ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។
ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។
សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។
ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។
សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ ០០០ ទៅ១២០ ០០០តោន បន្ទាប់មកគឺសហភាពអឺរ៉ុប នាំមុខគេដោយប្រទេសប៉ូឡូញ មានបរិមាណពី២៨ ០០០ ទៅ៣០ ០០០តោន និងប្រទេសប្រេស៊ីល មានបរិមាណពី២៤ ០០០ ទៅ២៦ ០០០តោន ដែលភាគច្រើនជាស្លាបមាន់ និងភ្លៅមាន់។
សមាគមបានបញ្ជាក់ថា ការកើនឡើងនៃការនាំចូល ជាពិសេសផលិតផលមានតម្លៃថោក បាននិងកំពុងបន្តដាក់សម្ពាធយ៉ាងខ្លាំងលើកសិករចិញ្ចឹមមាន់ក្នុងស្រុក ទោះបីជាផលិតកម្មក្នុងស្រុកមានការកើនឡើងក៏ដោយ។
ដោយឡែក វៀតណាមបាននាំចេញសាច់បក្សីប្រមាណពី៤ ៨០០ ទៅ៥ ២០០តោន នៅក្នុងឆមាសទី១នេះ ដែលមានតម្លៃចន្លោះពី៤៥ ទៅ៤៨លានដុល្លារអាម៉េរិក។ សាច់មាន់កែច្នៃរួចមានបរិមាណលើសពី៨៥ភាគរយ នៃតម្លៃនាំចេញសរុប ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទៅរកផលិតផលមានតម្លៃបន្ថែមខ្ពស់ជាងមុន។
ប្រទេសជប៉ុន នៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដោយក្តោបក្តាប់លើសពីពាក់កណ្តាលនៃប្រាក់ចំណូលនាំចេញសរុប បន្ទាប់មក គឺហុងកុង កម្ពុជា និងតំបន់មជ្ឈិមបូព៌ា។ លើសពីនេះ វៀតណាម ក៏បានចាប់ផ្តើមនាំចេញសាច់មាន់កែច្នៃទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីខែមេសា កន្លងទៅផងដែរ៕ (ផាន់ អាណា)










