ហ្សាកាតា៖ ក្នុងឆ្នាំ ២០២៥ ការទទួលទានមីឆុងនៅប្រទេសឥណ្ឌូនេស៊ី មានរហូតដល់ទៅ ១៤,៥ ពាន់លានកញ្ចប់ និងកំប៉ុង ប៉ុន្តែ ចំនួននេះ មានការធ្លាក់ចុះ ១% បើធៀបនឹងឆ្នាំ ២០២៤។
បច្ចុប្បន្ន ឥណ្ឌូនេស៊ីជាប្រទេស ដែលទទួលទានមីច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពីប្រទេសចិនបូកជាមួយនឹងហុងកុង ដែលទទួលទានមីឆុងរហូតដល់ទៅ៤៣ពាន់លានកញ្ចប់ និងកំប៉ុង ។
ការធ្លាក់ចុះ នៃតម្រូវការមីឆុងនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺដោយសារតែតម្លៃកើនឡើង វត្ថុធាតុដើមក្នុងការផលិតខ្ពស់ គួបផ្សំនិងសមត្ថភាពចំណាយរបស់ប្រជាជនធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយសមាគមមីឆុងពិភពលោក។
ទោះជាបែបនេះក្ដី មីឆុងប្រភេទកំប៉ុងបានបន្តពង្រីកទីផ្សាររបស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី ហើយគេរំពឹងថា ទីផ្សារមីឆុងជារួមនឹងកើនឡើងមកវិញ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៥ តម្រូវការមីឆុងបានកើនឡើងរហូតដល់ទៅ១២៤ពាន់លានកញ្ចប់ និងកំប៉ុង ហើយទីផ្សារធំៗសម្រាប់មីឆុង និងមីកញ្ចប់នេះ មានដូចជាចិននិងហុងកុង ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម និងប្រទេសជប៉ុន ។
ប្រទេសដែលទទួលទានមីឆុងច្រើនជាងគេបន្ទាប់មកទៀត រួមមាន សហរដ្ឋអាម៉េរិក ហ្វីលីពីន ថៃ កូរ៉េខាងត្បូង និងនីហ្សេរីយ៉ាជាដើម៕ (ផាន់ អាណា)













