ឥណ្ឌា៖ ត្រីអណ្ដែងពូជថៃ ចំនួន៣៦តោន ត្រូវបានអាជ្ញាធរប្រទេសឥណ្ឌាបំផ្លាញចោល ព្រោះជាពូជត្រីដែលគេហាមមិនឲ្យចិញ្ចឹម និងជាប្រភពមេរោគ មហារីក ។
មន្ត្រីឥណ្ឌាបានបង្កើនការបង្ក្រាបលើការចិញ្ចឹមត្រីអណ្ដែងពូជកូនកាត់នាំចូលពីប្រទេសថៃនេះ ដោយបានបំផ្លាញចោលអស់ជាង៣៦តោន កាលពីពេលថ្មីៗ ។
មន្ត្រីជំនាញរបស់ឥណ្ឌាបានកំណត់ទីតាំងស្រះចិញ្ចឹមទាំងនេះដោយប្រើផែនទីហ្គូហ្គល (Google Maps) ហើយបន្ទាប់មកបានផ្ទៀងផ្ទាត់ព័ត៌មានអំពីការចិញ្ចឹម និងការលក់ត្រីអណ្ដែងថៃហាមខាត់ តាមរយៈ គិញបន្លំជាអតិថិជន។
ក្រុមបង្ក្រាប រួមជាមួយមន្ត្រីជលផល បានប្រើសំណាញ់កៀរយកត្រីអណ្ដែងថៃខុសច្បាប់ជាង៣៦តោន ចេញពីកន្លែងចិញ្ចឹមទាំង១១ស្រះ។ បន្ទាប់មកកប់ត្រីទាំងរស់ទៅក្នុងរណ្តៅដ៏ធំមួយ ដើម្បីកម្ទេចចោលទាំងស្រុងតែម្តង។
មន្ត្រីនាយកដ្ឋានជលផលរបស់ឥណ្ឌា បានឱ្យដឹងទៀតថា ត្រីអណ្ដែងថៃខុសច្បាប់ប្រហែល៥១តោន ត្រូវបានកម្ទេចចោលក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរយៈពេលបីខែកន្លងមកនេះ។
មន្ត្រីពាក់ព័ន្ធបាននិយាយថា ការត្រួតពិនិត្យស្រះ និងទីតាំងសង្ស័យចិញ្ចឹមត្រីខុសច្បាប់ នឹងត្រូវបន្តធ្វើនៅទូទាំងរដ្ឋមហារាស្ត្ររបស់ឥណ្ឌា ។
បណ្ដាញសារព័ត៌មានឥណ្ឌា បានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវា ដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរគ្រប់ទីកន្លែង។ ពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌាបាត់បង់រហូតដល់៧០ភាគរយ ហើយក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។
មន្ត្រីប្រទេសឥណ្ឌាបានព្រមានថា អ្នកបរិភោគត្រីអណ្ដែងថៃកូនកាត់អាចកើតជំងឺមហារីកលឿនណាស់ ដោយសារត្រីនេះគេច្រើនតែចិញ្ចឹមដោយគ្មានអនាម័យ និងឱ្យវាស៊ីចំណីធ្វើពីសាច់ស្អុយរលួយលាយជាមួយស្ពៃ ដែលបំពុលទឹកឱ្យស្អុយកខ្វក់ និងបង្កើតមេរោគ៕ (ផាន់ អាណា)







