ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

photo_2026-08-14_12-28-38 (3)

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។

ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព និងទទួលបានផលចំណេញ ដូចជា បញ្ហាទីផ្សារ តម្លៃកសិផល ថ្លៃដើមផលិតកម្ម បច្ចេកទេស ការទទួលបានប្រភពទុន និងបញ្ហាផ្សេងៗទៀត។

បន្ទាប់ពីសំណេះសំណាល និងស្តាប់កង្វល់របស់ប្រជាកសិករខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពន្យល់ប្រជាកសិករអំពីសមាគមបណ្តាញកសិករតេជោ ដែលជាអង្គការក្នុងស្រុក និងមិនរកប្រាក់កម្រៃដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួនសម្រាប់អនុវត្តសកម្មភាព និងមានគោលបំណងចូលរួមជួយដល់ប្រជាកសិករនៅទូទាំងប្រទេស។ អ្វីដែលសំខាន់ជាងនេះទៅទៀត សមាគមបណ្តាញកសិករតេជោ មានតួនាទីសំខាន់ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ស្របច្បាប់របស់កសិករ តាមរយៈការផ្តល់យោបល់ ការសម្របសម្រួល និងការជួយស្វែងរកដំណោះស្រាយចំពោះបញ្ហានានា ដែលកសិករកំពុងជួបប្រទះ។

បន្ថែមពីនេះ សមាគមបណ្តាញកសិករតេជោ ក៏មានតួនាទីធ្វើជាស្ពានភ្ជាប់កសិករទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេស តាមរយៈការសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។សមាជិកសមាគមមានទាំងជំនាញ បទពិសោធន៍ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដូចជា ការដាំដុះ ការចិញ្ចឹមសត្វ និងសកម្មភាពកសិកម្មផ្សេងៗទៀត ដែលអាចចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយប្រជាកសិករ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានណែនាំឱ្យប្រជាកសិករស្គាល់ និងប្រើប្រាស់សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារគោលនយោបាយរបស់រដ្ឋមានតួនាទីក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់វិស័យកសិកម្ម ជួយដល់ប្រជាពលរដ្ឋក្នុងការធ្វើកសិកម្ម ដោយផ្តោតលើសកម្មភាពដាំដុះ ដូចជា ដំណាំស្រូវ ការចិញ្ចឹមសត្វ វារីវប្បកម្ម បន្លែ និងការកែច្នៃផលិតផលកសិកម្ម ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ