ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។
ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។
បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕
















