បាសេឡូណា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដោយសារកត្តាមនុស្ស កំពុងបង្កើនអាំងតង់ស៊ីតេ មានរយៈប្រវែង និងកាន់តែញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជារលកកម្ដៅជាដើម។
ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ បាននិយាយថា ទីក្រុងបាសេឡូណាមានសីតុណ្ហភាពអតិបរមា៤០,៥អង្សាសេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាកម្តៅខ្ពស់បំផុតក្នុងកំណត់ត្រា១១២ឆ្នាំកន្លងមក ខណៈពេលរលកកម្ដៅមួយទៀត បានវាយប្រហារមកលើប្រទេសអេស្ប៉ាញ។
អ្នកឃ្លាំមើលអាកាសធាតុក្នុងតំបន់ បាននិយាយថា សីតុណ្ហភាពនៅជាយក្រុងបាសេឡូណាភាគខាងលិច បានបំបែកកំណត់ត្រា៤០អង្សាសេ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បាននិយាយថា នៅអាកាសយានដ្ឋាន អែលប្រាត (El Prat) របស់ទីក្រុងបាសេឡូណា ដែលនៅលើផ្ទៃរាបស្ទើរតែមានកម្រិតស្មើទឹកសមុទ្រ និងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ សីតុណ្ហភាពមានកម្ដៅរហូតដល់៣៧,៧អង្សាសេ ដែលជាកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រា តាំងពីឆ្នាំ១៩២៤។
អ្នកនាំពាក្យទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុងបាសេឡូណា បានកត់ត្រាថ្ងៃក្តៅបំផុត ដោយនិយាយថា ស្ថានីយ៍ព្យាករណ៍អាសកាសធាតុអេស្ប៉ាញ តាមដានសីតុណ្ហភាពនៅទីក្រុងបាសេលូណាជាប់ជានិច្ច។
រលកកម្ដៅ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកក្កដា បានបន្តក្ដៅរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយស្ថានីយអាកាសធាតុមួយចំនួនបានកត់ត្រាសីតុណ្ហភាព បានឡើងលើសពី៤៤អង្សាសេ ក្នុងសប្តាហ៍នេះ។
ទីភ្នាក់ងារអាកាសធាតុជាតិរបស់អេស្ប៉ាញ បានចេញការព្រមានពណ៌ក្រហមខ្ពស់បំផុត ដល់ភាគខាងត្បូង និងភាគឦសាន រួមទាំងទីក្រុងបាសេឡូណាផងដែរ។
រលកកម្ដៅដ៏ចម្លែកមួយ ដែលបានគ្របដណ្តប់ភាគច្រើននៃទ្វីបអឺរ៉ុបនៅចុងខែមិថុនា ឆ្នាំ២០២៦នេះ បានធ្វើឱ្យប្រទេសអេស្ប៉ាញ ទទួលរងនូវសីតុណ្ហភាពប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់ខែកក្កដានេះ ដែលចាប់តាំងពីឆ្នាំ១៩៥០រហូតមក នៅសីតុណ្ហភាពខ្ពស់បំផុតត្រឹមតែ២៨,១៧អង្សាសេប៉ុណ្ណោះ។
យោងតាមការប៉ាន់ប្រមាណ ពីប្រព័ន្ធតាមដានអាកាសធាតុ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សស្លាប់ជាង១ ០០០នាក់ ដោយសាររលកកម្ដៅនេះ។ ប៉ុន្តែ បើយោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររលកកម្តៅមានជាង៤ ០០០នាក់ ហើយបានអំពាវនាវឱ្យអឺរ៉ុបចាត់វិធានការទប់ស្កាត់ ព្រោះរលកកម្ដៅខ្លាំង បានគេព្យាករណ៍ថា នឹងបន្តធ្វើឱ្យសីតុណ្ហភាពខ្ពស់ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
រលកកម្ដៅថ្មីមួយកំពុងកើតឡើងនៅលើមហាសមុទ្រអាត្លង់ទិក។ ប្រទេសព័រទុយហ្គាល់ និងភាគខាងត្បូង ប្រទេសអេស្ប៉ាញ ត្រូវបានគេព្យាករណ៍ថា នឹងមានសីតុណ្ហភាពខ្ពស់ដល់៤៣អង្សាសេ នៅសប្តាហ៍នេះ ខណៈពេលប្រទេសបារាំង កំពុងប្រឈមមុខនឹងរលកកម្តៅថ្មីមួយផងដែរ។ ចំណែកតំបន់មួយចំនួន នៅទ្វីបអាស៊ីកណ្តាលកំពុងជួបប្រទះនឹងសីតុណ្ហភាពប្រហែល៤០អង្សាសេ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមអង្គការសុខភាពពិភពលោក អឺរ៉ុបមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមមុខនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរទាំងនេះនៅឡើយទេ។
យោងតាមនាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអឺរ៉ុប មានប្រទេសជិតពាក់កណ្តាលនៅក្នុងតំបន់នេះ បានបង្កើតផែនការសកម្មភាពជាតិ ស្តីពីការការពារសុខភាពចំពោះរលកកម្ដៅ ដែលជាក្របខ័ណ្ឌណែនាំដោយអង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយហានិភ័យផ្នែកសុខភាពពីសីតុណ្ហភាពខ្លាំង។
លោកបានមានប្រសាសន៍ថា ប្រទេសនីមួយៗត្រូវបង្កើតផែនការឆ្លើយតបដ៏ទូលំទូលាយក្នុងពេលឆាប់ៗនេះ រួមទាំងប្រព័ន្ធព្រមានជាមុនផ្នែកឧតុនិយម យន្តការជួយក្រុមងាយរងគ្រោះ និងការសម្របសម្រួលក្នុងចំណោមទីភ្នាក់ងារសុខភាព សុខភាពការងារ ការថែទាំសង្គម លំនៅដ្ឋាន និងផែនការទីក្រុង៕ (ផាន់ អាណា)










