ដោយ នៅ ស៊ីវុត្ថា
កំពត៖ ព្រាបសាច់នៅកម្ពុជាហាក់កំពុងមានតម្រូវការច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន សម្រាប់យកធ្វើជាមុខម្ហូបអាហារ ។
ស្ថានភាពនេះបានជំរុញឱ្យកសិករចិញ្ចឹមព្រាបសាច់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរនេះ ចូលរួមចិញ្ចឹមបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការលើកឡើងរបស់កសិករចិញ្ចឹមព្រាបសាច់ នៅខេត្តកំពត។
លោក រី រ៉ាឈីត កសិករចិញ្ចឹមព្រាបសាច់ ស្ថិតនៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតមើលឃើញរបស់លោក នាពេលបច្ចុប្បន្ននេះ ព្រាបសាច់មានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ខណៈលោកមិនទាន់អាចផ្គត់ផ្គង់បានទាន់ពេលវេលាតាមតម្រូវការរបស់អតិថិជននៅឡើយ។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនបរិមាណផលិតកម្ម និងឆ្លើយតបនឹងតម្រូវការទីផ្សារ លោកគ្រោងពង្រីកទ្រុងចិញ្ចឹម និងបង្កើនការចិញ្ចឹមមេពូជឱ្យបានរាប់ម៉ឺនគូរបន្ថែមទៀត។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរចិញ្ចឹមព្រាប ឱ្យចូលរួមចិញ្ចឹមបន្ថែម ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ ព្រោះការចិញ្ចឹមព្រាបសាច់មានភាពងាយស្រួល បើធៀបជាមួយនឹងការចិញ្ចឹមសត្វមាន់។
ទាក់ទិននឹងទីផ្សារព្រាបសាច់នេះដែរ លោក អ៊ីវ ផល្លារ អ្នកផ្គត់ផ្គង់ព្រាបសាច់សម្រាប់លក់បន្តនៅតាមភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កសិករដែលចិញ្ចឹមព្រាបសាច់ ហើយចេះធ្វើទីផ្សារតាមបណ្តាញសង្គមដោយខ្លួនឯង ដូចលោក រី រ៉ាឈីត ទៀតនោះ នឹងអាចទាក់ទាញតម្រូវការច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋាន។
ទោះជាយ៉ាងណា លោកបានលើកឡើងថា ក្នុងរយៈពេលកន្លងមក ទីផ្សារព្រាបសាច់ក្នុងស្រុកហាក់ជួបបញ្ហាប្រឈមដោយសារមានឈ្មួញនាំចូលព្រាបសាច់ពីប្រទេសវៀតណាមមកផ្គត់ផ្គង់នៅក្នុងស្រុកច្រើន និងការចាកចេញរបស់ពលរដ្ឋចិនពីកម្ពុជា ខណៈកន្លងទៅលោកទទួលបញ្ជាទិញពីភោជនីយដ្ឋានរាប់រយក្បាលក្នុងមួយថ្ងៃៗ ។
ជុំវិញបញ្ហាខាងលើនេះ លោកបានអំពាវនាវដល់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំចូលព្រាបសាច់ពីក្រៅប្រទេស ជាពិសេសពីប្រទេសវៀតណាម ដើម្បីឱ្យទីផ្សារព្រាបសាច់ក្នុងស្រុកកាន់តែរីកចម្រើន និងជួយដល់កសិករដែលប្រកបរបរចិញ្ចឹមព្រាប ឱ្យមានជីវភាពធូរធារ និងល្អប្រសើរឡើង៕













