបំពេញបេសកកម្មរយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្វែងរកឱកាសវិនិយោគ និងពង្រឹងវត្តមានទំនិញរបស់ម៉ាឡេស៊ីនៅលើទីផ្សារកម្ពុជា៕ (អៀវ ឈៀងនី)










