កម្ពុជាកំពុងពង្រឹងការវាស់វែងឧស្ម័នមេតាន ដើម្បីជំរុញវិស័យស្រូវបញ្ចេញកាបូនទាប

photo_2026-07-17_08-31-25

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងពង្រឹងសមត្ថភាពក្នុងការវាស់វែង និងប្រមូលទិន្នន័យការបំភាយឧស្ម័នមេតានពីការដាំស្រូវ ដើម្បីគាំទ្រដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជំរុញវិស័យស្រូវឱ្យឈានទៅរកផលិតកម្ម ដែលមានការបំភាយកាបូនទាប។

ប្រទេសកម្ពុជាបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន២០ភាគរយ នៅឆ្នាំ២០៣០ និង៥០ភាគរយ នៅឆ្នាំ២០៥០ ព្រមទាំងបង្កើតទិន្នន័យ ដែលជាគន្លឹះសម្រាប់រៀបចំវិធានការកាត់បន្ថយការបំភាយឧស្ម័នប្រកបដោយប្រសិទ្ធភាព។

វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (International Rice Research Institute) សហការជាមួយវិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍកត្តាបំភាយឧស្ម័នមេតានជាក់លាក់តាមប្រទេសសម្រាប់ផលិតកម្មស្រូវ។

កម្មវិធីនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ មន្ត្រីរាជការ និងអ្នកជំនាញបច្ចេកទេសកម្ពុជា ដើម្បីពង្រឹងជំនាញក្នុងការវាស់វែង និងវិភាគការបំភាយឧស្ម័នពីវាលស្រែ ដោយប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រ និងឧបករណ៍តាមស្តង់ដារ។

ក្នុងការបណ្តុះបណ្តាលនេះ អ្នកចូលរួមបានសិក្សាអំពីដំណើរការវាស់វែងឧស្ម័នមេតាន ចាប់ពីការជ្រើសរើសទីតាំងសិក្សា ការដំឡើងឧបករណ៍ប្រមូលសំណាក ការវិភាគឧស្ម័នក្នុងមន្ទីរពិសោធន៍ រហូតដល់ការគណនាបរិមាណការបំភាយ។

ការសិក្សាផ្ទាល់នៅទីវាលត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការបង្កើនសមត្ថភាពអ្នកជំនាញក្នុងការប្រមូលទិន្នន័យពីប្រព័ន្ធផលិតកម្មស្រូវពិតប្រាកដនៅកម្ពុជា។

តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការបណ្តុះបណ្តាលនេះនឹងជួយឱ្យប្រទេសកម្ពុជាអាចសិក្សាអំពីការបំភាយឧស្ម័នមេតានដោយខ្លួនឯង តាមវិធីសាស្ត្រកម្រិតទី២ ដែលផ្អែកលើទិន្នន័យក្នុងស្រុក និងមានភាពត្រឹមត្រូវជាងមុន។

ជាមួយគ្នានេះ ការមានទិន្នន័យច្បាស់លាស់អំពីការបំភាយឧស្ម័នមេតាន ក៏អាចជួយកម្ពុជាកំណត់វិធានការកាត់បន្ថយការបំភាយដែលសមស្រប ដូចជាការគ្រប់គ្រងទឹកក្នុងស្រែឱ្យមានប្រសិទ្ធភាព និងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃតាមអាកាសធាតុ។

វិស័យស្រូវមានសារៈសំខាន់ខ្លាំងសម្រាប់កសិករកម្ពុជារាប់លាននាក់ និងជាមូលដ្ឋានគ្រឹះសម្រាប់សន្តិសុខស្បៀងជាតិ។ ប៉ុន្តែវិស័យនេះក៏កំពុងប្រឈមនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា ភាពមិនទៀងទាត់នៃទឹកភ្លៀង ការខ្វះទឹកស្រោចស្រព និងការកើនឡើងសីតុណ្ហភាព។

វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍពូជស្រូវ ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាផលិតកម្ម ដែលអាចកាត់បន្ថយការបំភាយឧស្ម័ន។

អ្នកជំនាញចាត់ទុកថា ការបង្កើតទិន្នន័យឧស្ម័នមេតានជាក់លាក់សម្រាប់កម្ពុជានឹងមិនត្រឹមតែជួយប្រទេសសម្រេចគោលដៅអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលើកកម្ពស់ភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា នៅទីផ្សារអន្តរជាតិ ដែលកាន់តែផ្តោតលើផលិតផលកសិកម្មបៃតង និងមាននិរន្តរភាព។

គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រពីមជ្ឈមណ្ឌលមេតានសកល  (Global Methane Hub) និងមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ ដើម្បីជួយប្រទេសកម្ពុជាអាចកសាងវិស័យស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ និងបញ្ចេញឧស្ម័នតិច៕


748746502_1326284336292225_373157364277607612_n
សហគមន៍កសិកម្មតាសីសាមគ្គីបង្រៀនជនភៀសសឹក អំពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់

ដោយ ហៃ ស៊ីណា បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលរយពេលមួយថ្ងៃ ស្តីពីការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ជូនដល់សិក្ខាកាមជាជនភៀសសឹកចំនួន២៦នាក់ មកពីភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការផ្ដួចផ្ដើម និងការគាំទ្រដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និដោយសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង និងជំនាញច្បាស់លាស់ដល់ជនភៀសសឹក ក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់បែបទំនើប ដើម្បីបង្កើនផលិតភាព គុណភាព និងប្រាក់ចំណូលគ្រួសារ។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានរបស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង, លោក នាក់ វិជ្ជរៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល, លោក លុក គឹមលាន អភិបាលរង នៃគណៈអភិបាលស្រុកគូលែន តំណាងរដ្ឋបាលខេត្តព្រះវិហារ, លោក រស់ សេងហាក់ និងលោក កេង […]

69e2759225e50.image
បាតុភូតធម្មជាតិនៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាម៉េរិក បំផ្លាញផ្លែឈើគិតជាទឹកប្រាក់១៥លានដុល្លារ

រដ្ឋខូឡូរ៉ាដូ៖  ការធ្លាក់ទឹកសន្សើមកកពេញមួយយប់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានធ្វើឱ្យអ្នកដាំដំណាំហូបផ្លែជាច្រើននៅក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) គ្មានផ្លែឈើសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅឆ្នាំ២០២៦នេះឡើយ បន្ទាប់ពីសីតុណ្ហភាពធ្លាក់ចុះត្រជាក់ដល់កម្រិតទាបបំផុត កំឡុងពេលផ្លែឈើកំពុងតែលូតលាស់។ កសិករអាម៉េរិកម្នាក់ បាននិយាយថា ផ្លែឈើរី ផ្លែព្រូន  ផ្លែប៉េស ផ្លែសារី ផ្លែអាព្រីខុត និងផ្លែប៉ោម ត្រូវខូចទាំងអស់នៅក្នុងចម្ការរបស់លោកមានផ្ទៃដីទំហំង៥៧ហិកតា។ ទឹកសន្សើមកកនេះបានកើតឡើងបន្ទាប់ពីរដូវផ្ការីកមានសីតុណ្ហភាពក្តៅខុសពីធម្មតា ដែលធ្វើឱ្យផ្លែឈើកំពុងតែធំលូតលាស់បានខូចអស់។ កសិករភាគច្រើននៅក្នុងតំបន់បានរាយការណ៍ថា ផ្លែឈើរបស់ខ្លួនត្រូវខូចទាំងអស់គ្មានសល់។ ទោះបីជាមិនអាចប្រមូលផលក៏ដោយ ចម្ការនៅតែត្រូវការប្រព័ន្ធធារាសាស្រ្ត ត្រូវការជី ត្រូវការកាប់ចោល និងការគ្រប់គ្រងសត្វល្អិត។ អ្នកដាំក៏កំពុងព្យាយាមរក្សារុកកម្មករជំនាញ និងរក្សាទំនាក់ទំនងជាមួយអ្នកទិញលក់ដុំ។ ការខាតបង់នេះក៏បានជះឥទ្ធិពលដល់កម្លាំងពលកម្មតាមរដូវកាល ប៉ះពាល់ដល់រោងចក្រវេចខ្ចប់ និងអាជីវកម្មផ្សេងទៀត ដែលទាក់ទងនឹងវិស័យផ្លែឈើ។ ការធានារ៉ាប់រងដំណាំត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់តែផ្នែកមួយនៃការខាតបង់របស់កសិករប៉ុណ្ណោះ។ កសិដ្ឋានមួយចំនួនកំពុងពឹងផ្អែកលើអាជីវកម្មដាំដំណាំចម្រុះ រួមមានផលិតផលមានតម្លៃបន្ថែម កសិកម្ម ភោជនីយដ្ឋាន និងផលិតកម្មប្រើផ្លែឈើ។ ចំណែកកសិករម្នាក់ទៀត ប៉ាន់ប្រមាណថា ការធ្លាក់សន្សើមកកនេះ បានបណ្តាលឱ្យមានការខាតបង់ផ្នែកកសិកម្មក្នុងទឹកប្រាក់ប្រហែល១៥លានដុល្លារ។ ដោយសារបាតុភូតធម្មជាតិដូច្នេះនេះដែរ កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ អាចបោះបង់ចោលស្រូវសាលីដ៏ច្រើនបំផុត នៅឆ្នាំ២០២៦នេះ បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ចំណែករដូវរងារប្រែជាក្តៅ និងធ្លាក់សន្សើមកកខុសរដូវ បានបំផ្លាញទិន្នផលស្រូវសាលីស្ទើរទាំងស្រុង។ ទោះបីជាវាលស្រូវសាលីជិតដល់ពេលប្រមូលផលក៏ដោយ ក៏ផ្ទៃដីដាំដំណាំស្រូវសាលីជាច្រើនត្រូវស្កកស្ទើរទាំងអស់ដោយសារគ្រោះរាំងស្ងួត […]

99f8f48e-27b2-40bc-ae98-19744cdd738e_86339955
សន្និសីទអន្តរជាតិ ស្តីពីកូតាចាប់ត្រីធូណាខៀវនៅមហាសមុទ្រប៉ាស៊ីហ្វិក មិនទទួលបានកិច្ចព្រមព្រៀងអ្វីឡើយ

ណាហ្គាសាគី៖ សន្និសីទអន្តរជាតិជាបន្តបន្ទាប់ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងចំណែគត្រីធូណាខៀវ នៅមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ចប់នៅទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៦ ដោយមិនបានឯកភាពតាមសំណើរបស់ជប៉ុន ក្នុងការពង្រីកកូតាចាប់ត្រីធំៗ ដោយសារតែការប្រឆាំងរបស់ម៉ិកស៊ិក។ ប្រទេសជប៉ុនបានស្នើឱ្យបង្កើនកូតាចាប់ត្រីធូណាខៀវ ដែលមានទម្ងន់៣០គីឡូក្រាម ឬច្រើនជាងនេះ នៅភាគខាងលិច និងកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកជពី១១ ៨៦៩តោន នាពេលបច្ចុប្បន្ន កើនឡើងដល់១៤ ៨៣៦តោន សម្រាប់ឆ្នាំ២០២៧ និងលើសពីនេះ ដោយកាត់បន្ថយកូតាត្រីតូចៗពី៥ ១២៥តោន មកនៅត្រឹម៤ ៨២៣តោន។ នៅថ្ងៃចុងក្រោយនៃសន្និសីទ ប្រទេសម៉ិកស៊ិកស្រាប់តែអំពាវនាវឱ្យបង្កើនកូតាសម្រាប់ខ្លួនចាប់ត្រីធូណាខៀវ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងប្រឆាំងនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងរបស់ជប៉ុន។ នៅពេលនេះ ប្រទេសជប៉ុននឹងរៀបចំកិច្ចពិភាក្សាម្តងទៀត នៅចុងខែសីហា ឆ្នាំ២០២៦ ស្តីពីកូតាចាប់ត្រីធូណាខៀវ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងខាងលិច ដោយមានការចូលរួមពីគណៈកម្មការអន្តរអាមេរិកត្រូពិច ដែលរួមមានប្រទេសម៉ិកស៊ិក សហរដ្ឋអាម៉េរិក និងគណៈកម្មការគ្រប់គ្រងតំបន់ប៉ាស៊ីហ្វិកខាងកើត។ ទោះបីជាយ៉ាងណាក៏ដោយ ការចរចាដ៏តឹងតែងត្រូវបានគេរំពឹងថា នឹងមិនមានឯកភាពលើកិច្ចព្រមព្រៀងណាមួយឡើយ ដូច្នេះ កូតាបច្ចុប្បន្ននឹងត្រូវទុកឱ្យនៅដដែល។ នៅក្នុងដែនទឹកនេសាទរបស់ប្រទេសជប៉ុន ស្តុកត្រីធូណាខៀវនៅឆ្នាំ២០២៦នេះ បានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនេសាទជប៉ុនមិនបានចាប់ត្រីឱ្យលើសពីកូតាកំណត់ ដោយបង្ខំចិត្តដោះលែងត្រីមួយចំនួន ចូលទៅក្នុងសមុទ្រវិញ និងផ្អាកការនេសាទរបស់ខ្លួន […]

photo_2025-08-03_17-28-13
ម្ចាស់កសិដ្ឋានខ្មែររីករាយប្រាប់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សា

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរំលឹកប្រាប់ដល់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ ជាពិសេស​ ការរៀបចំវ៉ាក់សាំងការពារជំងឺ​​ផ្តាសសាយបក្សី វ៉ាក់សាំងអាសន្នរោគ និងវ៉ាក់សាំងជំងឺប៉េស ដែលជាប្រភពជំងឺឆ្លងផងដែរ។​​ លោក សៀវ វិសុទ្ធ  បានពន្យល់ថា នៅឆ្នាំ២០២៦នេះ លោកមានវិធានការការពារមុនកុំឲ្យសត្វងាប់ ​និងឈឺ ដែលកសិករមិនត្រូវពឹងលើមន្រ្តីបសុពេទ្យទាំងស្រុងនោះទេ ត្រូវមានផ្នែកការសង្រ្គោះបឋមខ្លះ ហើយតាមដានសត្វចិញ្ចឹមឲ្យទៀងទាត់ជាប្រចាំ ទើបមិនមានហានិភ័យកើតឡើងចំពោះសត្វចិញ្ចឹម ជាពិសេសសត្វទាតែម្តង​។ លោកបាន​​ពន្យល់ថា តាមបទពិសោធន៍លោក​បាន​​ដានសុខភាពសត្វ និងផ្តោតលើការប្រើ​ប្រាស់​វ៉ាក់សាំងឲ្យបាន​​ត្រឹមត្រូវលើសត្វទា គឺជាការងារសំខាន់​បំផុត។​ ជាក់ស្តែងកសិដ្ឋានលោក​​​ស្ទីរតែគ្មានទាងាប់​ ដោយសារតែមានពេទ្យសត្វប្រចាំការថែទាំសត្វទាជានិច្ច ដូចជាការប្រើ​ប្រាស់ចំណី និងការដាក់ចំណីឲ្យមានត្រឹមត្រូវ និងមានអនាម័យល្អផងដែរ។​​​​ ម្ចាស់កសិដ្ឋានខាងលើបានបញ្ជាក់ដែរថា ដំបូងឡើយលោកគ្រាន់តែជាអាជីវករលក់ពងទារាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថា កសិករចិញ្ចឹមទាយកពងពីមួយឆ្នាំទៅមួយឆ្នាំតែងតែជួប​បញ្ហាប្រឈមរឿងតម្លៃ ​និងខ្វះខាតក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារ ទើបលោកសម្រេចចិត្តសាកល្បងបើកដំណើរកសិដ្ឋានចិញ្ចឹមទាយកពងចំនួនពីរទីតាំងនេះឡើង។ បន្ថែមពីនេះ លោក សៀវ វិសុទ្ធ  បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកពងរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយ​ការរីកចម្រើន​លើការចិញ្ចឹមសត្វនេះ​​ គឺមិន​ភ្លេចទេពីការជួយជ្រោមជ្រែងដ៏សំខាន់​បំផុត ពីធនាគារ ARDBជួយដល់កសិករ​ឲ្យ​មានការរីកចម្រើន​។ កម្លាំងការប្រើប្រាស់ស៊ុតក្នុងប្រទេស​​​កម្ពុជា បច្ចុប្បន្នក្នុងរង្វង់ចំនួន​៩លាន […]

កាលវិភាគផ្សព្វផ្សាយ