ដោយ ហៃ ស៊ីណា
បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់ទូរទស្សន៍អនឡាញ ARDB TVនៅថ្ងៃទី៨ ខែកក្កដានេះថា ការកើនឡើងនូវកម្តៅ និងអកាសធាតុក្តៅខ្លាំងចុងក្រោយនេះបង្កមានផលប៉ះពាល់ធំៗចំនួន២ គឺទី១ បន្លែស្លឹកធ្វើឲ្យរលាកចុងសន្លឹក ថយគីឡូ និងទី២ បន្លែផ្លែមិនកាន់ក្តិប និងផ្លែ ដូចជាត្រសក់ ត្រឡាច សណ្តែក ទងរបស់វាស្ទើរតែលូតលាស់មិនបាន។
លោក ណុប នុន ដែលមានបទពិសោធន៍លើវិស័យកសិកម្ម បានពន្យល់ថា កសិករដាំដុះក្នុងផ្ទះសំណាញ់ជួបហានិភ័យតិចល្អជាងការដាំដុះនៅទីវាល ដែលងាយប្រឈមសត្វល្អិតនិចង្រៃ និងអាកាសធាតុ។ ក្រៅពីនេះកសិករអាចរកវិធីងាយៗបាន គឺការដាំចេកព័ទ្ធជុំវិញដំណាំក៏ជាមធ្យោបាល្អ ដើម្បីការពារកុំឲ្យប៉ះពាល់ដល់ដំណាំរបស់កសិករ។
អ្នកជំនាញខាងលើក បានឡើងទៀតថា ជាដំណោះស្រាយ គឺកសិករត្រូវជ្រើសពូជដែលធន់អាកាសធាតុ និងជីកស្រះ ព្រោះពេលមានភ្លៀងអាចរក្សាទឹកបានច្រើន ហើយដំណាំមួយចំនួនរងផលប៉ះពាល់ចន្លោះ៣០ ទៅ៤០ភាគរយ នេះសរុបតែនៅក្នុងតំបន់របស់លោកប៉ុណ្ណោះ។
ដើម្បីចូលរូមទប់ស្តាត់ការខូចខាតផលដំណាំក្នុងស្ថានភាពនេះ លោក ណុប នុន បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន៨ ដូចខាងក្រោម៖
ទី១ ប្រើផ្ទះសំណាញ់ ឬសំណាញ់បាំងពន្លឺប្រើសំណាញ់បាំងពន្លឺ៣០ ទៅ៥០ភាគរយ សម្រាប់បន្លែស្លឹកកាត់បន្ថយកម្ដៅ និងពន្លឺព្រះអាទិត្យផ្ទាល់ រក្សាសំណើម និងការពារខ្យល់ក្តៅ។
ទី២ ប្រើប្រព័ន្ធស្រោចទឹកសន្សំសំចៃ ប្រើប្រព័ន្ធស្រោចទឹកដំណក់ ស្រោចទឹកនៅពេលព្រឹកព្រលឹម ឬល្ងាច ជៀសវាងស្រោចនៅពេលថ្ងៃត្រង់ព្រោះទឹកហួតលឿន។
ទី៣ គ្របដីដោយចំបើង ស្មៅស្ងួត ឬប្លាស្ទិកគ្របដី ដើម្បីជួយរក្សាសំណើម ដោយដាក់ធ្យូងអង្គាម និងកាត់បន្ថយស្មៅព្រៃ។
ទី៤ ជ្រើសរើសពូជធន់នឹងកម្ដៅ ដែលសមស្របនឹងរដូវក្ដៅ ការជ្រើសពូជណាមានរយៈពេលប្រមូលផលខ្លី។
ទី៥ បង្កើនការគ្រប់គ្រងសត្វល្អិត និងជំងឺ ដោយត្រូវត្រួតពិនិត្យដំណាំជាប្រចាំ។ ប្រើអន្ទាក់ពណ៌លឿង ឬខៀវសម្រាប់ទាក់ទាញសត្វល្អិត។ អនុវត្តវិធានការគ្រប់គ្រងសត្វល្អិតចម្រុះ ដើម្បីកាត់បន្ថយការប្រើថ្នាំគីមី។
ទី៦ បង្កើតម្លប់ធម្មជាតិ ដោយដាំដើមចេក ឬដើមឈើជុំវិញចម្ការ ឬប្រើរបាំងខ្យល់ជួយបន្ថយកម្ដៅ និងការហួតទឹកពីដី។
ទី៧ គ្រប់គ្រងជីឱ្យសមស្រប ដោយកុំដាក់ជីអាសូតច្រើនពេក ក្នុងអាកាសធាតុក្តៅ។ បែងចែកការដាក់ជីច្រើនដងក្នុងបរិមាណតិចៗ ដើម្បីឱ្យរុក្ខជាតិស្រូបយកបានល្អ។
ទី៨ តាមដានអាកាសធាតុជាប្រចាំ ដោយការព្យាករណ៍អាកាសធាតុ។ រៀបចំការស្រោចទឹក និងការថែទាំឱ្យសមស្របជាមួយស្ថានភាពកម្ដៅ និងភ្លៀង៕










