អាម៉េរិកជួយអ្នកនេសាទហ្វីលីពីន​ អាចរាយការណ៍ពីការនេសាទខុសច្បាប់នៅតាមសមុទ្រ

image_2026-08-25_10-15-02

ម៉ានីល៖ សហរដ្ឋអាម៉េរិកបានផ្តល់ថវិកាសម្រាប់បង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យសកម្មភាពនេសាទតាមសមុទ្រ នៅប្រទេសហ្វីលីពីន ដែលនឹងប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទហ្វីលីពីន ជុំវិញបទល្មើសនេសាទខុសច្បាប់ និងចលនាគួរឱ្យសង្ស័យរបស់នាវា។  នេះបើយោងតាមការប្រកាស​របស់​ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំទីក្រុងម៉ានីល ។

មជ្ឈមណ្ឌលរាយការណ៍បទល្មើសនេសាទខុសច្បាប់នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធអ៊ីនធឺណិតពីផ្កាយរណប ស្តារលីង (Starlink) និងកម្មវិធីទិន្នន័យ អឺសរ៉េនជឺ (EarthRanger) ដើម្បីប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទក្នុងតំបន់ និងអំពីការសង្ស័យថា មានការនេសាទខុសច្បាប់ សកម្មភាពមិនធម្មតារបស់នាវា និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។

ស្ថានទូតអាម៉េរិក បានប្រកាសថា ព័ត៌មានទាំងនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ណការិយាល័យជលផល និងធនធានទឹក (Bureau of Fisheries and Aquatic Resources)នៃមជ្ឈមណ្ឌលជាតិសម្រាប់កិច្ចការសមុទ្រ (National Maritime Center)។​

មជ្ឈមណ្ឌលនេះនឹងរាយការណ៍អំពីការនេសាទខុសច្បាប់ ការនេសាទ​ដោយមិនបានរាយការណ៍ និងគ្មានការត្រួតពិនិត្យ ក្រោមកិច្ចសហការរវាងសហរដ្ឋអាម៉េរិក និងក្រុមប្រឹក្សាខេត្តប៉ាឡាវ៉ាន ប្រទេសហ្វីលីពីនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ប៉ាឡាវ៉ាន គឺជាខេត្តប្រជុំកោះរបស់ប្រទេសហ្វីលីពីន ដែលល្បីល្បាញទូទាំងពិភពលោក និងត្រូវបានគេចាត់ទុកថា ជាដែនអេកូឡូស៊ីចុងក្រោយរបស់ប្រទេសហ្វីលីពីណ (Last Ecological Frontier)។ ខេត្តនេះរួមមានកោះប៉ាឡាវ៉ាន ដែលជាកោះធំ និងកោះតូចៗប្រមាណ១​ ៧៨០កោះ។ តំបន់នេះមានទឹកសមុទ្រពណ៌ខៀវបៃតងថ្លាស្អាត ជួរភ្នំថ្មកំបោរដ៏ខ្ពស់ និងមានព្រៃត្រូពិចដ៏ក្រាស់។

កាលពីខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសអាម៉េរិក បានផ្តល់ថវិកាចំនួន២៤លានដុល្លារ ទៅឱ្យវិទ្យាស្ថានឆ្នេរសមុទ្រនៃសាកលវិទ្យាល័យ រ៉ូដអាយឡិន (University Rhode Island’s  Coastal Institute) នៅក្នុងសហរដ្ឋអាម៉េរិក ដើម្បីពង្រីកគម្រោង ហ្វីសរ៉ាយ (Fish Right) នៅប្រទេសហ្វ៊ីលីពីន ដែលផ្តោតសំខាន់លើការស្រាវជ្រាវ ការគ្រប់គ្រងជលផលប្រកបដោយចីរភាព ការប្រឆាំងបទល្មើសនេសាទខុសច្បាប់ និងការប្រមូលទិន្នន័យដែនសមុទ្រ (Maritime Domain Awareness) នៅតាមតំបន់ឆ្នេរភាគខាងលិចប្រទេសហ្វីលីពីន និងសមុទ្រចិនខាងត្បូង។

លោកស្រី ទ្រូសីឡា អេស្ទើ បាយ៉ាតេ (Drusila Esther Bayate) អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកជលផលហ្វីលីពីន បាននិយាយថា ការផ្តល់មធ្យោបាយប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកនេសាទក្នុងការរាយការណ៍អំពីបទល្មើសនេសាទខុសច្បាប់ និងសកម្មភាពខុសច្បាប់ផ្សេងៗតាមសមុទ្រ នឹងជួយឱ្យសហគមន៍តំបន់ឆ្នេរ ក្លាយជាដៃគូក្នុងការការពារធនធានជលផលរបស់ខ្លួន។

ចំណែកមន្ត្រីស្ថានទូតអាម៉េរិកវិញ បាននិយាយថា ការដោះស្រាយបញ្ហាការនេសាទខុសច្បាប់ និងបញ្ហាពាក់ព័ន្ធនឹងសកម្មភាពតាមសមុទ្រ គឺជាផ្នែកមួយនៃកិច្ចហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ៕ (ផាន់ អាណា)


image_2026-09-10_16-17-39
ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល  ឱ្យទាបជាងវៀតណាម និងកម្ពុជា

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]

image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

កាលវិភាគផ្សព្វផ្សាយ