ដោយ កឹម សុគន្ធី
ពោធិ៍សាត់៖ ម្ចាស់ចម្ការក្រូចពោធិ៍សាត់វ័យ៣០ឆ្នាំ ឈ្មោះ ខែម ឡៃស៊ីម រស់នៅភូមិរវាង ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា ទីផ្សារក្រូចពោធិ៍សាត់របស់កម្ពុជា នៅតែរក្សាបានស្ថិរភាព ដោយសារមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស។
លោក ខែម ឡៃស៊ីម ដែលជាម្ចាស់ចម្ការ និងជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករនៅក្នុងតំបន់ បានឱ្យដឹងថា លោកកំពុងគ្រប់គ្រងចម្ការក្រូចលើផ្ទៃដីជិត៦០ហិកតា។ បច្ចុប្បន្ន ទីផ្សារក្រូចពោធិ៍សាត់ធម្មជាតិមិនមានសញ្ញាធ្លាក់ចុះនោះទេ ដោយនៅតែមានការបញ្ជាទិញជាបន្តបន្ទាប់ពីអតិថិជន។
ក្រៅពីការប្រមូលផលពីចម្ការរបស់ខ្លួន លោកក៏ដើរតួនាទីជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករដទៃទៀតក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងផ្សារទំនើបនានា។ ការធ្វើអាជីវកម្មបែបនេះ មិនត្រឹមតែធានាបាននូវការផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពចំណូលមានស្ថិរភាពដល់កសិករដាំក្រូចក្នុងតំបន់ផងដែរ។
លោក ខែម ឡៃស៊ីម បានលើកឡើងថា ក្រូចពោធិ៍សាត់ធម្មជាតិ មានរសជាតិជូរអែមឆ្ងាញ់ ក្លិនឈ្ងុយពិសេស និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិភោគ។ រដូវប្រមូលផលចាប់ផ្តើមពីខែមិថុនា និងបន្តរហូតដល់ខែធ្នូ។ ចំពោះការដាំដុះ លោកបញ្ជាក់ថា ដើមក្រូចភាគច្រើនមិនចាំបាច់ប្រើជីច្រើននោះទេ ដោយសារដីនៅតំបន់នេះមានជីជាតិល្អ ខណៈការបាញ់ថ្នាំការពារសត្វល្អិតធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងមួយរដូវដាំដុះ។
ដោយសារគុណភាព រសជាតិ និងការគាំទ្រខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស លោក ខែម ឡៃស៊ីម បានបង្ហាញក្តីរំពឹងថា ក្រូចពោធិ៍សាត់នឹងទទួលបាន ម៉ាកសម្គាល់សមូហភាព នាពេលខាងមុខ។ លោកជឿជាក់ថា ការមានម៉ាកសម្គាល់ផ្លូវការនេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះក្រូចពោធិ៍សាត់ បង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ ការពារអត្តសញ្ញាណផលិតផលក្នុងស្រុក និងពង្រីកឱកាសទីផ្សារឱ្យកាន់តែទូលំទូលាយ៕








