ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម

image_2026-08-06_12-33-53

កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។

មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។

ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។

ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។

មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញ​កសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។

ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។

ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក   ទីផ្សារកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថានបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងត្រូវបានរាំងស្ទះ។

អ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីអ៊ីរ៉ង់ ដើម្បីបំពេញតម្រូវការស្បៀងអាហារ និងផលិតផលកសិកម្ម។ ក្រុមតាលីបង់ត្រូវផ្តល់អាទិភាពលើការពង្រីកពាណិជ្ជកម្មជាមួយប្រទេសនៅក្នុងតំបន់ និងរក្សាផ្លូវពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតឱ្យបើកចំហ ដើម្បីទប់ស្កាត់ការខ្វះខាត និងការប្រែប្រួលតម្លៃយ៉ាងខ្លាំងនៅក្នុងទីផ្សារ។

អាហ្វហ្គានីស្ថាន គឺជាប្រទេសនាំចូលស្បៀងអាហារ ឱសថ និងទំនិញសំខាន់ៗតាមរយៈផ្លូវទឹក និងផ្លូវគោក។ ប៉ុន្តែក្នុងពេលដំណាលគ្នានេះ ថ្លៃដើមនៃការនាំចូលបានកើនឡើង រីឯការផ្គត់ផ្គង់ទំនិញថយចុះ ចំណែកជញ្ជីងពាណិជ្ជកម្ម ដែលមានឱនភាពស្រាប់ក៏ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង។

ម្យ៉ាងវិញទៀត ប្រទេសអាហ្វហ្កានីស្ថានត្រូវការពង្រីកពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល បើកច្រកព្រំដែនបន្ថែម ឬបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការរង្គោះរង្គើទីផ្សារ៕ (ផាន់ អាណា)


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ