ដោយ ឡុង សារេត
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារ ARDB បានចូលរួមក្នុងសិក្ខាសាលាស្តីការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់ MSMEs តាមបែបឌីជីថល។
សិក្ខាលាសានេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ, ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងម្ចាស់អាជីវកម្មប្រមាណ២០០នាក់ផ្សេងទៀត។
ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា ដោយមើលឃើញសហគ្រាសធុនតូចនិងមធ្យមត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រុំជ្រែងបន្ថែមទៀតទាក់ទងនិងការជំរុញទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្ម។ កម្មវិធីសិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងជូនដល់ MSMEs ឱ្យទទួលបានចំណេះដឹងអំពីលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឺះស្ថានធនាគារដៃគូ ព្រមទាំងផ្តល់ឱ្យ SMEsនូវចំណេះដឹងជាក់ស្តែង ដើម្បីក្លាយជាអ្នកទទួលបានហិរញ្ញប្បទាន និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចត្រៀមខ្លួនធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ។
ឧកញ៉ាបន្តទៀតថា សិក្ខាសាលាថ្ងៃនេះចង់ឱ្យសហគ្រាសធុនតូច និងមធ្យម ទទួលបាននូវព័ត៌មានទាក់ទង និងបទប្បញ្ញតិរបស់ស្ថាប័នពាក់ព័ន្ធនានា ដូចជាព័ត៌មានទាក់ទងនិងប្រាក់កម្ចី ព័ត៌មានធនាគារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ។ គោលបំណងសំខាន់បន្ថែមលើសពីនេះ គឺប្រមូលបញ្ហាប្រឈមនៅក្នុងការធ្វើអាជីវកម្មរបស់ម្ចាស់សហគ្រាស។
លោកជំទាវ តិមា វិច្ឆិកាល មានប្រសាសន៍ថា ជាគោលការណ៍ ឬជាបុព្វហេតុរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺការលើកស្ទួយសហគ្រាសធុនមីក្រូ តូចនិងមធ្យមនេះជាផ្នែកមួយ ដែលយើងចាត់ទុកថា ជាកក្តាស្នូលសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេសសេដ្ឋកិច្ច។
លោកជំទាវលើកឡើងថា យោងតាមជំរឿនសេដ្ឋកិច្ចករបស់ប្រទេសកម្ពុជា ធ្វើឡើងកាលពីឆ្នាំ២០២២ មូលដ្ឋានសេដ្ឋកិច្ចនៅកម្ពុជាប្រមាណ៧៥ម៉ឺនមូលដ្ឋាន ពោលកើនឡើងប្រហែល៥០ភាគរយបើប្រៀបធៀបឆ្នាំ២០១១។
នៅក្នុងចំណោមសហគ្រាសសរុបទាំង៧៥ម៉ឺនមូលដ្ឋាន គឺមានសហគ្រាសធុនតូច និងមធ្យមប្រហែល៦០ម៉ឺន ឬស្មើប្រមាណ៨២ភាគរយនៃមូលដ្ឋានសេដ្ឋកិច្ចសរុបនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនេះដែរ លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារ ARDBបានចូលរួមធ្វើបទបង្ហាញអំពីសេវាកម្ម និងប្រភេទផលិតផលឥណទានរបស់ ARDB, យន្ដការគាំទ្រការផ្ដល់ឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ការផ្ដល់យោបល់ និងដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងក្នុងសិក្ខាសាលាផងដែរ៕












