ដោយ ឡុង សារេត
សៀមរាប៖ អាជីវករធ្វើនំអាកោត្នោតម្នាក់ រស់នៅភូមិព្រះដាក់ខេត្តសៀមរាប ក្នុងឆ្នាំ២០២០ បានចាប់ផ្តើមដំបូងចេញពីអង្ករ១០កំប៉ុង ឬមានទម្ងន់ប្រហែលបីគីឡូក្រាម រហូតមកដល់ឆ្នាំ២០២៦នេះ អាចលក់នំបានពី៤ ០០០ ទៅ៨០០០នំ គិតជាប្រាក់ចំណូលសរុបបានពីបីលានដល់ប្រាំបីលានរៀលក្នុងមួយថ្ងៃ។
អ្នកស្រី ថ្លុង ថាន ម្ចាស់ហាងយីហោ “អាកោត្នោតព្រះដាក់” នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា មុខរបរធ្វើនំអាកោត្នោតលក់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងពេលសព្វថ្ងៃនេះ អ្នកស្រីបានចាប់ផ្តើមនៅឆ្នាំ២០២០ ជាមួយនិងអង្ករចំនួន១០កំប៉ុង នៅក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅពេលប្រជាពលរដ្ឋភាគច្រើន ក៏ដូចជាអ្នកស្រីបាត់បង់ការងារ ហើយនំអាកោត្នោតជាចំណីមួយប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់និយមពិសា។
អ្នកស្រីលើកឡើងថា នៅក្នុងសម័យកូវីដ១៩ នំចំណីដែលប្រជាពលរដ្ឋអាចហូបបានមានសភាពក្តៅៗ មានតែនំអាកោត្នោត ហើយក៏មិនបានសម័យថា មុខរបរតូចតាចមួយនេះរីកចម្រើនបានដូចសព្វថ្ងៃនេះដែរ។ អ្នកស្រីគ្រាន់តែនឹកគិតថា មុខរបរលក់នំអាកោត្នោតនេះ បានត្រឹមតែចិញ្ចឹមជីវភាពគ្រួសារប៉ុណ្ណោះ ដោយសារចំណង់ចំណូលចិត្តធ្វើនំ រួមផ្សំវត្ថុធាតុដើម ឬគ្រឿងផ្សំភាគច្រើនមានស្រាប់នៅក្នុងភូមិ និងមានតម្លៃធូរថ្លៃ ហើយបើសិនលក់នំមិនអស់មានតែចែកជូនពលរដ្ឋរស់នៅជិតខាងយកទៅពិសា។
អ្នកស្រី ថ្លុង ថាន បានអះអាងថា កាលចាប់ផ្តើមធ្វើនំអាកោត្នោតលក់ដំបូងៗប្រើអង្ករតែ១០កំប៉ុង ឬអង្ករមានទម្ងន់ប្រហែលបីគីឡូក្រាម អាចធ្វើនំលក់បានប្រាក់ប្រមាណមួយសែនរៀលក្នុងមួយថ្ងៃ។ បច្ចុប្បន្នបើគិតពីថ្ងៃចន្ទដល់សុក្រ ក្នុងមួយថ្ងៃប្រើប្រាស់អង្ករប្រមាណ១០០គីឡូក្រាម និងនៅថ្ងៃសៅរ៍-អាទិត្យ ក្នុងមួយថ្ងៃអាចកើនដល់២០០គីឡូក្រាម ឬលើសពីនេះ ប្រសិនចំថ្ងៃមានបុណ្យទានផ្សេងៗ។
បើយោងតាមអ្នកស្រី ថ្លុង ថាន, ផ្អែកទៅលើបរិមាណ ឬទម្ងន់អង្ករសម្រាប់ធ្វើនំពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ក្នុងមួយថ្ងៃអាចធ្វើបាន៤ ០០០នំ ហើយនៅថ្ងៃសៅរ៍ និងអាទិត្យអាចធ្វើបានដល់៨ ០០០នំ បើគិតជាចំណូលដុលបានចន្លោះពីបីលានដល់ប្រាំបីលានរៀល ក្នុងមួយថ្ងៃ ដោយមិនទាន់កាត់ថ្លៃចំណាយផ្សេងៗ។
អ្នកស្រីបានបន្តថា បច្ចុប្បនប្រជាពលរដ្ឋរស់នៅភូមិព្រះដាក់ប្រហែល៤០គ្រួសារ បាននិងកំពុងប្រកបមុខរបរធ្វើនំអាកោត្នោតលក់ ដើម្បីបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ចំណែកអាជីវកម្មរបស់អ្នកស្រីក្នុងមួយថ្ងៃ ទទួលទិញផ្លែត្នោតទុំពីប្រជាកសិករចំនួន៥០០គ្រាប់ សម្រាប់ធ្វើនំ ហើយតម្លៃអាស្រ័យទៅតាមរដូវកាលជាក់ស្តែង ដោយក្នុងមួយគីឡូក្រាម ថ្លៃចន្លោះពី១ ៥០០ ទៅ២ ០០០រៀល។
បើតាមអ្នកស្រី ថ្លុង ថាន នំអាកោត្នោតមួយស្មុគ មានប្រាំបួននំ ថ្លៃ១០ ០០០រៀល ហើយផ្អែកទៅលើតម្លៃនេះ បានជំរុញឱ្យអ្នកស្រីពង្រីកទីតាំងបានចំនួន៣កន្លែង ស្ថិតនៅក្នុងតំបន់ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនងាយស្រួលរកទិញនំអាកោតោ្នតពិសា ឬទិញយកផ្ញើបងប្អូនរបស់ខ្លួន បន្ទាប់ពីបញ្ចប់ដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប៕








