ដោយ ឡុង សារេត
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញការលើកទឹកចិត្តដល់កសិករ ដែលប្រកបមុខរបរចិញ្ចឹមគោ តាមបែបសមាជីវោ ឬតាមបែបបុរាណ ឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតងាកមកចិញ្ចឹមគោធ្វើពាណិជ្ជកម្ម ដើម្បីបានប្រាក់ចំណេញ ជួយឱ្យគ្រួសារមានជីវភាពល្អប្រសើរ។
ថ្លៃងនៅក្នុងសិក្ខាសាលា “បទបង្ហាញ ស្តីពីកម្មវិធីត្រីភាគី ការចិញ្ចឹមគោក្រោមឥណទានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា ”កាលពីថ្មីៗនេះ លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការជួបជុំជាមួយអ្នកចិញ្ចឹមគោ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃនេះ គឺការពិភាក្សាអំពីការចិញ្ចឹមគោ ដើម្បីធ្វើពាណិជ្ជកម្ម , ចិញ្ចឹមគោ ដើម្បីរកបានផលចំំណេញ, ចិញ្ចឹមគោ ដើម្បីឱ្យជីវភាពរស់នៅមានភាពងាយស្រួល និងល្អជាងមុន។
លោកបណ្ឌិតបន្តទៀតថា អ្នកចូលរួមត្រូវមានគំនិតចិញ្ចឹមគោដើម្បីធ្វើពាណិជ្ជកម្ម មិនត្រូវចិញ្ចឹមគោដូចសម័យពីដើមទៀតទេ។ ចិញ្ចឹមគោ ដើម្បីលក់សាច់ ដែលមានគុណភាព ព្រោះប្រជាពលរដ្ឋក្នុងស្រុកសព្វថ្ងៃ មានជីវភាពល្អប្រសើរជាងមុន ទាមទារការបរិភោគសាច់គោមានគុណភាព ហើយឆ្ងាញ់។ ដូច្នេះ ត្រូវចិញ្ចឹមគោ ដើម្បីលក់យកសាច់ ដែលមានគុណភាព ត្រូវតាមតម្រូវការទីផ្សារ ឬត្រូវតាមអ្នកបរិភោគ ។
ទន្ទឹមនិងការជំរុញលើកទឹកចិត្ត ឱ្យអ្នកចិញ្ចឹមគោមានផ្នត់គំនិតចិញ្ចឹមគោ ដើម្បីធ្វើពាណិជ្ជកម្ម ទទួលបានប្រាក់ចំណេញ , លោកបណ្ឌិត កៅ ថាច ក៏បានជំរុញឱ្យអ្នកចិញ្ចឹមគោ ត្រូវចាប់អារម្មណ៍ឱ្យបានខ្លាំងទៅលើចំណី ព្រោះការចំណាយថ្លៃដើម ផលិតទៅលើចំណីនេះមានប្រហែល៧០ភាគរយ ហើយបើកសិករអាចគ្រប់គ្រងការចំណាយលើថ្លៃចំណីនេះ មានន័យថា កសិករអាចទទួលបានប្រាក់ចំណេញ។ លើសពីនេះត្រូវចេះគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោឱ្យបានល្អ ចេះកត់ត្រាចំណីគោ ចេះថែទាំសត្វគោ និងត្រូវចេះចាក់វាក់សាំងគោជាប្រចាំ តាមពេលវេលាជាក់ស្តែង៕
















