តូក្យូ៖ អ្នកនេសាទនៅប្រទេសជប៉ុន បានរាយការណ៍ពីការកើនឡើងខុសពីធម្មតានៃចំនួនត្រីធូណាខៀវ (bluefin tuna) ដែលធ្លាប់រងគ្រោះជិតផុតពូជ នៅក្នុងដែនទឹកនៅឆ្នាំនេះ ដែលអ្នកជំនាញនិយាយថា អាចបណ្តាលមកពីការផ្លាស់ប្តូរទម្រង់ធ្វើចំណាកស្រុកបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
កាលពីខែឧសភា ឆ្នាំ២០២៦ អ្នកនេសាទជប៉ុនបានកត់សម្គាល់ឃើញថា ពួកគាត់ចាប់បានត្រីធូណាព្រុយខៀវយ៉ាងច្រើន នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងនៃកោះហុកកៃដូរបស់ប្រទេសជប៉ុន។
ត្រីធូណាខៀវដ៏មានតម្លៃសម្រាប់ធ្វើម្ហូបស៊ូស៊ីរបស់ជប៉ុន បានចូលកកកុញពេញសំណាញ់ ប៉ុន្តែអ្នកនេសាទជប៉ុនលែងពួកវាទៅវិញ ព្រោះច្រើនលើសតម្រូវការ។
ប្រទេសជប៉ុនមានកូតាចាប់ត្រីធូណាខៀវប្រចាំឆ្នាំ ហើយប្រសិនបើអ្នកនេសាទជប៉ុនហ៊ានរក្សាទុកត្រីនេសាទបានទាំងអស់នោះ ពួកគាត់នឹងមិនមានកូតានៅសល់សម្រាប់នេសាទត្រីធូណានៅរដូវត្រជាក់បានទៀតឡើយ ជាពិសេសនៅពេលត្រីធូណាពណ៌ខៀវសម្បូរជាតិខ្លាញ់ មានរសជាតិធាត់ និងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។
អ្នកនេសាទម្នាក់បាននិយាយថា វាពិតជាគួរឱ្យស្តាយណាស់ ដែលត្រូវបង្ខំចិត្តដោះលែងត្រីធូណាខៀវពីក្នុងសំណាញ់ទៅវិញ។
ក្រុមអ្នកជំនាញផ្នែកធនធានជលផលសមុទ្ររបស់ប្រទេសជប៉ុន បានពណ៌នាថា មូលហេតុអ្នកនេសាទជប៉ុនអាចចាប់ត្រីធូណាខៀវបានច្រើន ដោយការប្រែប្រួលអាកាសធាតុ ជាពិសេស បាតុភូតអែលនីញ៉ូ បានធ្វើឱ្យទម្រង់ទឹកសមុទ្រប្រែប្រួលឡើងកម្ដៅនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះទើបហ្វូងត្រីធូណាខៀវទាំងនេះផ្លាស់ទីទៅរកតំបន់មានទឹកត្រជាក់ ដូចជានៅភាគខាងជើងប្រទេសជប៉ុនជាដើម។
បាតុភូតអែលនីញ៉ូផ្លាស់ប្តូរចរន្តទឹកក្នុងមហាសមុទ្រ និងធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកខាងលិចកក់ក្តៅ ដោយផ្លាស់ប្តូរផ្លូវចំណាកស្រុក និងជំរុញឱ្យត្រីធូណាខៀវក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សម្រុកចូលទៅក្នុងដែនទឹកជប៉ុន។ ដូច្នេះបង្កឱ្យមានត្រីធូណាយ៉ាងច្រើនកកកុញ ដែលមិននឹកស្មានដល់នៅក្នុងដែនទឹកជប៉ុន។
ស្របពេលបាតុភូតអែលនីញ៉ូដ៏ខ្លាំង នៅឆ្នាំ២០២៦នេះ បានផ្លាស់ប្តូរលំនាំធ្វើចំណាកស្រុកសម្រាប់ត្រីធូណាខៀវដ៏ច្រើនពីមហាសមុទ្រប៉ាស៊ីហ្វិកឱ្យចូលទៅក្នុងដែនជប៉ុនកក៏ដោយ ក៏អ្នកនេសាទជប៉ុនមិនអាចចាប់ត្រីដ៏មានតម្លៃនេះលើសកម្រិតកំណត់នៃកូតាអន្តរជាតិបានឡើយ។
ប្រព័ន្ធកូតាអន្តរជាតិ ដែលមានតាំងពីឆ្នាំ២០១៥ មានន័យថា នៅឆ្នាំ២០២៦នេះ ប្រទេសជអាចចាប់ត្រីធូណាខៀវ ត្រឹមបរិមាណមិនលើស៨ ៤២១តោន នីក្នុងដែនទឹកភាគខាងលិច និងភាគកណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលលាតសន្ធឹងភាគខាងត្បូងនៃប្រទេសនូវែលសេឡង់ និងគ្របដណ្ដប់លើផ្ទៃដីប្រមាណមួយភាគប្រាំនៃផ្ទៃដីពិភពលោក។
ទោះបីកូតាចាប់ត្រីធូណាខៀវរបស់ជប៉ុនត្រូវបានដំឡើង៥០ភាគរយ ចាប់ពីឆ្នាំ២០២៤ក៏ដោយ សម្រាប់ឆ្នាំ២០២៦នេះ អ្នកនេសាទជប៉ុនជាច្រើនជិតឈានដល់កូតាកំណត់ហើយ។ ដូច្នេះ ប្រសិនបើពួកអ្នកនេសាទមិនលែងទៅវិញខ្លះ កូតាពួកគេនឹងអស់ក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមទិន្នន័យពីទីភ្នាក់ងារជលផល បានបង្ហាញថា កាលពីខែមេសា ឆ្នាំ២០២៦ ត្រីធូណាខៀវធំៗ ត្រូវអ្នកនេសាទជប៉ុនបានតាមឆ្នេរសមុទ្ររបស់ខ្លួន ដោយកើនឡើងជិតពីរដង បើធៀបនឹងឆ្នាំ២០២៥។
ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសជប៉ុនកំពុងស្នើឱ្យមានការកែសម្រួលកូតានេសាទត្រីធូណាខៀវធំៗ នៅតំបន់សមុទ្រប៉ាស៊ីហ្វិភាគខាងលិច និងភាគកណ្តាល ដោយសុំដំឡើង២៥ភាគរយទៀត សម្រាប់ឆ្នាំ២០២៧។ ក្នុងពេលជាមួយគ្នានេះដែរ សំណើនេះនឹងកាត់បន្ថយប្រាក់ឧបត្ថម្ភប្រាំរយភាគរយ សម្រាប់ការនេសាទត្រីធូណាខៀវទម្ងន់តិចជាង៣០គីឡូក្រាម ដែលទីភ្នាក់ងារជលផលរបស់ប្រទេសជប៉ុន បាននិយាយថា គឺជាវិធានការ ដើម្បីការពារកំណើតសម្រាប់បង្កាត់ពូជ។
ក្រុមការងារនៃអង្គការទទួលបន្ទុកគ្រប់គ្រងស្តុកត្រីផ្លាស់ទីក្នុងតំបន់ រួមជាមួយគណៈកម្មការជលផលប៉ាស៊ីហ្វិកខាងលិច និងកណ្តាល បានចាប់ផ្តើមប្រជុំនៅទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីកែសម្រួលកូតាសម្រាប់រយៈពេលពីរឆ្នាំខាងមុខ៕ (ផាន់ អាណា)














