ដោយ ឡុង សារេត
ខេត្តបាត់ដំបង៖ កសិករដាំដំណាំមៀន និងស្វាយ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភចំពោះទិន្នផលដំណាំអាចធ្លាក់ចុះទាបជាងបណ្តាឆ្នាំកន្លងមក ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ។
លោក ឈឹម វិរៈ កសិករដាំមៀន និងស្វាយនៅភូមិថ្មព្រោះ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់ដំណាំមៀនរងផលប៉ះពាល់ប្រហែល៧០ភាគរយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ ដែលជាហេតុអាចនឹងធ្វើឱ្យការប្រមូលផលនៅពាក់កណ្តាលខែកក្កដានេះធ្លាក់ចុះ។
គិតត្រឹមឆ្នាំ២០២៦នេះ លោក ឈឹម វិរៈ បាននឹដាំដើមមៀន៣០០ដើម និងស្វាយកែវរមៀតចំនួន៥០០ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ហើយក្នុងឆ្នាំនេះ លោកសង្កេតឃើញអាកាសធាតុមានប្រែប្រួលខុសពីធម្មតា រហូតធ្វើឱ្យប៉ះពាល់ទៅដល់ដំណាំមៀន មានដូចជាប្ញសមៀនមានសភាពពុកផុយ ត្រួយមៀនមានសត្វល្អិតស៊ី ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការចេញផ្កា និងការកាន់ក្តិបមៀន។
មុនរដូវប្រមូលផលផ្លែមៀន ចូលមកដល់នៅពាក់កណ្តាលខែកក្កដានេះ លោក ឈឹម វិរៈហាក់មិនរំពឹងថា ឆ្នាំនេះអាចលក់ផ្លែមៀនបានប្រាក់មកវិញ មិនស្មើនិងការចំណាយថ្លៃដើមផលិតនោះទេ។
ទាក់ទងនិងផលប៉ះពាល់ទៅលើដំណាំមៀនរបស់កសិករខាងលើ បើតាមអ្នកជំនាញផ្នែកសាកវប្បកម្មនៃនាយកដ្ឋាន គាំទ្រគោលនយោបាយរាជរដ្ឋាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសង្កេតឃើញថា កត្តាទី១បញ្ហាឫសពុកបណ្តាលមកពីដីមានសំណើមខ្ពស់ពេកដោយការស្រោចស្រពទឺកលើសកម្រិតបណ្តាលឱ្យកើនឡើងពពួកណេម៉ាតូត (ដង្កូវដី)ស៊ីឫស។ ការប្រើប្រាស់ជីមិនមានតុល្យភាពដូចជាជី NPK ជាពិសេសជីផូស្វ័រដែលជួយដល់ឫស និងផ្សិតជីវសាស្ត្រដូចជា Trichoderma។
កត្តាទី២ ដំណាំមៀនមានសត្វល្អិតជញ្ជក់ស្លឹក ដូចជា ទ្រីប និងមមាចជាដើម។ ដើម្បីជាដំណោះស្រាយសម្រាប់កសិករ ដែលប្រកបការដាំដុះដំណាំមៀននៅក្នុងស្រុក ទាមទារការមើលថែឱ្យបានដិតដល់ ត្រូវបាញ់ថ្នាំការពារពេលមៀនលាស់ត្រួយខ្ចី ពេលចេញផ្កា និងក្រោយកាន់ក្តិប៕












