បេកាំង៖ នៅឆ្នាំ២០២៥ ចិននាំចេញផ្លែទំពាំងបាយជូរស្រស់ទៅកាន់ទីផ្សារពិភពលោកច្រើនជាងប្រទេសណាណាទាំងអស់ គឺរហូតដល់ទៅជិត៨៦ម៉ឺនតោន ដែលស្មើនឹង១៧% នៃបរិមាណទំពាំងបាយជូរនាំចេញក្នុងពិភពលោក ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ការនាំចេញផ្លែទំពាំងបាយជូសរុបមានចំនួន ជាង៥លានតោន គិតជាទឹកប្រាក់ប្រមាណជាង១០ពាន់លានដុល្លារ ។ នេះបើយោងតាមឯកសារផ្លូវការអំពីទីផ្សារអន្តរជាតិសម្រាប់ផ្លែទំពាំងបាយជូរស្រស់ ឆ្នាំ២០២៦ ។
ប្រទេសចិនបានពង្រឹងកិត្តិនាមរបស់ខ្លួនជាប្រទេសនាំចេញផ្លែទំពាំងបាយជូរច្រើនជាងគេបង្អស់ ដោយតាមពីក្រោយដោយប្រទេសប៉េរូ ដែលនាំចេញបានជិត៧០ម៉ឺនតោន និងប្រទេសឈីលី នាំចេញបាន៥៦ម៉ឺនតោន ។
ការដែលប្រទេសចិនអាចនាំចេញបានច្រើនបែបនេះ គឺដោយសារកំណើនឥតឈប់ឈរនៃផលិតកម្មក្នុងស្រុក ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដែលបានកាត់បន្ថយការពឹងផ្អែកលើការនាំចូល ។ ចិនបានកាត់បន្ថយការនាំចូលផ្លែទំពាំងបាយជូរស្រស់ពី១២ភាគរយ ក្នុងឆ្នាំ២០១៦ មកនៅត្រឹមបួនភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុករបស់ចិន។
ផ្អែកលើតម្រូវការទីផ្សារ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសនាំចូលផ្លែទំពាំងបាយជូរស្រស់ច្រើនជាងគេបំផុតលើពិភពលោក ហើយបន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ ប្រទេសហូឡង់ និងចក្រភពអង់គ្លេស៕ (ផាន់ អាណា)










