ស្រីលង្កាត្រៀមខ្លួនទប់ទល់បាតុភូតមហាអែលនីញ៉ូ ដោយប្រើដំណោះស្រាយបែបប្រពៃណី និងវិធីសាស្ត្រថ្មី

images (2)

កូឡុំបូ៖ ទោះបីជាអាជ្ញាធរស្រីលង្កាកំពុងរៀបចំដើម្បីទប់ទល់នឹងបាតុភូតអែលនីណូ ដែលនឹងក្លាយជាមហាអែលនីញ៉ូជិតមកដល់ក៏ដោយ កសិករស្រីលង្កាមានអារម្មណ៍ថា ប្រទេសខ្លួនប្រហែលជាមិនរងផលប៉ះពាល់ដូចការព្យាករណ៍នោះទេ ប៉ុន្តែពួកគាត់បានដំណោះស្រាយបែបប្រពៃណី និងបែបវិទ្យាសាស្ត្រផងដែរ។

កសិករបានដឹងអំពីអាកាសធាតុប្រែប្រួល ហើយបាននិងកំពុងដឹកនាំកសិករផ្លាស់ប្ដូររបៀបធ្វើកសិកម្ម នៅក្នុងតំបន់ ដោយនាំគ្នាដាំដុះពូជស្រូវក្នុងស្រុក ដែលសល់តាំងពីបុរាណកាល ហើយធន់នឹងអាកាសធាតុក្តៅខ្លាំង។

កសិករខ្លះបានចាត់ទុកថា គ្រោះរាំងស្ថួត គឺជារឿងធម្មតា ដែលជាកូនរដូវប្រាំងកើតឡើងនៅចន្លោះខែកក្កដា និងខែកញ្ញា។ ក្នុងរយៈពេលនេះក៏ស្របគ្នានឹងរដូវយ៉ាឡា មានន័យថា រដូវភ្លៀងនៅភាគខាងត្បូង និងភាគខាងលិច ដែលជារដូវប្រមូលផលស្រូវមួយក្នុងចំណោមរដូវប្រមូលផលស្រូវពីរដងក្នុងមួយឆ្នាំនៅក្នុងប្រទេសស្រីលង្កា។ បន្ទាប់មក ចាប់ពីខែធ្នូ ដល់ខែមីនា មានរដូវប្រាំង គឺស្របគ្នានឹងរដូវមហា ដែលមានន័យថា រដូវភ្លៀងនៅភាគខាងកើត និងតែងតែមានចុះអ័ព្ទស្ងួតក្នុងរយៈពេលយូរ​រៀងរាល់បួនទៅប្រាំពីរឆ្នាំម្តង នៅតំបន់ភាគខាងកើត និងភាគខាងជើង។ ប៉ុន្តែឥឡូវនេះ កសិករស្រីលង្កាបានទទួលស្គាល់ថា រដូវទាំងពីរនេះចាប់ផ្តើមប្រែប្រួលលែងទៀងទាត់ហើយ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានជំរឿន និងស្ថិតិរបស់ស្រីលង្កា បានឱ្យដឹងថា ដោយសារតែអាកាសធាតុកាន់តែរាំងស្ងួតនៅតំបន់ធ្វើកសិកម្ម ស្ថិតនៅភាគខាងកើត និងភាគខាងជើង កសិករស្រីលង្កាត្រូវពឹងផ្អែកទាំងស្រុងលើប្រព័ន្ធធារាសាស្រ្ត អាងស្តុកទឹកបុរាណ ជាជាងរងចាំទឹកភ្លៀង។ ក្នុងកម្រិតដាំដុះសរុប៦៣ភាគរយ គឺពឹងផ្អែកលើប្រព័ន្ធធារាសាស្រ្តសំខាន់ៗ និងជាង១២ភាគរយពឹងផ្អែកលើទឹកភ្លៀង។

របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពអាកាសធាតុប្រចាំរដូវ នៅទូទាំងពិភពលោករបស់អង្គការឧតុនិយមពិភពលោក បានបង្ហាញថា មានលទ្ធភាពរហូតដល់៨០ភាគរយ នៃការវិវឌ្ឍយ៉ាងឆាប់រហ័សទៅជាបាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លាមួយ ក្នុងចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រី សេឡេស្តេ សូឡូ (Celeste Saulo) អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក បានមានប្រសាសន៍ថា បាតុភូតនេះនឹង «បង្កើនឱកាសនៃការកើតគ្រោះរាំងស្ងួត ការធ្លាក់ភ្លៀងយ៉ាងកំហុក និងហានិភ័យនៃរលកកម្តៅនៅលើគោក ព្រមទាំងរលកកម្តៅក្នុងសមុទ្រនៅតំបន់ជាច្រើនលើពិភពលោក»។

ចំណែកលោក អាជីត វិជេម៉ាន់ណាហ្គេ (Ajith Wijemannage) ប្រធាននាយកដ្ឋានឧតុនិយមនៃប្រទេសស្រីលង្កា បានបញ្ជាក់ថា «ប្រសិនបើផ្អែកលើការទស្សន៍ទាយដំបូង អំឡុងពេលនៃការវិវឌ្ឍទៅជាបាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លាមួយ គឺស្ថិតនៅចន្លោះពីខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ខែមករា ឆ្នាំ២០២៧។ ប៉ុន្តែយោងតាមការទស្សន៍ទាយចុងក្រោយបង្អស់ បាតុភូតនេះនឹងកើតឡើងនៅចន្លោះពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦។ ចាប់តាំងពីឆ្នាំ១៩៥០ រហូតមកទល់បច្ចុប្បន្ន យើងបានជួបប្រទះបាតុភូតអែលនីញ៉ូ ប្រហែល២៥ ទៅ២៦លើក ហើយក្នុងនោះមានបាតុភូត អែលនីញ៉ូ ខ្លាំងក្លាបំផុតត្រឹមតែបីលើកប៉ុណ្ណោះ»។

យោងតាមលោក អាជីត វិជេម៉ាន់ណាហ្គេ បាតុភូតអែលនីញ៉ូនឹងប៉ះពាល់ដល់របបទឹកភ្លៀង។ លោកបានមានប្រសាសន៍ថា៖ «ទន្ទឹមនឹងបាតុភូត អែលនីញ៉ូ សូចនាករសីតុណ្ហភាពមហាសមុទ្រឥណ្ឌា (Indian Ocean Dipole) នឹងប្រែជាវិជ្ជមាន ដែលជាហេតុបង្អាក់ខ្យល់មូសុងឦសាន។ ក្នុងករណីនេះ ខេត្តនៅភាគខាងជើង និងភាគខាងកើត នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយអាចបង្កជាគ្រោះទឹកជំនន់។ ប៉ុន្តែវាមិនប៉ះពាល់ខ្លាំងដល់ខ្យល់មូសុងនិរតីនោះទេ ដោយសារយើងទទួលបានរបបទឹកភ្លៀងកម្រិតមធ្យមនៅក្នុងឆ្នាំនេះ។ កាលពីខែឧសភា និងខែមិថុនា យើងទទួលបានរបបទឹកភ្លៀងខ្ពស់ជាងកម្រិតធម្មតា។ ប៉ុន្តែខេត្តភាគខាងជើង និងភាគជើងឈៀងកណ្តាល នឹងជួបប្រទះសីតុណ្ហភាពឡើងកម្ដៅខ្ពស់ខុសពីធម្មតា»។

ដើម្បីតាមដាន និងកាត់បន្ថយផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូ ដែលកំពុងកើតមានឡើងនេះ គណៈរដ្ឋមន្ត្រីនៃប្រទេសស្រីលង្កា បានអនុម័តលើសំណើរបស់ប្រធានាធិបតីស្រីលង្កា លោក អានុរ៉ា គូម៉ារ៉ា ឌីសាណាយ៉ាកេ (Anura Kumara Dissanayake) ក្នុងការបង្កើតគណៈកម្មាធិការរងអន្តរក្រសួងពិសេសមួយ ដែលគណៈកម្មាធិការមន្ត្រី រួមមាន ប្រធាននាយកដ្ឋានឧតុនិយម ធនធានទឹក កសិកម្ម សត្វព្រៃ និងការគ្រប់គ្រងគ្រោះមហន្តរាយ។

លោក សាវ៉ាជីត ព្រីយ៉ាងការ៉ា ហេរ៉ាត (Sarvajith Priyankara Herath) នាយកគ្រប់គ្រងទឹកនៃនាយកដ្ឋានធនធានទឹក បានមានប្រសាសន៍ថា នាយកដ្ឋានក៏បានណែនាំនូវបច្ចេកទេសស្រោចស្រពថ្មីៗផងដែរ ដូចជាបច្ចេកទេសបញ្ចេញបញ្ចូលទឹកផ្លាស់ប្តូរគ្នា ដែលកាត់បន្ថយការប្រើប្រាស់ទឹកស្រោចស្រពដោយមិនកាត់បន្ថយទិន្នផលដំណាំឡើយ។ ដូច្នេះ ទឹកនៅសល់អាចយកទៅប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀត ក្នុងករណីមានគ្រោះរាំងស្ងួតកើតឡើង៕

ភាគីពាក់ព័ន្ធផ្សេងៗបានបែងចែកកញ្ចប់ថវិកាសម្រាប់ករណីបន្ទាន់។ជាឧទាហរណ៍ ក្រុមប្រឹក្សាធានារ៉ាប់រងដំណាំស្រូវ មើលការខុសត្រូវលើការខូចខាតដំណាំ និងសំណងចាំបាច់ត្រូវផ្តល់ជូនកសិករ។ ទោះបីជាស្ថានភាពទឹកសព្វថ្ងៃបានប្រែជាធនធានកម្រក៏ដោយ ប៉ុន្តែប្រព័ន្ធធារាសាស្ត្របុរាណ ដែលត្រូវបានសាងសង់ឡើងដោយព្រះមហាក្សត្រជំនាន់មុន បានឆ្លុះបញ្ចាំងពីបេតិកភណ្ឌជាតិរបស់ប្រទេសស្រីលង្កា ក្នុងការថែរក្សា និងអភិរក្សប្រភពទឹក។

លោកស្រី គូស៊ូម អាធូកូរ៉ាឡា (Kusum Athukorala) សកម្មជនកិច្ចការទឹក និងជាស្ថាបនិកជាន់ខ្ពស់នៃអង្គការដៃគូទឹកសកលអាស៊ីខាងត្បូង (Global Water Partnership South Asia) បានមានប្រសាសន៍ថា ទស្សនៈរបស់ព្រះបាទ បារ៉ាក្រាម៉ាពាហ៊ូ (King Parakramabahu) គួរតែត្រូវបានបកស្រាយថាជា «ការអភិរក្សគ្រប់ប្រភពទឹកទាំងអស់»។

លោកស្រីបានថ្លែងថា៖ «រាល់ប្រឡាយ ឬជ្រលងទឹកតូចៗសុទ្ធតែមានតម្លៃ។ យើងកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលយូរ ប៉ុន្តែយើងមិនទាន់បានគិតគូរអំពីការអភិរក្សធនធានទឹកនៅឡើយទេ។ បច្ចុប្បន្ន ដីធ្លីទាំងអស់ត្រូវគេយកទៅធ្វើពាណិជ្ជកម្ម ហើយគ្មាននរណាម្នាក់យកចិត្តទុកដាក់លើបញ្ហាសន្តិសុខទឹកនោះឡើយ»។

បន្ថែមពីនេះ លោកស្រីបានលើកឡើងថា ពាក់ព័ន្ធនឹងការគ្រប់គ្រងទឹកក្នុងសហគមន៍ មើលទៅដូចជាមានប្រព័ន្ធរដ្ឋបាលបែបការិយាល័យនិយមពេក។ លោកស្រីបានបញ្ជាក់ថា៖ «ត្រូវតែពិភាក្សាជាមួយសហគមន៍ ដើម្បីឱ្យពួកគាត់ចូលរួមគ្រប់គ្រងទឹក។ ជាឧទាហរណ៍ សហគមន៍ទីក្រុង បានចាប់ផ្តើមពឹងផ្អែកទាំងស្រុងលើក្រុមប្រឹក្សាភិបាលទឹកសម្រាប់ការផ្គត់ផ្គង់ទឹក»។

លោកស្រីបានបន្តថា៖ «ប្រជាជនបានភ្លេចអំពីការថែរក្សាអណ្តូងទឹក ឬម៉ាស៊ីនបូមទឹកក្នុងទីក្រុង ដែលមានស្រាប់ ហើយឥឡូវនេះ ពួកគាត់ត្រូវរង់ចាំរថយន្តដឹកទឹកនៅពេលដាច់ទឹក។ វាហាក់ដូចជាគ្មានការត្រៀមខ្លួនទាល់តែសោះ ក្នុងការប្រឈមមុខនឹងវិបត្តិ ដែលកំពុងខិតជិតមកដល់»។

ចំណែកការសិក្សាស្រាវជ្រាវលើពូជស្រូវ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក៏កំពុងអនុវត្តដោយស្ថាប័នផ្សេងៗ រួមមាន វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ស្រូវ, វិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលកសិកម្ម និងមហាវិទ្យាល័យកសិកម្មនៅតាមសាកលវិទ្យាល័យរដ្ឋ។ ការសិក្សាក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីការទទួលបានព័ត៌មានអំពីធាតុអាកាស សម្រាប់កសិករដាំស្រូវ ដើម្បីសម្រេចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់។

យោងតាមលោក ប៊ូដឌី ម៉ារ៉ាំបេ (Buddhi Marambe) សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រដំណាំនៅនាយកដ្ឋានកសិកម្មនៃសាកលវិទ្យាល័យ ប៉េរ៉ាដេនីយ៉ា (Peradeniya University) បានឱ្យដឹងថា សាលាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត មិនត្រឹមតែសម្លឹងមើលផលប៉ះពាល់នៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនោះទេ ប៉ុន្តែត្រូវសម្លឹងមើលបរិបទរួមនៃការប្រែប្រួលអាកាសធាតុទាំងមូល។ ការប្រែប្រួលអាកាសធាតុ (Climate Change) និងការប្រែប្រួសធាតុអាកាស (Climate Variability) គឺជាប្រធានបទពីរខុសគ្នា។ បាតុភូតអែលនីញ៉ូ មិនមែនជាការប្រែប្រួលអាកាសធាតុនោះទេ»។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា មានគម្លាតនៅក្នុងការស្រាវជ្រាវ ដោយសារខ្វះការទទួលបានព័ត៌មាន។ ដូច្នេះការស្រាវជ្រាវរយៈពេលវែង គឺជារឿងចាំបាច់ ហើយអ្នកវិទ្យាសាស្ត្រត្រូវធ្វើការរួមគ្នា ដើម្បីផលិតព័ត៌មានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ។

រីឯកសិករស្រីលង្កាវិញ បានយល់ស្របថា ប្រទេសស្រីលង្កាមានធនធាន និងចំណេះដឹងបែបប្រពៃណីគ្រប់គ្រាន់ ដើម្បីជម្នះព្រឹត្តិការណ៍ធាតុអាកាសអាក្រក់ និងកែលម្អសន្តិសុខស្បៀង។ ប៉ុន្តែប្រជាជនកំពុងវង្វេងដោយសារក្រុមហ៊ុនចម្រុះជាតិសាសន៍។ ក្រុមហ៊ុនទាំងនេះបានបំផ្លាញវិធីសាស្ត្រធម្មជាតិក្នុងការថែរក្សាដំណាំ តាមរយៈការនាំយកជីគីមីមកប្រើប្រាស់ ធ្វើឱ្យងាប់សត្វល្អិតមានប្រយោជន៍។ ដូចជាសត្វកន្ទុំរុយ (Dragonflies) ធ្លាប់ជួយដេញមូស ចំណែកសត្វពីងពាង (Spiders) ធ្វើសម្បុក ដើម្បីចាប់សត្វល្អចង្រៃបំផ្លាញស្រូវ ប៉ុន្តែឥឡូវនេះ គេមិនសូវឃើញសត្វល្អិតទាំងនេះទៀតទេ។

កសិកររូបនេះបានបន្ថែមថា «សារធាតុគីមីបានសម្លាប់សត្វស៊ីសាច់ជាអាហារតាមធម្មជាតិទាំងនេះ។ គ្មានប្រព័ន្ធសម្រាប់រក្សាទុកទឹក ដែលលើសនោះទេ ហើយកសិករភាគច្រើនបានបោះបង់ចោលការធ្វើកសិកម្មដោយសារបញ្ហាទាំងនេះ។ យើងបានភ្លេចបេតិកភណ្ឌរបស់យើង និងមើលរំលងប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃរបស់យើង។ ប៉ុន្តែខ្ញុំជឿជាក់ថា នៅតែមានឱកាសក្នុងការកែប្រែឱ្យបានល្អឡើងវិញ»៕ (ផាន់ អាណា)


image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

image_2026-09-08_16-04-42
ខ្វះជ្រូកក្នុងស្រុក វៀតណាម និងហ្វីលីពីនសម្រុកនាំចូលសាច់ជ្រូកពីប្រេស៊ីល​

វៀតណាម និង​ហ្វីលីពីន​បានសម្រុកនាំចូលសាច់ជ្រូកពីប្រទេស​ប្រេស៊ីល ដោយសារតែ​កង្វះជ្រូកផ្គត់ផ្គង់ក្នុងស្រុកផង និង​ក្រោយមានផ្ទុះរឿងជំងឺប៉ែសជ្រូកកន្លងមកនៅហ្វីក្នុងប្រទេសទាំងពីរនេះ។ ប្រទេសវៀតណាមវិញ រយៈពេល៧ខែ ឆ្នាំ២០២៦ បាននាំចូលសាច់ជ្រូកពីប្រទេសប្រេស៊ីលជាង១១ម៉ឺនតោនដែលមានតម្លៃជាង១៨៥លានដុល្លារ។ ចំណែកហ្វីលីពីន កំពុងបង្កើនការនាំចូលផលិតផលសាច់ជ្រូកក្នុង​បរិមាណ​ច្រើនបំផុតពីប្រទេសប្រេស៊ីល នៅក្នុងឆ្នាំ២០២៦នេះ និងអាចបន្តនាំចូលកាន់តែច្រើននៅឆ្នាំ២០២៧ ដោយសារសាច់ជ្រូកពីប្រេស៊ីលមានតម្លៃទាប និងកង្វះខាតសាច់ជ្រូកក្នុងស្រុក។ តម្លៃសាច់ជ្រូកប្រេស៊ីលលក់ក្នុងប្រទេសវៀតណាម ជាមធ្យមគឺ ១,៦ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយទាប ធៀបនឹង​ឆ្នាំ២០២៥។ សាច់ជ្រូកនាំចូលនៅតែមានតម្លៃថោកជាងផលិតផលក្នុងស្រុកយ៉ាងច្រើន ដែលបច្ចុប្បន្នលក់រាយក្នុងតម្លៃចន្លោះពី២,៦ ដល់៥,៥ដុល្លារក្នុងមួយគីឡូក្រាម។ សមាគមចិញ្ចឹមសត្វ នៅជិតទីក្រុងហូជីមិញ បាននិយាយថា តម្លៃជ្រូករស់នៅប្រទេសប្រេស៊ីល ទាបជាងតម្លៃជ្រូករស់នៅវៀតណាមប្រហែលជិតពាក់កណ្ដាល​ ដោយសាចំណីសត្វផលិតក្នុងប្រទេសប្រេស៊ីល មានតម្លៃទាប ព្រោះផលិតកម្មពោត និងសណ្តែកសៀងប្រេស៊ីលផ្តល់ទិន្នផលខ្ពស់បំផុតលើពិភពលោក។ នៅឯហ្វីលីពីនវិញ គឺបាននាំចូល​ផលិតផលសាច់ជ្រូកពីប្រេស៊ីលរហូតដល់ទៅ ២៥ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ​ក្នុងឆ្នាំនេះ ហើយបើនិយាយពីការ​នាំចូលសរុប គឺរហូតដល់ទៅ ៥៤ ម៉ឺនតោនក្នុងរយៈកាល ៦ ខែកន្លងទៅ ។ របាយការណ៍បានឱ្យដឹងថា កំណើននៃការនាំចូលនេះ ដោយសារកំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនប្រជាជនរបស់ហ្វីលីពីន ស្របពេលប្រឈមនឹងបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឱ្យចំនួនជ្រូកក្នុងស្រុកមិនអាចឆ្លើយតបតម្រូវការទីផ្សារ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ