ដោយ ហៃ ស៊ីណា
ក្រចេះ៖ ផលដំណំាំជាង១ ០០០ហិកតា របស់ពលលរដ្ឋស្ថិតនៅក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទឹកជំនន់ ហើយខាងអាជ្ញាធរស្រុក និងខេត្តបានស្វះស្វែងជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។
លោក លាង សាគុណ ជំទប់ទី១ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ បានលើកឡើងថា ផ្ទៃដីចម្ការនៅឃុំកោះតាស៊ុយជាង១ ០០០ហិកតា ក្នុងនោះមានដំណាំពោត ត្រប់ ថ្នាំជក់ និងដំណាំរួមផ្សំផ្សេងៗទៀត ដែលកសិករដាំហើយពិបាកប្រមូលផល ដោយសារតែទឹកជន់លិចខ្លាំងក្នុងមួយសប្តាហ៍នេះ។
លោកបានរៀបរាប់ថា ប្រជាជននៅឃុំរបស់លោកមានសរុបចំនួន៣២៧គ្រួសារ ស្មើ១២៩៣នាក់ ក្នុងចំណោមភូមិផ្សេងៗទៀត គឺនៅភូមិចុងកោះរងការខួចខាតច្រើនជាងគេ ជាពិសសដំណាំពោតតែម្តងខួចខាតរហូតដល់ ៨០ភាគរយ ។
ជំទាប់ទី១ ឃុំកោះតាស៊ុយ បានបញ្ជាក់ថា រាល់ឆ្នាំកសិករប្រមូលផលដំណាំពោតបានប្រមាណ៣ ០០០តោន ដែលសព្វថ្ងៃនេះ កសិករលក់បានតម្លៃត្រឹមតែ៥០០រៀលក្នុងមួយគីឡូក្រាម ហើយលោកបានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស ថ្នាក់ជាតិជួយមកពិនិត្យមើលការលំបាករបស់ប្រជាជន ខណៈផ្ទះសម្បែងរបស់ពួកគាត់កំពុងជន់លិចដល់ក្រោមផ្ទះហើយ។
ជុំវិញបញ្ហាទឹកជំនន់ខាលើនេះ លោក ធីម ស៊ាងឡេង អភិបាលស្រុកព្រែកប្រសព្វ មានប្រសាសន៍ថា ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ ទឹកជន់លិចនៅឃុំចំនួន៨ ស្មើ៤៣ភូមិ មានគ្រួសារសរុប២១៥០ និងមនុស្សសរុប៧៥១៣នាក់ ក្នុងនោះផលប៉ះពាល់ចំនួន ១៤៦៥ខ្នងផ្ទះ ជម្លៀសប្រជាជនបាន ២៧គ្រួសារទៅរកទីទួលសុវត្ថិភាពផងដែរ។
លោកអភិបាលស្រុកព្រែកប្រសព្វ បានបញ្ជាក់ថា ដំណាំមានសក្តានុពលនៅស្រុកព្រែកប្រសព្វខ្លាំងជាងគេ គឺដំណាំចន្ទី ការធ្វើកសិកម្ម ហើយក្នុងនាមអាជ្ញាធរក៏បានគិតគូរ និងរៀបចំរបាយការណ៍ជូនថ្នាក់លើ ដើម្បីជួយបងប្អូនដែលរងគ្រោះ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តក្រចេះ ដើម្បីសួរសុខទុក្ខ និងពិនិត្យពីការស់នៅរបស់ប្រជាពលរដ្ឋ និងបន្តមលកទីតាំងទួលសុវត្ថិភាព សម្រាប់ម្លៀសស្នាក់នៅបណ្តោះអាសន្ន។
ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យ និងឆ្លើយតបចំពោះតម្រូវការចាំបាច់នានា ជាពិសេសតាមដានឱ្យបានល្អប្រសើរពីបញ្ហាសុខភាព របស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព និងតាមខ្នងផ្ទះដែលប្រឈមហានិភ័យ៕






















