ដោយ នៅ ស៊ីវុត្ថា
ព្រៃវែង៖ ការចាប់របរតូចតាច ដូចជាការចិញ្ចឹមត្រី និងការចិញ្ចឹមមាន់ស្រែ មិនត្រឹមតែជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។
លោក ឈន ខាន វ័យជាង៤០ឆ្នាំ ដែលបច្ចុប្បន្នរស់នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានប្រកបមុខរបរចិញ្ចឹមត្រី និងមាន់ស្រែអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ។ មុខរបរនេះបានក្លាយជាប្រភពចំណូលសំខាន់មួយសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងអាចបែងចែកថវិកាមួយផ្នែកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗផងដែរ។
លោកបានរៀបរាប់ថា ផ្តើមចេញពីមុខរបរខ្នាតតូចដែលអាស្រ័យលើកម្លាំងពលកម្ម និងការខិតខំប្រឹងប្រែងរបស់សមាជិកគ្រួសារ ការចិញ្ចឹមត្រីអណ្ដែង ត្រីឆ្ពិន និងមាន់ស្រែ បានជួយបង្កើតចំណូលប្រមាណ១លាន៥សែនរៀល ជាប្រចាំខែ សម្រាប់សម្រាលបន្ទុកចំណាយប្រចាំថ្ងៃ និងការសិក្សារបស់កូនៗ។
កសិកររូបនេះបានឱ្យដឹងទៀតថា បច្ចុប្បន្ន លោកមានស្រះចិញ្ចឹមត្រីសរុបចំនួន៦ស្រះ ក្នុងនោះ៣ស្រះបានដាក់កូនត្រីចិញ្ចឹមរួចរាល់ហើយ ដោយក្នុងមួយស្រះដាក់កូនត្រីប្រមាណ២០គីឡូក្រាម ខណៈ៣ស្រះទៀតកំពុងរៀបចំ និងត្រៀមដាក់កូនត្រីបន្ថែម។
ក្រៅពីការចិញ្ចឹមត្រី កសិករ ឈន ខាន ក៏បានចាប់មុខរបរបន្ថែមដោយចិញ្ចឹមមាន់ស្រែប្រមាណពី៥០ ទៅ៦០ក្បាល ដោយប្រើប្រាស់ពូជក្នុងស្រុក។ លោកបន្ថែមថា មាន់ដែលចិញ្ចឹមបាន គឺមានអតិថិជនមកទិញជាបន្តបន្ទាប់ដល់ទីកន្លែង ដែលធ្វើឱ្យលោកមានប្រភពចំណូលបន្ថែមមួយផ្នែកទៀតចូលមកក្នុងគ្រួសារ។
លោក ឈន ខាន បានបញ្ជាក់ដោយក្តីរីករាយថា ការប្រកបមុខរបរនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោកឱ្យមានភាពធូរធារ និងមានស្ថិរភាពជាងមុន។
តាមរយៈបទពិសោធន៍របស់លោក ឈន ខាន បានបង្ហាញយ៉ាងច្បាស់ថា ការចិញ្ចឹមត្រី និងមាន់ស្រែ ទោះបីជាចាប់ផ្តើមក្នុងទ្រង់ទ្រាយតូចតាចតាមលទ្ធភាពគ្រួសារក៏ដោយ ប៉ុន្តែប្រសិនបើមានការខិតខំប្រឹងប្រែងអត់ធ្មត់ និងយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសថែទាំ មុខរបរនេះពិតជាអាចក្លាយជាប្រភពចំណូលដ៏រឹងមាំមួយ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែរុងរឿង និងមានចីរភាព៕










