ភ្នំពេញ៖ ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៧០៧ ៤៧១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ដោយនាំចេញទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣៣ បានបរិមាណអង្ករចំនួន២០៧ ១៥៧តោន គិតជាទឹកប្រាក់ចំនួន១៥៦,៤៥លានដុល្លារ។
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ នឹងសម្រេចបានជោគជ័យតាមផែនការ ហើយមិនមានបញ្ហាអ្វីចោទនោះទេ ជាពិសេស ស្របតាមផែនការដាក់ចេញនៅឆ្នាំ២០១០ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី រហូតដល់នីតិកាលទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី។
ឧកញ៉ាបញ្ជាក់ថា ជាលទ្ធផលត្រឹមប្រាំពីរខែនេះ កម្ពុជានាំចេញបានជាង៧០៧ ៤៧១តោន ធៀបនឹងឆ្នាំមុនមានកំណើន៤០ភាគរយ ដែលទទួលបានលទ្ធផលតាមផែនការផងដែរ។
របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្រៅពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក ការនាំចេញអង្ករ រួមមានទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន១០៣,៣១លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២៦៦ ៣០០តោន គិតជាទឹកប្រាក់ចំនួន ១០២,៨៤លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត រួមមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងប្រទេសនូវែលសេឡង់ បានចំនួន៥៩ ០៨៤តោន គិតជាទឹកប្រាក់ចំនួន៥២,៥២លានដុល្លារ។
ចំពោះប្រភេទអង្ករបាននាំចេញមាន អង្ករក្រអូបចំនួន៥៩,២៣ភាគរយ ប្រភេទអង្ករសគ្រាប់វែង២៣,៦៦ភាគរយ អង្ករចំហុយ ១,៩៣ភាគ អង្ករសរីរាង្គចំនួន ១,២៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ ១៣,៧០ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ០០៦ ១២២តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៦៦៥,៧០លានដុល្លារ៕








