ដោយ ឡុង សារេត
ភ្នំពេញ៖ តម្លៃគោក្នុងស្រុកដល់ខែកក្កដាឆ្នាំ២០២៦នេះបានកំពុងមានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ បើប្រៀបធៀបកាលពីដើមឆ្នាំ។
លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោធំមួយ នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សព្វថ្ងៃនេះការដើរប្រមូលទិញគោសំបកមកបំប៉នយកសាច់លក់ចេញទៅវិញ វាមិនពិបាកនោះទេ ព្រោះគោនាំចូលមកពីខាងក្រៅមានច្រើន។ តែបើនិយាយពីគោខ្មែរ ឬគោពូជក្នុងស្រុក គឺមានការពិបាកនៅពេលអនាគត ប្រសិនបើកសិករក្នុងស្រុកមិនពង្រឹងការចិញ្ចឹមមេគោយកកូនឡើងវិញទេ វាអាចដាច់ពូជគោខ្មែរ។
បើតាមលោក ហួត លាង, គោក្នុងស្រុកលក់បានតម្លៃខ្ពស់ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះមកវិញ ដោយសារឈ្មួញដើរប្រមូលទិញតែគោ ពូជនាំចូលមកពីខាងក្រៅ ជាងគោចិញ្ចឹមដោយកសិករក្នុងស្រុក។
លោកបន្តថា “សម្រាប់កសិដ្ឋានខ្ញុំ ប្រមូលទិញគោសំបកជាប្រភេទគោពូជក្នុងស្រុក ហើយកាលពីប៉ុន្មានខែដើមឆ្នាំ មួយគីឡូគោរស់ថ្លៃ១២ ៥០០រៀលទៅ ១៣ ០០០រៀល។ តែចូលមកដល់ខែកក្កដានេះ បានធ្លាក់ថ្លៃនៅត្រឹម១១ ០០០រៀល”។
ចំណែកលោក ចៅ មឹងឈីង ម្ចាស់កសិដ្ឋានប្រមូលទិញគោសំបកយកមកបំប៉ននៅភូមិអន្លុងរុន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីដើមឆ្នាំ កសិដ្ឋានរបស់លោកបានប្រមូលទិញគោពីកសិករនៅក្នុងតំបន់មានប្រមាណ១០០ក្បាល។ សម្រាប់តម្លៃគោរស់មួយគីឡូថ្លៃ១០ ៥០០រៀល តែបើប្រៀបធៀបកាលពីមុន អាចទិញក្នុងតម្លៃតែ៨ ០០០ ទៅ៩ ០០០រៀលប៉ុណ្ណោះ។
ស្របពេលគោសំបក ពិបារកទិញយកមកបំប៉ន លោក ចៅ មឹងឈីង បានលើកទឹកចិត្តឱ្យកសិករគួរចិញ្ចឹមគោខ្លះៗឡើងវិញ នៅតាមគ្រួសារ ដោយសារតម្លៃនៅលើទីផ្សារហាក់មានភាពល្អប្រសើរជាងពេលពេលមុនៗ។ បើកសិករមិនចាប់ផ្តើមចិញ្ចឹមឡើងវិញទេ វាជាការខាតបង់សម្រាប់កសិករ។
សូមជម្រាបជូនថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ កសិដ្ឋានចិញ្ចឹមគោរបស់លោក ហួត លាង មានគោសរុបប្រមាណ១ ៣០០ក្បាល ក្នុងនោះគោមេមាន៨០០ក្បាល និងគោសាច់មានប្រហែល៥០០ក្បាល៕










